វៀតណាម​កំពុង​ផលិត​ទូរស័ព្ទ​ទំនើប​ដោយ​ខ្លួនឯង ក្រោយ​ទទួល​ការងារ​ត្រឹម​ជា​កិច្ចសន្យា​ជាច្រើន​ទសវត្សរ៍​
អន្តរជាតិ
វៀតណាម​កំពុង​ផលិត​ទូរស័ព្ទ​ទំនើប​ដោយ​ខ្លួនឯង ក្រោយ​ទទួល​ការងារ​ត្រឹម​ជា​កិច្ចសន្យា​ជាច្រើន​ទសវត្សរ៍​
10, May 2019 , 8:19 am        
រូបភាព
ដោយ: VOA
​តៃប៉ិ ៖ ប្រទេស​វៀតណាម​ស៊ាំ​ទៅនឹង​ភាពជា​អ្នកទទួល​ការបញ្ជាទិញ​។ ក្រុមហ៊ុន​ជាច្រើន​ដូចជា Nokia និង Samsung Electronics ប្រើប្រាស់​កម្លាំង​ពលកម្ម​ដែលមាន​តម្លៃ​ទាប​ក្នុងប្រទេស​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ដើម្បី​ដំឡើង​គ្រឿង​អេ​ឡិ​ក​ត្រូ​និ​ច​ប្រើប្រាស់​សម្រាប់​នាំចេញ​។ ការវិនិយោគ​ពី​ក្រៅប្រទេស​ទាំងនោះ​បានផ្ដល់​ឲ្យ​វៀតណាម​បន្តិច​ម្ដងៗ​នូវ​ការផ្គត់ផ្គង់ គ្រឿងបន្លាស់ និង​ចំណេះដឹង​ដែល​ចាំបាច់​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​អាច​ផលិត​ទូរស័ព្ទ​ទំនើប​ដោយ​ខ្លួនឯង​។​

 
​ក្នុងករណី​ល្បី​មួយ​គឺថា ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Vingroup និង​បណ្ដុំ​ក្រុមហ៊ុន​លក់រាយ​មួយ បានចាប់ផ្ដើម​លក់​ទូរស័ព្ទ​កាលពី​ខែធ្នូ​កន្លងទៅ ដោយមាន​ផែនការ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អេ​ស្ប៉ា​ញ ដើម្បី​ពង្រីក​ផលិតកម្ម​នៅក្នុង​រយៈពេល​២​ឆ្នាំ​ទៀត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​
 
​ក្រុមអ្នកវិភាគ​ក្នុងប្រទេស​វៀតណាម​និយាយថា ក្រុមហ៊ុន Vingroup រំពឹងថា​នឹងមាន​សង្វាក់​ផ្គត់ផ្គង់​ក្នុងប្រទេស​កាន់តែខ្លាំង​ជាង​មុន រួមទាំង​មាន​កម្លាំង​ពលកម្ម​ច្រើន ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ត្រូវ​បង្ហាញថា ខ្លួន​ល្អ​ជាង​ក្រុមហ៊ុន​មុនៗ​ដែល​បាន​ជួប​បរាជ័យ​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​ព្រោះ​អ្នក​ក​ទិញ​ទំនិញ​ហាក់ដូចជា​ចូលចិត្ត​របស់​យីហោ​បរទេស​។​
 
​លោក Frederick Burke ដែលជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ច្បាប់​ឈ្មោះថា Baker McKenzie ក្នុង​ទីក្រុង​ហូជីមិញ បាន​និយាយថា​៖ «​ខ្ញុំ​គិតថា មាន​របស់​តូចៗ​កាន់តែច្រើន​កំពុង​ត្រូវបាន​ផលិត​នៅ​វៀតណាម នៅពេលដែល​ជនជាតិ​តៃវ៉ាន់ កូរ៉េ និង​អ្នក​ដទៃទៀត​កំពុង​ប្តូរ​ការផ្គត់ផ្គង់​គ្រឿងបន្លាស់​មក​នៅទីនេះ​»​។​
 
