ជាតិ
សេដ្ឋកិច្ច
កម្ពុជា​​នាំ​ចេកអំបូង​លឿង​ដោយផ្ទាល់​ទៅ​ចិន​ជា​លើកដំបូង​
09, May 2019 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩​ខែឧសភា​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំ​ពិធី​សម្ពោធ​ការនាំចេញ​ផ្លែ​ចេក​លើកដំបូង​ទៅកាន់​ប្រទេស​ចិន​។ ដើម្បី​ជា​និមិត្តរូប​នៃ​ការនាំចេញ​ជា​លើកដំបូង​ទៅ​ប្រទេស​ចិន ចេកអំបូង​លឿង​៥​កុង​តេ​ន័​រ​ប្រមាណ១០០​តោន ​ត្រូវ​នាំទៅ​កាន់​ទីផ្សារ​មួយ​នេះ​នៅថ្ងៃនេះ មុននឹង​មានការ​នាំចេញ​ជា​បន្តបន្ទាប់ ដែល​ត្រូវបាន​រំពឹងថា​នឹង​ដល់ទំហំ ១៣​ម៉ឺន​តោន​ត្រឹម​ដំណាច់ឆ្នាំ​២០១៩​នេះ​។


 
​កន្លងមក​កម្ពុជា​នាំចេញ​ចេកអំបូង​លឿង​ទៅកាន់​ប្រទេស​វៀតណាម ដែល​ប្រទេស​នេះ​ជា​អ្នក​នាំចេញ​បន្ត​។ នៅ​ខែសីហា​ឆ្នាំ​២០១៨ ភាគី​ចិន​បាន​យល់ព្រម​ឲ្យ​កម្ពុជា​នាំចេញ​ផ្លែ​ចេក​ទៅ​ទីផ្សារ​របស់ខ្លួន​ដោយផ្ទាល់​។ កិច្ចព្រមព្រៀង​នោះ​មិនបាន​កំណត់​ចេក​ប្រភេទ​ណា​នោះទេ តែម​ន្ត្រី​កសិកម្ម​របស់​កម្ពុជា​អះអាងថា​មានតែ​ចេកអំបូង​លឿង​នោះទេ ដែលមាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការនាំចេញ​នេះ​។ ហើយ​នៅថ្ងៃនេះ ការនាំចេញ​ចេកអំបូង​លឿង​ដោយផ្ទាល់​ទៅ​ប្រទេស​ចិន បានចាប់ផ្ដើម​។​
 
​អ្នកវិនិយោគ​ជា​បន្តបន្ទាប់​បាន​បណ្ដាក់ទុន​សម្រាប់​ដាំចេក​អំបូង​លឿង​នៅ​បណ្ដា​ខេត្ត​មួយចំនួន ដោយ​សម្លឹង​ឱកាស​នាំ​ចេញទៅ​ចិន​។ សព្វថ្ងៃនេះ ក្រុមហ៊ុន​ចំនួន​៥ ប៉ុណ្ណោះ ក្នុងចំណោម​ក្រុមហ៊ុន​ដាក់​ពាក្យសុំ​ចំនួន​១០ ដែល​ទទួល​ការអនុញ្ញាត​ពី​ភាគី​ចិន ដើម្បី​នាំចេញ​ចេក​ប្រភេទ​នេះ​ទៅ​ចិន​។ 
 
​មុន​ឈានដល់​នាំទៅ​ផ្ទាល់​ចូល​ទីផ្សារ​ចិន កម្ពុជា​បាន​ចេកអំបូង​លឿង​រាប់ម៉ឺន​តោន ពិសេស​ទៅ​ប្រទេស​វៀតណាម ក្នុង​មួយឆ្នាំៗ​។ គ្រាន់តែ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំ​ចេកអំបូង​លឿង ៣,៨​ម៉ឺន​តោន​ទៅ​ក្រៅប្រទេស​។ ហើយ​ការនាំ​ចេញទៅ​ប្រទេស​ចិន ត្រឹម​ដំណាច់​ឆ្នាំនេះ ត្រូវបាន​រំពឹងថា​នឹង​ដល់​ចំនួន ១៣​ម៉ឺន​តោន​ឯណោះ​។ នេះ​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែល​បាន​ថ្លែង​ក្នុង​ពិធី​ខាង​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​រយៈពេល​៤​ដើមឆ្នាំ​នេះ ការនាំចេញ​ចេកអំបូង​លឿង​ពី​កម្ពុ​ជាមាន​ចំនួន ៣,៨​ម៉ឺន​តោន​រួចទៅហើយ​។ យើង​សង្ឃឹម​ត្រឹម​ដំណាច់ឆ្នាំ​២០១៩​នេះ កម្ពុជា​នាំចេញ​ចេកអំបូង​លឿង​ទៅ​ប្រទេស​ចិន​មិនតិចជាង ១៣​ម៉ឺន​តោន​នោះទេ​»​។​
 
​លោក វេ​ង សាខុន បាន​មើលឃើញ​សក្ដានុពល​ខ្ពស់​នៃ​កសិកម្ម​ផ្នែក​ដំណាំ​ចេកអំបូង​លឿង​នេះ​នៅ​កម្ពុជា​ទៅ​ថ្ងៃមុខ​។ លោក​លើកឡើង​ដូចនេះ​ថា​៖«​តាម​ការ​ព្យាករ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៅ​ឆ្នាំ​២០៣០ កម្ពុជា​នឹង​អាច​ផលិត​ចេកអំបូង​លឿង​បាន​ប្រមាណ ១​លាន​តោន​។ ដូច្នេះ កម្ពុជា​នៅសល់​សក្ដានុពល​ច្រើនណាស់ ដែល​ទាមទារ​ការវិនិយោគ​បន្ថែមទៀត រួមផ្សំ​នឹង​ពាណិជ្ជករ​ទាំងអស់​ដែល​មកពី​ប្រទេស​ចិន​ក្នុង​ការបញ្ជាទិញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​»​។​
 
​បើតាម​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម សព្វថ្ងៃ កម្ពុ​ជាមាន​ដំណាំ​ចេកអំបូង​លឿង​ជិត ១​ម៉ឺន​ហិកតា។ ​ភាគច្រើន​មានចេកប្រភេទនេះមានដាំនៅ​ខេត្តរតនគិរី ក្រចេះ កំពត និងខេត្តកំពង់ចាម​។​
 
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ចំនួន​៥ ដែល​ទទួលបាន​ការអនុញ្ញាត​នាំ​ចេញពី​អគ្គ​រដ្ឋបាល​គយ​របស់​រដ្ឋាភិបាល​ចិន រួមមាន ក្រុមហ៊ុន Longmate Agriculture, Long Sreng Hua Jian Agriculture Development, Green Island Agriculture Development, Sovann Reachsey and ក្រុមហ៊ុន Grand Land Agriculture Development ៕
 

Tag:
 ចេកអំបូង​លឿង
© រក្សាសិទ្ធិដោយ thmeythmey.com