ជាតិ
នយោបាយជាតិ
ជួប សម្លាប់ សុំឲ្យតុលាការកំពូលសម្រាលទោសខ្លះ ពីការជាប់ពន្ធនាគារមួយជីវិត ជួប សម្លាប់ ស្ថិតក្នុងរថយន្ត ពេលត្រូវបាននាំខ្លួនទៅតុលាការនាពេលកន្លងមក (រូបថតបន្តពីវីដេអូរបស់វិទ្យុអាស៊ីសេរី)
× តុលាការកំពូល បានយកបណ្តឹងសាទុក្ខរបស់លោក អឿត អាង ហៅ ជួប សម្លាប់ ទៅជំនុំជម្រះហើយ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ តុលាការកំពូល នឹងប្រកាសសាលដីកា នៅថ្ងៃទី២៤ ខែឧសភា។
ការធ្វើបណ្តឹងសាទុក្ខទៅកាន់សាលាឧទ្ធរណ៍ និង រហូតឈានដល់តុលាការកំពូល គឺដោយសារតែលោក ជួប សម្លាប់ មិនសុខចិត្តនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឲ្យលោក ជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់លោកបណ្ឌិត កែម ឡី។ សាលាឧទ្ធរណ៍ បានបដិសេធហើយចំពោះបណ្តឹងរបស់លោក។
លោក អ៊ឹម ម៉ាច មេធាវីរបស់លោក ជួប សម្លាប់ ប្រាប់សារព័ត៌មានថ្មីៗថា លោក ជួប សម្លាប់ ចង់ឲ្យតុលាការកំពូលសម្រាលនិងបន្ថយទោសខ្លះ។ លោក បញ្ជាក់បែបនេះថា «គាត់ សុំសម្រាលទោស តែគាត់ មិនបញ្ជាក់ទេថា គាត់សុំសម្រាលទោសប៉ុន្មានឆ្នាំ។ ខ្ញុំគិតថា តុលាការកំពូល អាចនឹងពិចារណា ព្រោះដាក់ទោសគាត់មួយជីវិត គឺដូចជាធ្ងន់ធ្ងរពេក»។
ចាប់តាំងពីចាប់ខ្លួនមក លោក ជួប សម្លាប់ បានសារភាពរហូតថា លោក ពិតជាបានសម្លាប់លោកបណ្ឌិត កែម ឡី។ នេះជាការបន្ថែមរបស់លោកមេធាវី ដោយលោក បន្តថា នៅក្នុងសវនាការតុលាការកំពូល លោក ជួប សម្លាប់ ក៏បានសារភាពម្តងទៀត។
ឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺកើតឡើងនៅក្នុងស្តាម៉ាតមួយកន្លែង នៅម្តុំស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ មានតែលោក ជួប សម្លាប់ ម្នាក់គត់ ដែលត្រូវបានចាប់ខ្លួននិងកាត់ទោស ក្នុងអំពើឃាតកម្មនេះ៕
Tag:
តុលាការ
ជួប សម្លាប់
មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com