អន្តរជាតិ
ថៃ ខាតបង់​លុយ​៧៨០​លាន​ដុល្លារ ដោយសារ​ឥទ្ធិពល​សង្គ្រាម​ពាណិជ្ជកម្ម​
09, May 2019 , 7:39 pm        
រូបភាព
កំពង់ផែ Hutchison Ports Thailand (ប្រភពរូប៖ វេបសាយ httphutchisonports.co.th )
កំពង់ផែ Hutchison Ports Thailand (ប្រភពរូប៖ វេបសាយ httphutchisonports.co.th )
ដោយ:
​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​យក្ស​សេដ្ឋកិច្ច​អាមេរិក និង​ចិន ដែល​បាន​ផ្ទុះឡើង​កាលពីដើម​ពាក់កណ្ដាល​ឆ្នាំ​២០១៨ បាន​ជះឥទ្ធិពល​ដល់​ការនាំចេញ​របស់​ថៃ​។ យោងតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ ប្រទេស​ក្នុង​អង្គការ​តំបន់​អាស៊ាន​មួយ​នេះ ត្រូវបាន​ប៉ាន់​ស្មានថា បាត់បង់​ចំណូល​នៃ​ការនាំចេញ​ប្រមាណ ៧៨០​លាន​ដុល្លារ​។

 
​នៅ​ថ្ងៃទី​៩ ខែឧសភា រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ លោកស្រី Chutima Bunyapraphasara បញ្ជាក់​ឲ្យ​ដឹងថា  ការសិក្សា​មួយ រកឃើញថា ការនាំចេញ​របស់​ថៃ គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ថយចុះ ០,៣​ភាគរយ ដែល​ស្មើនឹង ៧៨០​លាន​ដុល្លារ ព្រោះតែ​ឥទ្ធិពល​ជម្លោះ​ពាណិជ្ជកម្ម​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​បាងកក​ប៉ុស្តិ៍ ការសិក្សា​របស់​ក្រសួងពាណិជ្ជកម្ម​ដដែល បង្ហាញថា ការនាំចេញ​ទៅកាន់​សហ​រដ្ឋ​អាមេរិក ធ្លាក់​ចុះមក​ត្រឹម ៣១៦,៥​លាន​ដុល្លារ​។ មូលហេតុ​គឺ​បណ្តាលមកពី​ការយកថ្លៃ​សេវា​គមនាគមន៍​លើ​ផ្ទាំង​សូ​ឡា ម៉ាស៊ីន​បោក​សំលៀកបំពាក់ ដែកថែប និង​អាលុយមីញ៉ូម​ជាដើម​។ ចំណែក គ្រឿងបន្លាស់​យានយន្ត ផលិតផល​ការិយាល័យ​និង​លំនៅឋាន គ្រឿង​អេឡិចត្រូនិក និង​ម៉ាស៊ីន ដែល​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន ធ្លាក់​ចុះមក​ត្រឹម ១,១​ពាន់​លាន​ដុល្លារ​។
 
​ទាក់ទិន​នឹង​ការខាតបង់​នេះ លោកស្រី Chutima លើកឡើងថា ក្រសួង កំពុង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជ​គម្ម​ថៃ​នៅ​ទូទាំង​ពិភពលោក នា​បំណាច់​ខែឧសភា​នេះ ក្នុង​គោលដៅ​វាយតម្លៃ​លើ​ស្ថានការណ៍​ពាណិជ្ជកម្ម​អន្តរជាតិ និង​ពិភាក្សា​លើ​គម្រោង​ផ្តល់​សន្ទុះ​លើ​ការនាំចេញ​ខ្លួន​ឡើងវិញ​។ 
 
​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​រូប បញ្ជាក់ទៀតថា ក្រសួង​ក៏​កំពុង​ស្វះ​ស្វែងរក​ទីផ្សារ​នាំចេញ​ដែលមាន​សក្តានុពល​ផ្សេងទៀត រួមមាន ឥណ្ឌា និង​មជ្ឈិមបូព៌ា​ជាដើម​។ ត្រង់ចំណុច​នេះ លោកស្រី និយាយ​បែបនេះ​៖​​«​ថៃ នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ អំឡុង​ស្ថានភាព​ថមថយ​កម្លាំង​នៃ​កំណើនសេដ្ឋកិច្ច​សកល​នេះ​»​។​
 
​ទន្ទឹមនឹង​គ្នា​នេះដែរ ថៃ កំពុង​តាមដាន​យ៉ាង​ល្អិតល្អន់​លើ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក ក្រោយពី​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ ណា​ល់ ត្រាំ កាលពី​ថ្មីៗ​នេះ ព្រមាន​ដំឡើង​ពន្ធ​ពី​១០​ភាគរយ ទៅ ២៥​ភាគរយ លើ​ផលិតផល​ដែល​នាំចូល​ពី​ចិន​ក្នុង​ទំហំ​ទឹកប្រាក់ ២០០ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការបញ្ជាក់​របស​លោកស្រី Chutima ដោយ​បន្ថែមថា ប្រសិនបើ​អាមេរិក​ដំឡើង​ពន្ធ​នាំចូល​២៥​ភាគរយ​មែន​នោះ ទីផ្សារ​មូល​ធុន​សកល តម្លៃ​មាស និង​ប្រេង នឹងរង​ផលប៉ះពាល់​យ៉ាង​ធំធេង ក្នុងនោះ វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​ថៃ ក៏​រង​ផលប៉ះពាល់​ផងដែរ​៕

Tag:
 ថៃ
 ​សេដ្ឋកិច្ច​អន្តរជាតិ​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com