ជាតិ
សង្គមជាតិ
លោក ឃុ​ត សំណាង មានបំណង​ស្វែងរក​ក្មេងស្រី​២​នាក់ ក្រោយ​ជាសះស្បើយ​
09, May 2019 , 12:10 pm        
រូបភាព
រូបភាពផ្តល់ឲ្យ
រូបភាពផ្តល់ឲ្យ
​លោក ឃុ​ត សំណាង កំពុង​ទទួល​បានការ​លើកទឹកចិត្ត និង​ការគាំទ្រ​ច្រើន​ពី​សប្បុរសជន និង​សម្តេចនាយក​រដ្ឋមន្ត្រី នៅពេលដែល​លោក​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ ព​-២ ក្នុង​ក្រុង​បាត់ដំបង​។ អ្នកបើកបរ​តាក់ស៊ី មាន​អារម្មណ៍​រំភើប នៅពេលដែល​លោក​ដឹងថា មហាជន​បាន​អាណិត​ស្រឡាញ់​ចំពោះ​អំពើ​ល្អ​របស់លោក​។​

 
​លោក ឃុ​ត សំណាង ត្រូវ​បន្ត​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ប្រហែល​មួយខែ​ទៀត​។ នេះ​បើតាម​ការបញ្ជាក់​ផ្ទាល់​ពី​លោក សំណាង ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​ទូរ​សព្ទ​នា​ព្រឹក​ថ្ងៃទី​៩​ខែឧសភា​នេះ​។ «​ពេទ្យ​ប្រាប់ថា យ៉ាង​លឿន​ណាស់​ក៏​កន្លះ​ខែ​ទៀត​ដែរ​។ ព្រឹក​មិញ​ខ្ញុំ​សាកល្បង​ក្រោកឈរ តែ​ខ្ញុំ​មិនអាច​ឈរ​បានឡើយ​។ ខ្ញុំ​ដូច​មនុស្ស​ដែល​ទើបនឹង​កើត​ដូច្នោះ​ដែរ​»​។ នេះ​ជាការ​រៀបរាប់​របស់​អ្នកបើកបរ​តាក់ស៊ី ដែល​ត្រូវ​ភ្លើង​ឆេះ​សុស​ខ្លួន ដោយសារតែ​ការផ្ទុះ​ហ្កា​ស់​ពី​រថយន្ត​មួយ​នៅក្បែរ​ស្ទឺ​ង​ក្រុង​តាខ្មៅ កាលពី​ថ្ងៃទី​១២​ខែមេសា​។​
 
​លោក ឃុ​ត សំណាង បាន​រងគ្រោះ នៅពេលដែល​លោក​ស្ទុះ​ទៅ​ទាញ​ក្មេងស្រី​៩​ឆ្នាំ​ម្នាក់​ដែល​កំពុង​ដើរ​សំដៅទៅ​មើល​រថយន្ត​ផ្ទុះ​ហ្កា​ស់​នោះ ហើយ​ការផ្ទុះ​លើក​ទី​ពីរ​ក៏បាន​ជះ​លើ​ខ្លួន​លោក​តែម្តង​។​
 
«​ខ្ញុំ​ជួយ​ក្មេង​នោះ ខ្ញុំ​គិតថា វា​ដូចជា​មនុស្ស​ចាស់​ជួយ​ក្មេង ឬ​ឪពុក​ជួយ​កូនស្រី​អ៊ីចឹង​ដែរ​។ ខ្ញុំ​មិន​ចាំ​មុខ​ក្មេងស្រី​នោះទេ​។ ខ្ញុំ​គិតថា ខ្ញុំ​រក​ក្មេងស្រី​នោះ​មិនឃើញ​ទេ​។ ប៉ុន្តែ​ខ្ញុំ​អរគុណ​ក្មេងស្រី​ម្នាក់ទៀត ដែល​បាន​យក​ទឹកកក​មក​ស្រោច​លើ​ខ្លួន​ខ្ញុំ ដើម្បី​កាត់បន្ថយ​ភាពឈឺចាប់​។ ខ្ញុំ​គិតថា ខ្ញុំ​អាច​រក​ក្មេងស្រី​ម្នាក់នេះ​ឃើញ​»​។​
 
