ជាតិ
សង្គមជាតិ
លោក ឃុត សំណាង មានបំណងស្វែងរកក្មេងស្រី២នាក់ ក្រោយជាសះស្បើយ រូបភាពផ្តល់ឲ្យ
× លោក ឃុត សំណាង កំពុងទទួលបានការលើកទឹកចិត្ត និងការគាំទ្រច្រើនពីសប្បុរសជន និងសម្តេចនាយករដ្ឋមន្ត្រី នៅពេលដែលលោកកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ព-២ ក្នុងក្រុងបាត់ដំបង។ អ្នកបើកបរតាក់ស៊ី មានអារម្មណ៍រំភើប នៅពេលដែលលោកដឹងថា មហាជនបានអាណិតស្រឡាញ់ចំពោះអំពើល្អរបស់លោក។
លោក ឃុត សំណាង ត្រូវបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យប្រហែលមួយខែទៀត។ នេះបើតាមការបញ្ជាក់ផ្ទាល់ពីលោក សំណាង ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមរយៈទូរសព្ទនាព្រឹកថ្ងៃទី៩ខែឧសភានេះ។ «ពេទ្យប្រាប់ថា យ៉ាងលឿនណាស់ក៏កន្លះខែទៀតដែរ។ ព្រឹកមិញខ្ញុំសាកល្បងក្រោកឈរ តែខ្ញុំមិនអាចឈរបានឡើយ។ ខ្ញុំដូចមនុស្សដែលទើបនឹងកើតដូច្នោះដែរ»។ នេះជាការរៀបរាប់របស់អ្នកបើកបរតាក់ស៊ី ដែលត្រូវភ្លើងឆេះសុសខ្លួន ដោយសារតែការផ្ទុះហ្កាស់ពីរថយន្តមួយនៅក្បែរស្ទឺងក្រុងតាខ្មៅ កាលពីថ្ងៃទី១២ខែមេសា។
លោក ឃុត សំណាង បានរងគ្រោះ នៅពេលដែលលោកស្ទុះទៅទាញក្មេងស្រី៩ឆ្នាំម្នាក់ដែលកំពុងដើរសំដៅទៅមើលរថយន្តផ្ទុះហ្កាស់នោះ ហើយការផ្ទុះលើកទីពីរក៏បានជះលើខ្លួនលោកតែម្តង។
«ខ្ញុំជួយក្មេងនោះ ខ្ញុំគិតថា វាដូចជាមនុស្សចាស់ជួយក្មេង ឬឪពុកជួយកូនស្រីអ៊ីចឹងដែរ។ ខ្ញុំមិនចាំមុខក្មេងស្រីនោះទេ។ ខ្ញុំគិតថា ខ្ញុំរកក្មេងស្រីនោះមិនឃើញទេ។ ប៉ុន្តែខ្ញុំអរគុណក្មេងស្រីម្នាក់ទៀត ដែលបានយកទឹកកកមកស្រោចលើខ្លួនខ្ញុំ ដើម្បីកាត់បន្ថយភាពឈឺចាប់។ ខ្ញុំគិតថា ខ្ញុំអាចរកក្មេងស្រីម្នាក់នេះឃើញ»។
ថ្ងៃទី១២ខែមេសាឆ្នាំ២០១៩ ម៉ោងប្រមាណ១និង៤៥នាទី ស្នូរផ្ទុះធុងហ្កាស់បានលាន់ចេញពីរថយន្តម៉ាកឡិចស៊ីស៤៧០មួយគ្រឿងដែលចតនៅក្បែរតូបអាហារក្បែរមាត់ស្ទឹងក្រុងតាខ្មៅ។
ពេលនោះ លោក ឃុត សំណាង ដែលជាអ្នកបើកបរតាក់ស៊ីប្រភេទរថយន្ត២៥កៅអី កំពុងបរិភោគបាយ។ លោក សំណាង រំឭកថា ក្រោយឮសំឡេងផ្ទុះ លោកក៏ចេញពីតូបបាយ ដោយគិតថារថយន្តរបស់លោកបែកកង់។ ស្រាប់តែលោកឃើញក្មេងស្រីម្នាក់កំពុងដើរសំដៅទៅមើលរថយន្តដែលផ្ទុះហ្កាស់ លោកក៏ស្ទុះទៅទាញដៃក្មេងស្រីនោះចេញ ហើយប្រាប់គាត់ឱ្យត្រឡប់ទៅផ្ទះ។ និយាយមិនទាន់ចប់ពីមាត់ លោក សំណាង ប្រាប់ថាការផ្ទុះលើកទីពីរបានប៉ះពាល់ដល់ខ្លួនលោករួចទៅហើយ។
ប៉ុន្តែដោយសារតែនឹកដល់ភរិយា និងកូន ព្រមទាំងរថយន្ត លោក សំណាង ប្រាប់ថា លោកនៅមានកម្លាំងចិត្តគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ដើម្បីទៅបើករថយន្តរបស់ខ្លួន ឲ្យចេញឆ្ងាយពីរថយន្តផ្ទុះនោះទៀតផង មុននឹងលោកដេកដួលនៅលើដី។
លោក សំណាង ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងបន្ទាប់មកនៅមន្ទីរពេទ្យ ព-២ ខេត្តបាត់ដំបង។ ទង្វើសប្បុរសរបស់លោក សំណាង កំពុងត្រូវបានសាទរយ៉ាងច្រើនតាមបណ្តាញសង្គម ដែលធ្វើឱ្យលោកសំណាងភ្ញាក់ផ្អើល និងរំភើបទៀតផង។
សម្រាប់ក្មេងស្រីដែលលោកជួយសង្គ្រោះ លោក សំណាង មិនមានបំណងអ្វីឡើយ ដោយគ្រាន់តែចង់ស្គាល់មុខ ព្រោះគិតថា ជាឧបនិស្ស័យ រីឯក្មេងស្រីទីពីរ លោកពិតជាចង់អរគុណដល់ក្មេងនោះខ្លាំងណាស់ ដែលបានជួយសម្រាលការឈឺចាប់របស់លោក។
ភាពជាគំរូរបស់លោក លោក ឃុត សំណាង នឹងត្រូវចងចាំទុក៕
© រក្សាសិទ្ធិដោយ thmeythmey.com