កីឡាអន្តរជាតិ
អន្តរជាតិ
៣​គ្រាប់​វាយបក​នាំ Spurs ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League
09, May 2019 , 4:17 am        
រូបភាព
Lucas Moura រកបានបីគ្រាប់វាយបកពីក្រោយនាំ Spurs ឡើងទៅកាន់វគ្គ​ផ្តាច់ព្រ័ត្រ UCL។ រូបថត Tottenham
Lucas Moura រកបានបីគ្រាប់វាយបកពីក្រោយនាំ Spurs ឡើងទៅកាន់វគ្គ​ផ្តាច់ព្រ័ត្រ UCL។ រូបថត Tottenham
ដោយ: ថ្មីៗ
ទីបំផុត Tottenham Hotspur ទទួលបាន​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ដោយ​ត្រូវ​ប៉ះ Liverpool ក្រុម​ពី​អង់គ្លេស​ដូចគ្នា​នៅ​ក្រុង​ម៉ា​ឌ្រី​ត​។ ខ្សែបម្រើ​ស្លាបប្រេស៊ីល Lucas Moura ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ដោយ​គ្រាប់​ទី​បី​សម្រេចបាន​ក្នុង​នាទី​៩៦ ដែល​នាំ​ឲ្យ Spurs មានប្រៀប​លើ​ចំនួន​គ្រាប់​បាល់​ក្រៅ​ដី (Away Goals) លើ Ajax​។ ក្នុងការ​ប្រកួត​នេះ ម្ចាស់ផ្ទះ Ajax ដែល​បានឈ្នះ ១-០ នៅក្រៅ​ដី ក៏បាន​នាំមុខ ២-០ នៅ​តង់​ទីមួយ​ផងដែរ មុន Moura រកបាន​បី​គ្រាប់​ជា​បន្តបន្ទាប់​នៅ​តង់​ទី​ពីរ​។



អត្ថបទទាក់ទង


ការប្រកួត​ដំណើរការបាន​៥​នាទី Matthijs de Ligt ប្រធាន​ក្រុម Ajax ដែលមាន​វ័យ​១៩​ឆ្នាំ បានតែ​តបាល់​បញ្ចូល​ទី​នាំមុខ ១-០ ហើយ​កន្លះ​ម៉ោង​ក្រោយមក Hakim Ziyech បន្ថែម​បាន​មួយ​គ្រាប់​ទៀត ដែល​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ Ajax មាន​ទឹកមាត់​លេប​យ៉ាងខ្លាំង​។​

​គ្រាប់​បាល់​វាយបក​ដំបូង​របស់ Tottenham Hotspur កើតឡើង​នៅ​នាទី​៥៥​ដែល​សម្រេចបាន​ដោយ Lucas Moura ហើយ​៤​នាទី​ក្រោយមក គេ​បាន​បន្ថែម​គ្រាប់​ទី​ពីរ​។ ទីបំផុត ខ្សែបម្រើ​ស្លាប​ប្រេ​ស៊ី​ល​រូបនេះ បាន​ក្លាយជា​វីរបុរស​ប្រចាំការ​ប្រកួត តាមរយៈ​ការរកបាន​គ្រាប់​ទី​បី នៅ​នាទី ទី​៦​នៃ​ពេលវេលា​បន្ថែម (​នាទី​៩៦) ដែល​ជួយ​ឲ្យ​មាន់​ខ្នាយ​មាស​ឡើងទៅ​ជួប Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយ​លទ្ធផល​សរុប​ស្មើ ៣-៣ ដោយ​ពួកគេ​មានប្រៀប​លើ​ចំនួន​គ្រាប់​បាល់​បញ្ចូល​ទី​នៅក្រៅ​ដី​៕

Tag:
 Tottenham Hotspur
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com