​ការលក់​យ៉ាង​ឆាប់រហ័ស​នូវ​ទូរស័ព្ទ​ផលិត​ក្នុងស្រុក​នឹង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​ដែល​ផ្ដល់​ប្រាក់ខែ​ទាប និង​អាស្រ័យ​លើ​កិច្ចសន្យា អាចឈាន​ឡើងទៅ​ខ្សែចង្វាក់​តម្លៃ (value chain) ខ្ពស់ជាង​មុន​។​
 
​ទូរស័ព្ទ Q ចាកចេញ ទូរស័ព្ទ B ចូលមក​ជំនួស​
 
​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​វៀតណាម​បាន​សម្ពោធ​ដាក់លក់​ទូរស័ព្ទ​ចល័ត​មួយចំនួន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងទៅ ដោយមាន​ម៉ាក​យីហោ​ដូចជា Qphone និង Mobiistar​។ ភាគច្រើន​នៃ​ទូរស័ព្ទ​ទាំងនេះ​បាន​បាត់​បន្ដិច​ម្ដងៗ ឬ​បន្ថយ​ចំនួន​ដោយសារតែ​ផ្សាយ​ផ្សាយ​ផលិតផល (marketing) ទន់ខ្សោយ ឬ​ខ្វះ​ចំណេះដឹង​អំពី​ចំណង់​ចំណូលចិត្ត​របស់​អ្នកប្រើប្រាស់​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Thanh Vo អ្នកវិភាគ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​ឈ្មោះថា IDC Indochina មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហូជីមិញ​។​
 
​កាលពី​ឆ្នាំ ២០១៥ ក្រុមហ៊ុន BKAV Corp. ដែល​ផលិត​ទូរស័ព្ទ​លើ​តុ និង​កម្មវិធី​កុំព្យូទ័រ បាន​បង្កើត​នូវ​អ្វីមួយ​ដោយ​អ្នកប្រើប្រាស់​និង​អ្នកវិភាគ​បានចាត់ទុក​ថា អាចជា​ជោគជ័យ​ដំបូង​របស់​វៀតណាម​។​
 
​គេហទំព័រ​សារព័ត៌មាន​ក្នុងស្រុក​ឈ្មោះថា VietNamNet Bridge បាន​សរសេរ​ក្នុង​សេចក្តីរាយការណ៍​កាលពី​ខែតុលា​កន្លងទៅ​ថា ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន BKAV Corp. គឺ​ទូរស័ព្ទ Bphone និង Bphone 2 មិនត្រូវ​បាន​គេ​ចាប់អារម្មណ៍​មើល​ច្រើន​ទេ​។ ប៉ុន្តែ​ការបញ្ចេញ​ទូរស័ព្ទ​ម៉ាក BPhone 3 ដែលមាន​តម្លៃ ៣១៤​ដុល្លារ​កាលពី​ឆ្នាំមុន ទទួលបាន​ការកោតសរសើ​រ​ក្នុងចំណោម​អ្នកជំនាញ ដោយសារតែ​ល្បឿន​របស់​វា និង​ការ​ធន់​នឹង​ទឹក ដែល​កត្តា​ទាំង​២​នេះ «​ផ្ទុយ​ពី​ការ​ព្យា​ការណ៍​ផ្សេងៗ​ពីមុន​»​។​
 
​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​យោបល់​ផ្នែក​វិនិយោគទុន​វៀតណាម (Vietnam Investment Review) បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Vinsmart បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ខែកក្កដា ជាមួយ​ក្រុមហ៊ុន BQ របស់​អេ​ស្ប៉ា​ញ​ដើម្បី​ចាប់ផ្ដើម​ផលិត​ទូរស័ព្ទ​ទំនើប​ចំនួន​៤ ក្រោម​ម៉ាក Vsmart កាលពី​ខែធ្នូ​។ ក្រុមហ៊ុន Vingroup ដែល​គ្រប់គ្រង​ដោយ​លោក Pham Nhat Vuong អ្នកមាន​បំផុត​នៅ​វៀតណាម គ្រោង​នឹង​ផលិត​ទូរស័ព្ទ​ចំនួន​៥​លាន​គ្រឿងក្នុង​មួយឆ្នាំ គិត​ត្រឹម​ឆ្នាំ ២០២១​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Financial Times​។​
 
