កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool និង Spurs ក្លាយជា​ក្រុម​វាយបក​យកឈ្នះ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិ Champions League
09, May 2019 , 2:25 pm        
រូបភាព
​ក្រុម​អង់គ្លេស​ចំនួន​ពីរ គឺ Liverpool និង Tottenham Hotspur បានធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ពួកគេ​នៅ​ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​តាមរយៈ​ការ​វាយបក​យកឈ្នះ​គូប្រជែង​រៀងខ្លួន​ដើម្បី​ឈានទៅ​ដណ្តើម​ពានរង្វាន់ UEFA Champions League វគ្គ​ផ្តាច់ព្រ័ត្រ​។ Liverpool ទម្លាក់ Barca ដោយ​លទ្ធផល​ទាំងពីរ​ជើង ៤-៣ ខណៈ Spurs បញ្ចប់​ក្តីសង្ឃឹម​របស់ Ajax ដើម្បី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល ៣-៣ តែ​ឈ្នះ​តាម​រូបមន្ត​គ្រាប់​ស៊ុត​បញ្ចូល​ទី​ក្រៅ​ដី​។​


 
​បើ​ទោះ​បរាជ័យ​នៅ​ជើង​ទី​១​ដល់​ទៅ ៣-០ ក្នុង​ទឹកដី Nou Camp ក្រុម​រហស្សនាម​ហង្ស​ក្រហម នៅតែ​អាច​ទម្លាក់​ក្រុម Barcelona វិញ​បាន​ដោយ​គ្រាប់​បាល់​វាយបក​យកឈ្នះ​ដោយ​លទ្ធផល ៤-០ វិញ នា​ជំនួប​ជើង​ទី​២ ក្នុង​កីឡដ្ឋាន Anfield ដែល​រក​គ្រាប់​បាល់​បាន​ដោយ ខ្សែប្រយុទ្ធ Divock Origi ២​គ្រាប់ និង ខ្សែបម្រើ Georginio Wijnaldum ២​គ្រាប់​។​


 
​ស្របពេល​គ្នា​នេះ រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះ​គឺ​នៅក្រោយ​១​ថ្ងៃ​បន្ទាប់ពី​ជ័យជម្នះ​របស់ Liverpool ក្រុម​លី​គ​កំពូល​អង់គ្លេស​មួយទៀត​គឺ Tottenham Hotspur ក៏បាន​វាយបក​តាម​ឈ្នះ​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់មាន​លើ​គូប្រជែង​ដូចគ្នា​។​
 
​ក្នុងជំនួប​ជើង​ទី​២​នៅ​កីឡដ្ឋាន Johan Cruyff Arena ខ្សែបម្រើ Lucas Moura អាច​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់ឯង​ឲ្យ Spurs នៅ​តង់​ទី​២ បន្ទាប់ពី​ក្រុម​ម្ចាស់ផ្ទះ Ajax នាំមុខ​ដល់​ទៅ​២​គ្រាប់​ទៅហើយ​នៅ​តង់​ទី​១​។ 
 
​គ្រាប់​បាល់​វាយបក​ដំបូង​របស់ Tottenham Hotspur កើតឡើង​នៅ​នាទី​៥៥​ដែល​សម្រេចបាន​ដោយ Moura ហើយ​៤​នាទី​ក្រោយមក គេ​បាន​បន្ថែម​គ្រាប់​ទី​ពីរ​។ ទីបំផុត ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​ក្លាយជា​វីរបុរស​ប្រចាំការ​ប្រកួត តាមរយៈ​ការរកបាន​គ្រាប់​ទី​៣ នៅ​នាទី​៩៦ ដើម្បី​ជួយ Spurs ឈ្នះ Ajax ៣-២​។​
 
​កាលពី​ប្រកួត​ជើង​ទី​១ ក្រុម​ភ្ញៀវ Ajax បាន​យកឈ្នះ Spurs ១-០ ដូច្នេះ​ក្រុម​ទាំងពីរ​ទទួលបាន​លទ្ធ​ផល​ទាំងពីរ​ជើង ៣-៣ ប៉ុន្តែ ៣ គ្រាប់​របស់ Moura គ្រប់គ្រាន់​ដើម្បី​នាំ​ក្រុម​មាន់​ខ្នាយ​មាស​ឡើងទៅ​ជួប Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​មានប្រៀប​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី (Away Goals) ដល់​ទៅ​៣​គ្រាប់​។​


 
​ជាការ​ពិតណាស់​ក្នុង​ការប្រកួត​ដណ្តើមពាន​លី​គប្រ​ចាំ​តំបន់​អឺរ៉ុប​នេះ​មាន​ក្រុម​តិចតួច​ណាស់​ដែលមាន​ប្រវត្តិ​ទទួល​ជ័យជម្នះ​តាមរយៈ​ការ​វាយបក​តាម​ឈ្នះ ព្រោះ​ក្រុម​នីមួយៗ​សុទ្ធសឹង​ជា​ក្រុម​មាន​កម្រិត​កំពូល​ដូចៗ​គ្នា​។​
 
Liverpool ធ្លាប់​ធ្វើបាន​ស្រដៀង​គ្នា​នេះ​នា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដើម្បី​ក្លាយជា​ម្ចាស់​ពាន​កំពូល​អឺរ៉ុប​កាលពី​ឆ្នាំ​២០០៥ ដោយ​វាយបក​តាម​ស្មើ ៣-៣ បន្ទាប់ពី​ត្រូវបាន​នាំមុខ​ដោយ​ក្រុម​អ៊ីតាលី AC Milan ៣-០​។ កាលនោះ Liverpool ក្រោម​ការ​ដឹ​នាំ​របស់លោក Rafael Benítez បាន​យកឈ្នះ AC Milan ដោយ​ទាត់​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​។​
 
​ប៉ុន្តែ​បើតាម​ការវាយតម្លៃ​រប​ស់​អ្នកវិភាគ​កីឡាបាល់ទាត់​ល្បីៗ ពួកគេ​បានចាត់ទុក Liverpool និង Spurs ជា​ក្រុម​ដែល​វាយបក​យកឈ្នះ​ល្អ​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខណ្ឌ Champions League បន្ទាប់ពី Barca ជា​ក្រុមទី​១ ដែល​វាយបក​យកឈ្នះ Paris Saint-Germain ដោយ​លទ្ធផល​ទាំងពីរ​ជើង ៦-៥ (​ជើង​ទី​១ PSG ឈ្នះ​ក្នុង​ដី ៤-០) កាលពី​រដូវ​កាល​២០១៦-១៧​។ 
 
Liverpool និង Spurs នឹង​តទល់​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​កីឡដ្ឋាន Wanda Metropolitano នាទី​ក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
  ក្រុម​វាយបក​ល្អ​បំផុត
© រក្សាសិទ្ធិដោយ thmeythmey.com