​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៩ ម៉ោង​ប្រមាណ​១​និង​៤៥​នាទី ស្នូរ​ផ្ទុះ​ធុង​ហ្កា​ស់បាន​លាន់​ចេញពី​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​មួយគ្រឿង​ដែល​ចត​នៅក្បែរ​តូប​អាហារ​ក្បែរ​មាត់​ស្ទឹង​ក្រុង​តាខ្មៅ​។

ពេលនោះ លោក ឃុ​ត សំណាង ដែលជា​អ្នកបើកបរ​តាក់ស៊ី​ប្រភេទ​រថយន្ត​២៥​កៅអី កំពុង​បរិភោគ​បាយ​។ លោក សំណាង រំឭកថា ក្រោយ​ឮ​សំឡេង​ផ្ទុះ លោក​ក៏​ចេញពី​តូប​បាយ ដោយ​គិតថា​រថយន្ត​របស់លោក​បែក​កង់​។ ស្រាប់តែ​លោក​ឃើញ​ក្មេងស្រី​ម្នាក់​កំពុង​ដើរ​សំដៅទៅ​មើល​រថយន្ត​ដែល​ផ្ទុះ​ហ្កា​ស់ លោក​ក៏​ស្ទុះ​ទៅ​ទាញ​ដៃ​ក្មេងស្រី​នោះ​ចេញ ហើយ​ប្រាប់​គាត់​ឱ្យ​ត្រឡប់ទៅផ្ទះ​។ និយាយ​មិនទាន់​ចប់​ពី​មាត់ លោក សំណាង ប្រាប់ថា​ការផ្ទុះ​លើក​ទី​ពីរបាន​ប៉ះពាល់​ដល់​ខ្លួន​លោក​រួចទៅហើយ​។​
 
​ប៉ុន្តែ​ដោយសារតែ​នឹក​ដល់​ភរិយា និង​កូន ព្រមទាំង​រថយន្ត លោក សំណាង ប្រាប់ថា លោក​នៅមាន​កម្លាំងចិត្ត​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯងបាន ដើម្បី​ទៅ​បើករថយន្ត​របស់ខ្លួន ឲ្យ​ចេញ​ឆ្ងាយ​ពី​រថយន្ត​ផ្ទុះ​នោះ​ទៀតផង មុននឹង​លោក​ដេក​ដួល​នៅលើ​ដី​។​
 
​លោក សំណាង ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​បន្ទាប់មក​នៅ​មន្ទីរពេទ្យ ព​-២ ខេត្តបាត់ដំបង​។ ទង្វើ​សប្បុរស​របស់លោក សំណាង កំពុង​ត្រូវបាន​សាទរ​យ៉ាងច្រើន​តាម​បណ្តាញ​សង្គម ដែល​ធ្វើឱ្យ​លោក​សំណាង​ភ្ញាក់ផ្អើល និង​រំភើប​ទៀតផង​។​

សម្រាប់ក្មេងស្រីដែលលោកជួយសង្គ្រោះ លោក សំណាង មិនមាន​បំណងអ្វីឡើយ ដោយគ្រាន់តែចង់ស្គាល់មុខ ព្រោះគិតថា ជាឧបនិស្ស័យ រីឯក្មេងស្រីទីពីរ លោកពិត​ជាចង់អរគុណ​ដល់​ក្មេងនោះខ្លាំងណាស់ ដែល​បានជួយសម្រាល​ការឈឺចាប់របស់លោក។
 
​ភាពជា​គំរូ​របស់លោក លោក ឃុ​ត សំណាង នឹងត្រូវ​ចងចាំ​ទុក​៕
 

Tag:
 ឃុ​ត សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com