​ក្រុមហ៊ុន Vingroup មិនបាន​ឆ្លើយតប​នឹង​ការស្នើសុំ​ការបំភ្លឺ​ក្នុង​សម្រាប់​អត្ថបទ​ព័ត៌មាន​នេះ​ទេ​។​
 
​ប្រជាជាតិ​នៃ​រោងចក្រ​
 
​ការវិនិយោគ​ពី​ក្រៅប្រទេស​នៅក្នុង​ផលិតកម្ម​នៅ​វៀតណាម កំពុង​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​ពី​៦​ទៅ​៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ​។ ផលិតផល​ក្នុងស្រុក​សរុប​បាន​កើនឡើង​ជិត ៧.១ ភាគរយ កាលពី​ឆ្នាំ ២០១៨ ដែលជា​តួលេខ​ខ្ពស់បំផុត​ក្នុង​រយៈពេល​១១​ឆ្នាំ​។ ក្រុមហ៊ុន Samsung, LG Electronics, Nokia និង​ក្រុមហ៊ុន Intel គឺជា​ក្រុមហ៊ុន​ដែល​បាន «​បណ្ដាក់ទុន​ក្នុង​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​» នៅ​វៀតណាម​។ នេះ​បើតាម​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Dezan Shira & Associates​។ ការនាំចេញ​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និ​ច​បាន​កើន​ចំនួន​លើសពី​ទំហំ ៤០​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០១៧​។​
 
​លោក Burke និយាយថា កាលពី​៥​ឆ្នាំមុន ការផលិត​បន្ថែម (value added) ក្នុងស្រុក​មានតែ ២ ភាគរយ​ប៉ុណ្ណោះ​សម្រាប់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដែល​ផលិត​នៅ​វៀតណាម​។ លោក​ថា ភាគរយ​នេះ មាន​កម្រិត​ខ្ពស់ជាង​មុន​នាពេល​បច្ចុប្បន្ន​។ ទូរស័ព្ទ​របស់​ក្រុមហ៊ុន Vsmart នៅតែ​បន្ត​ប្រើប្រាស់​គ្រឿង​បង្គុំ​ពី​បរទេស ប៉ុន្តែ​គេ​ក៏​ឃើញ​មានការ​ប្រើប្រាស់​សង្វាក់​ផ្គត់ផ្គង់​ក្នុងស្រុក​ដ៏​រឹងមាំ​ផងដែរ​។​
 
​ទូ​ស័ព្ទ​ម៉ាក B Phone 3s ដើរ​ដោយ​ប្រព័ន្ធ Qualcomm Snapdragon ហើយ​ប្រើប្រាស់​សំបក​ប្រភេទ Gorilla Glass ដែលជា​ផលិតផល​របស់​ក្រុមហ៊ុន Corning​។ ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាំង​២​នេះ​ជា​ក្រុមហ៊ុន​អាមេរិកាំង​។​
 
​លោក Vo និយាយថា​៖ «​កម្លាំង​ពលកម្ម​សម្រាប់​ផលិត​ទូរស័ព្ទ​ក្នុងស្រុក​គឺជា​កម្លាំង​ក្នុងស្រុក​។ តាម​បទពិសោធន៍​របស់ខ្ញុំ ក្រុមហ៊ុន Vingroup នឹង​ផ្ដល់​ប្រាក់ខែ​ខ្ពស់​ដើម្បី​នឹង​ទាក់ទាញ​ធនធានមនុស្ស​មកពី​ក្រុមហ៊ុន​ដែលជា​គូប្រជែង​របស់ខ្លួន​»​។​
 
