អន្តរជាតិ
លទ្ធផល​ផ្លូវការ​៖ ក្ដីសង្ឃឹម​បក្ស​ភឿ​ថៃ​កាន់តែ​ខ្សត់ ឯ​លោក ប្រា​យុទ្ធ សង្ឃឹម​កាន់តែ​ខ្ពស់​
09, May 2019 , 9:52 am        
រូបភាព
មេដឹកនាំបក្សភឿថៃលោកស្រី Sudarat Keyuraphan និងមេបក្សអនាគតឈានមុខលោក  Thanathorn Juangroongruangkit ។ រូបភាព AFP
មេដឹកនាំបក្សភឿថៃលោកស្រី Sudarat Keyuraphan និងមេបក្សអនាគតឈានមុខលោក Thanathorn Juangroongruangkit ។ រូបភាព AFP
​នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែឧសភា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ បានប្រកាស​លទ្ធផល​ផ្លូវការ​ជា​បន្តបន្ទាប់​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា​។ តាម​លទ្ធផល​នេះ សម្ព័ន្ធភាព​គាំទ្រ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​បក្ស​ភឿ​ថៃ បែរជា​ធ្លាក់​ចំនួន​កៅអី​សភា​របស់ខ្លួន ខុសពី​ការ​គន់គូរ​តាម​លទ្ធផល​មិន​ផ្លូវការ ខណៈ​បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​គាំទ្រ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា កើន​កៅអី​សភា និង​កំពុង​ប្រមូល​បក្ស​នានា​ដើម្បី​ត្រៀម​បង្កើត​រដ្ឋាភិបាល​។​

 
​ក្ដីសង្ឃឹម​របស់​សម្ព័ន្ធ​ភាព​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿ​ថៃ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី ហាក់រ​សាត់អណ្តែត​ទៅ​ឆ្ងាយ​ហើយ ក្រោយ​ការប្រកាស​លទ្ធផល​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា​ដោយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថៃ​។ នៅ​ថ្ងៃទី​៧ ខែឧសភា គណៈកម្មការ​នេះ បានប្រកាស​បញ្ជី​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត​តាម​មណ្ឌល​ចំនួន​៣៤៩ រូប ហើយ​នៅ​ថ្ងៃទី​៨ ខែឧសភា បានប្រកាស​ពី​បេក្ខជន​តាម​បញ្ជី​ឈ្មោះ​បក្ស​១៤៩ រូប ខណៈ​ចំនួន​សមាជិកសភា​ទាំងអស់​មាន​ចំនួន​៥០០ ។​
 
​បើតាម​លទ្ធផល​ផ្លូវការ សម្ព័ន្ធភាព​ចម្រុះ​របស់​បក្ស​ភឿ​ថៃ ទទួលបាន​កៅអី​សភា​ចំនួន​២៤៥ ទាប​ជាង​ការប្រកាស​របស់​ពួកគេ​កាលពី​ការបោះឆ្នោត​ភ្លាមៗ​ដែល​រំពឹង​ទទួលបាន​ចំនួន​២៥៥ កៅអី​។ កៅអី​២៤៥ នេះ មិន​គ្រប់គ្រាន់​ដើម្បី​ស្នើ​បេក្ខភាព​នាយករដ្ឋមន្ត្រី និង​ការបង្កើត​រដ្ឋាភិបាល​ឡើយ ដ្បិត​នៅ​អាណត្តិ​នេះ ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ក៏មាន​គិត​បញ្ចូល​សមាជិក​ព្រឹទ្ធសភា​២៥០​ដែល​តែងតាំង​ដោយ​យោធា​។ 
 
៣៧៦ ជា​ចំនួន​កៅអី​ចាំបាច់​បំផុត​សម្រាប់​បក្ស​ភឿ​ថៃ បើ​ចង់​ដឹកនាំ​រដ្ឋាភិបាល ខណៈ​បក្ស​នេះ​តែឯង​ឈ្នះ​កៅអី​សភា​តែ​១៣៦ ប៉ុណ្ណោះ​។ តាម​ស្ថានភាព​បច្ចុប្បន្ន បក្ស​នេះ ត្រូវ​រក​បក្ស​ផ្សេងទៀត​ដើម្បី​បង្កើន​ចំនួន​កៅអី​ក្នុង​សម្ព័ន្ធភាព​របស់ខ្លួន​។ ខណៈ​ភឿ​ថៃ ត្រូវ​ធ្វើការ​ធ្ងន់​នោះ បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​គាំទ្រ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី នឹងមិន​ចាំបាច់​ប្រឹង​ខ្លាំង​ឡើយ ព្រោះ​មាន​សមាជិក​ព្រឹទ្ធសភា​២៥០​ក្នុង​ដៃ​ស្រាប់​ទៅហើយ​។ 
 
​លទ្ធផល​បោះឆ្នោត​ផ្លូវការ​បង្ហាញថា បក្ស​កម្លាំង​ប្រជារាស្ត្រ​ទទួលបាន​កៅអី​ចំនួន​១១៥ ហើយ​បូក​សមាជិក​ព្រឹទ្ធសភា​២៥០​ទៀត មាន​កៅអី​ចំនួន​សរុប​៣៦៥​ទៅហើយ គឺ​នៅ​ខ្វះ​តែ​១១​ទៀត នឹងមាន​សំឡេង​ល្មម​ដើម្បី​ឲ្យ​លោក ប្រា​យុទ្ធ អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​ទៀត​។ វា​មិនមែនជា​រឿង​លំបាក​ឡើយ​សម្រាប់​បក្ស​ក​ម្លាំ​ង​ប្រជារាស្ត្រ​ក្នុងការ​ស្វែងរក​ការគាំទ្រ​ពី​បក្ស​ផ្សេង ដ្បិត​រូបមន្ត​ចែក​កៅអី​សភា ធ្វើ​ឲ្យ​បក្ស​ជាង​២០​ទទួល​កៅអី​សភា​។​
 
​ដូច​រាប់រៀប​ពី​ខាងដើម កៅអី​រដ្ឋសភា​ថៃ​ទាំងអស់​មាន​ចំនួន​៥០០ ។ កៅអី​៣៥០ បែងចែក​ដោយផ្ទាល់​តាម​រយៈ​ការបោះឆ្នោត​តាម​មណ្ឌល និង​១៥០​កៅអី​ទៀត ចែក​តាម​បញ្ជី​ឈ្មោះ​បក្ស ដែល​នេះ​ទើប​ជា​រឿងចម្រូងចម្រាស​។ ក្បួន​ចែក​កៅអី​១៥០​នេះហើយ ដែល​ធ្វើ​ឲ្យ​កៅអី​បក្សនយោបាយ​ក្នុង​សម្ព័ន្ធភាព​ចម្រុះ​របស់​បក្ស​ភឿ​ថៃ​ធ្លាក់ចុះ​យ៉ាង​នឹង​។ 
 
​តាមពិតទៅ ដើម្បី​ទទួលបាន​កៅអី​សភា​មួយ បក្សនយោបាយ​ត្រូវមាន​សំឡេងគាំទ្រ​យ៉ាងហោចណាស់​៧១០០០ សំឡេង​។ ប៉ុន្តែ​រូបមន្ត​បែងចែក​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​ដែល​ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ប្រកាសថា ស្របតាម​រដ្ឋធម្មនុញ្ញ​នោះ បែរជា​ផ្ដល់​កៅអី​ឲ្យ​បក្ស​ដែល​ទទួល​សំឡេង​បាន​ជាង​ចំនួន​ខាងលើ​ទៅវិញ​។ ដោយសារ​ហេតុនេះ បក្ស​តូចៗ​ជាច្រើន​ដែល​គេ​ជឿថា គាំទ្រ​លោក ប្រា​យុទ្ធ ក៏បាន​ទទួលបាន​កៅអី​មួយម្នាក់​ដែរ​៕

Tag:
 ថៃ​
  បក្ស​ភឿ​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com