ONE Championship
កីឡាជាតិ
ជាតិ
សំ ថារ័ត្ន ជាកីឡាការិនីខ្មែរម្នាក់គត់ដែលបានហាត់ជាមួយស្តេចប្រដាល់អាស៊ី Manny Pacquiao
× អត្ថបទ៖ ស៊ីធី
សំ ថារ័ត្ន ជាកីឡាការិនីម្នាក់របស់កម្ពុជាដែលបានហ្វឹកហាត់ជាមួយកំពូលអ្នកប្រដាល់លំដាប់ពិភពលោក Manny Pacquiao កាលពីខែមករា ឆ្នាំ២០១៩ នៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក ពោលពេលគឺនៅគេហដ្ឋានរបស់ស្ដេចប្រដាល់ហ្វីលីពីនរូបនេះតែម្តង។
កីឡាការិនីវ័យ ២៨ ឆ្នាំបានថ្លែងថា៖«អារម្មណ៍ពេលហ្នឹង ដូចឆ្កួតអីចឹង ដូចគិតថាថតកុនបន្តិច ដូចយល់សប្ដិបន្តិចម៉េចទេ តែពេលវេលាកាលហ្នឹង។ កាលហ្នឹងខ្ញុំទៅជាមួយមិត្តភ័ក្ដិដើម្បីផ្សព្វផ្សាយល្បុក្កតោខ្មែរ នៅ Los Angeles ហើយ មិត្តខ្ញុំឈ្មោះរ៉ូប៊ឺត មានទំនាក់ទំនងជាមួយក្រុមការងារ Manny Pacquiao»។
កីឡាការិនីដែលចូលរួមសម្ដែងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់ផលិតករ Angelina Jolie រូបនេះរៀបរាប់ទៀតថា មិត្តរបស់ខ្លួនមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមការងារ Pac Man ទើបធ្វើឲ្យរូបគេបានចូលទៅកៀក ស្គាល់ផ្ទះ ស្នាក់នៅផ្ទះសេ្ដចប្រដាល់ដដែលនេះបានប្រហែលមួយម៉ោង និង បានហ្វឹកហាត់ជាមួយ Pac Man ទៀតផងទោះរយៈពេលខ្លីក្ដី។
រូប៊ឺត បានប្រាប់ក្រុមការងារ ស្ដេចប្រដាល់ហ្វីលីពីន ថា មានក្មេងស្រីម្នាក់ហាត់ក្បាច់គុនម្នាក់មកពីកម្ពុជាចង់ជួប ហើយ ស្ដេចប្រដាល់រូបនេះក៏យល់ព្រមនាគ្រានោះ។ កីឡាការិនីដែលធ្លាប់ប្រឡូកនៅសង្វៀន ONE បញ្ជាក់បែបនេះ៖«ខ្ញុំបានហ្វឹកហាត់កម្ដៅសាច់ដុំ ហាត់យកកម្លាំងស៊ុហ្វ និង ហាត់រត់ជាមួយគាត់ Pac Man រួមទាំងហាត់កាច់ពោះនៅពេលព្រឹក។ គាត់អ្នកល្បីអីចឹង មានក្រុមការពារសន្តិសុខគាត់តឹងរ៉ឹងណាស់ តែគាត់ផ្ដល់កិត្តិយសឲ្យខ្ញុំណាស់ដែរ ហើយក្រុមគាត់បានដេញខ្ញុំឲ្យទៅរត់ក្បែរគាត់ ទោះគេកៀសអ្នកផ្សេងចេញក៏ដោយ។ អ្វីដែលខ្ញុំចងចាំបំផុត គឺ គាត់បង្ហាត់ខ្ញុំឲ្យវ៉ៃខ្យល់យ៉ាងលឿនសាហាវណាស់ រួមទាំងការវៃស្រមោល ហើយការកាច់ពោះវិញឲ្យខ្ញុំកាច់ពោះឡើងលើសកំណត់...ចង់ក្អួត»។
ដ្បិតមិនបានសន្ទនាច្រើនជាមួយស្ដេចប្រដាល់ហ្វីលីពីន កីឡាការិនីរហស្សនាមថា «Little Frog» បានណែនាំខ្លួនដែរថា ៖«ខ្ញុំជាអ្នកហាត់ក្បាច់គុនល្បុក្កតោខ្មែរ ហើយមកទីនេះដើម្បីផ្សព្វផ្សាយក្បាច់គុននៅអាមេរិក។ គាត់ [Pac Man] ឆ្លើយថា អូ Cambodia Good»។ ទោះមិនបានឆ្លើយឆ្លងច្រើនដោយសារមានអ្នកការពារសុវត្ថិភាពច្រើន និង មនុស្សកកកុញផងនោះ ប៉ុន្តែ សំ ថារ័ត្ន បង្ហើបថាបានប៉ុណ្ណឹងក៏អស់ចិត្តដែរ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតនោះពេលកាច់ពោះរកកល់ចង់ក្អួតអមដោយទឹកមុខរបស់ សំ ថារ័ត្ន អស់កម្លាំងផង តែ Pac Man ក្រឡេកភ្នែកមកប្រាប់ថា «Don't give up ; keep going» ដែលប្រែថាភាសាខ្មែរថា «កុំបោះបង់ សូមបន្តធ្វើវា»។
កូនសិស្សរបស់លោកគ្រូតា សាន គឺមស៊ាន បានសរសើរចំពោះទង្វើយកចិត្តទុកពីសំណាក់ស្ដេចប្រដាល់មកលើរូបខ្លួន ព្រោះថាបើប្រៀបកម្រិតគឺ ដូចមេឃនិងដី។ កម្រិតស្ដេចប្រដាល់ Pac Man កប់ពពក ប៉ុន្តែនៅតែផ្ដល់កិត្តិយសជួយណែនាំការបង្ហាត់ទោះរយៈពេលខ្លី សួរនាំខ្លួនក្នុងចំណោមហ្វូងមនុស្សជាច្រើន និង ទទួលបានការចុះហត្ថលេខាលើហ្គង់ទៀតផ។
គួរដឹងដែរថាស្ដេចប្រដាល់ពិភពលោក និងជា សមាជិកព្រឹទ្ធសភាហ្វីលីពីន Manny Pacquiao បានមកទស្សនកិច្ចផ្លូវការកាលចុងឆ្នាំ ២០១៦ នៅព្រះរាជាណាចក្រកម្ពុជាពេលអមទស្សនកិច្ចផ្លូវរដ្ឋជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពាក់កណ្ដាលខែ ធ្នូ ឆ្នាំ ២០១៦។ ក្នុងនាមស្ថាប័នកំពូល ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជាបានទទួល Pac Man យ៉ាងយកចិត្តទុកដាក់ ហើយ ស្ដេចប្រដាល់នៅអាស៊ីរូបនេះសន្យាមកទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀតក្នុងនាមជាគ្រូបង្វឹក និងជាអ្នកបង្ហាត់បង្ហាញក្បាច់ប្រដាល់ដល់កីឡាករកម្ពុជានៅឆ្នាំ ២០១៧។ ប៉ុន្តែ គម្រោងការនេះត្រូវស្ងប់ស្ងាត់ទៅវិញរហូតដល់ពេលដោយសារតែភាពមមាញឹក៕
© រក្សាសិទ្ធិដោយ thmeythmey.com