កីឡាអន្តរជាតិ
អន្តរជាតិ
សំបុត្រវគ្គផ្តាច់ព្រ័ត្រ Champions League តម្លៃចន្លោះពី៧៨ ទៅ៦៦៧ដុល្លារ
× Liverpool និង Tottenham Hotspur ទទួលបានសំបុត្រចំនួន ១៦៦១៣សន្លឹកដូចគ្នាសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ UEFA Champions League រដូវកាល២០១៨-១៩ ដែលធ្វើឡើងក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នាថ្ងៃទី១ ខែមិថុនា។
ក្រុមហង្សក្រហម Liverpool ដែលទម្លាក់ Barcelona ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ២ឆ្នាំជាប់គ្នាបានប្រកាសពីតម្លៃសំបុត្រសម្រាប់អ្នកគាំទ្ររបស់ពួកគេ ដោយលក់ក្នុងតម្លៃថោកបំផុត ៧៩ដុល្លារអាមេរិក សម្រាប់ ២០ភាគរយនៃសំបុត្រដែលពួកគេទទួលបានពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA)។
ក្រៅពីនេះ សំបុត្រចំនួន៥៤ភាគរយត្រូវលក់ក្នុងតម្លៃ២០០ដុល្លារអាមេរិក ,សំបុត្រ២១ភាគរយ តម្លៃ៥០០ដុល្លារអាមេរិក និង ៥ភាគរយលក់ក្នុងតម្លៃ ៦៦៧ដុល្លារអាមេរិក។ បន្ថែមលើសំបុត្រចំនួន១៦៦១៣សន្លឹក Liverpool ទទួលបាន ១០០សន្លឹកទៀត សម្រាប់មនុស្សពេញវ័យនិងក្មេង រួមបញ្ចូលគ្នាដោយលក់ក្នុងតម្លៃ១៥៦ដុល្លារអាមេរិកសម្រាប់សំបុត្រពីរ។
ដោយឡែកក្រុមមាន់ខ្នាយមាស Spurs ដែលផ្តួល Ajax ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រមិនបានប្រកាសអំពីតម្លៃសំបុត្រសម្រាប់ក្រុមអ្នកគាំទ្ររបស់ពួកគេឡើយ។
ក្រុមទាំងពីខាងលើក៏ទទួលបានសំបុត្រ ៣០០សន្លឹកសម្រាប់បុគ្គលិកក្លិប ក្រុមគ្រួសារ និងមិត្តភក្តិរបស់កីឡាករផងដែរ។
រីឯ UEFA ក៏បានដកសំបុត្រចំនួន៤០០០សន្លឹករួចទៅហើយដើម្បីយកទៅលក់ឲ្យអ្នកគាំទ្រពីជុំវិញពិភពលោកសម្រាប់កៅអីនៅកីឡដ្ឋាន Estadio Metropolitano ដែលផ្ទុកអ្នកទស្សនាបានសរុបចំនួន ៦៨០០០កៅអី។
សំបុត្រដែលនៅសេះសល់ដទៃទៀត គឺសម្រាប់ផ្តល់ជូនគណៈកម្មការរៀបចំក្នុងតំបន់អេស្ប៉ាញដែលជាម្ចាស់កីឡដ្ឋាន រួមទាំងសមាគមជាតិ ដៃគូពាណិជ្ជកម្ម អ្នកផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធផ្សេងៗ។
ថ្លៃសំបុត្រនៅវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុនដែល Real Madrid យកឈ្នះ Liverpool ៣-១ នាកីឡដ្ឋាន Olympic Stadium ក្នុងក្រុងកៀវ ប្រទេសអ៊ុយក្រែន មានតម្លៃចាប់ពី ៧៩ដុល្លារ ទៅ ៥០០ដុល្លារអាមេរិក៕
Tag:
បាល់ទាត់
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com