​ក្រុម​អ្នកទិញ​មានការ​ស្ទាក់ស្ទើរ​
 
​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Boston Consulting Group បាន​ប៉ាន់ប្រមាណ​ថា កំណើនសេដ្ឋកិច្ច​នឹង​ជួយ​ពង្រីក​ពលរដ្ឋ​វណ្ណៈ​កណ្ដាល​រហូតដល់​ទៅ​ប្រមាណ ១​ភាគ​៣ នៃ​ចំនួន​ពលរដ្ឋ​វៀតណាម​ដែលមាន​សរុប ៩៦​លាន​នាក់ នៅ​ឆ្នាំក្រោយ​។ ទ្រព្យសម្បត្តិ​ថ្មីៗ​ខ្លះ នៅក្នុង​ប្រទេស​ដែលមាន​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​កាន់​ទូរស័ព្ទ​ទំនើប​សូម្បី​អ្នកនេសាទ​និង​អ្នកប្រមូល​សំរាម​នេះ នឹងត្រូវ​ចាយវាយ​សម្រាប់​ទិញ​ទូរស័ព្ទ​ទំនើប​ចុងក្រោយ​របស់​ក្រុមហ៊ុន​បរទេស​ដូច Samsung និង​ក្រុមហ៊ុន Apple​។​
 
​កុមារ Phuong Hong អាយុ ១០​ឆ្នាំ ដែល​ប្រើ​ទូរស័ព្ទ iPhone រស់នៅ​ទីក្រុង​ហូជីមិញ បាន​និយាយថា​៖ «​ខ្ញុំ​មិន​ចាប់អារម្មណ៍​ទូរស័ព្ទ​របស់​វៀតណាម​ទេ ដោយសារតែ​ទូរស័ព្ទ B Phone បាន​ចេញលក់​កាលពី​ពីរ​បី​ឆ្នាំ​កន្លងទៅ ហើយ​គុណភាព​ក៏​មិនល្អ​»​។​
 
​ប៉ុន្តែ លោក Burke និយាយថា អ្នកប្រើប្រាស់​ដែល​ចូលចិត្ត​ទិញ​ទូរស័ព្ទ​មានតម្លៃ​ទាប​ផលិត​ដោយ​ក្រុមហ៊ុន​ចិន ដូចជា​ក្រុមហ៊ុន Oppo និង Huawei អាច​នឹង​ពិចារណា​ម៉ាក​ទូរស័ព្ទ​ដែល​ផលិត​ក្នុងស្រុក ដែលមាន​តម្លៃ​ប្រហាក់​ប្រ​ហ​លែ​គ្នា​។​
 
​លោក Vo និយាយថា ដោយសារតែ​អ្នកប្រើប្រាស់​ជាធម្មតា​សម្រេចចិត្ត​ទិញ​ទូរស័ព្ទ​ដោយសារ​ការ​រចនា​ម៉ូត និង​តម្លៃ​ជាជាង​គិត​លើ​ប្រទេស​ផលិត ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​វៀតណាម​ត្រូវតែ​បន្ថែម​ការធ្វើសកម្មភាព​ផ្នែក​ផ្សព្វផ្សាយ​ទីផ្សារ និង​គិត​មុន​ទៅលើ​ផលិតផល​ដែល​អ្នកប្រើប្រាស់​ក្នុងស្រុក​ចង់បាន​។ ពលរដ្ឋ​វៀតណាម​ស្វែងរក​ទូរស័ព្ទ​ដែល​ថោក ក្នុងតម្លៃ​ប្រហែល​២០០​ដុល្លារ​។​
 
​លោក Kevin Snowball ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ចាត់ចែង​ទ្រព្យសម្បត្តិ PXP Vietnam Asset Management ក្នុង​ទីក្រុង​ហូជីមិញ បាន​និយាយថា​៖ «​យើង​បានឃើញ​មនុស្ស​ជាច្រើន​សាកល្បង​ហើយ​បរាជ័យ ដូច្នេះ​គេ​ត្រូវតែ​រក្សា​គំនិត​ថា តើ​ពលរដ្ឋ​វៀតណាម​ចង់​ទិញ​ទូរស័ព្ទ Vinsmart ជាង​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ដូចជា Samsung ឬ​ក្រុមហ៊ុន Apple ឬទេ​?»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម