ជាតិ
សិល្បះ
លោក ប៉ាន់ រិទ្ធី ជា​ប្រធាន​មេ​ប្រយោគ​ពាន Camera d’Or នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុង​កាន​
09, May 2019 , 8:59 pm        
រូបភាព
លោក ប៉ាន់ រិទ្ធី បាន​បង្កើត​ស្នាដៃភាពយន្តជាច្រើនស្តីពីរបបខ្មែរក្រហម ហើយ​លោកក៏មានចំណែក​យ៉ាងសំខាន់​ក្នុង​រឿង មុនដំបូងគេសម្លាប់ឪពុកខ្ញុំ​របស់ Angelina Jolie ផងដែរ។​រូបថត AFP
លោក ប៉ាន់ រិទ្ធី បាន​បង្កើត​ស្នាដៃភាពយន្តជាច្រើនស្តីពីរបបខ្មែរក្រហម ហើយ​លោកក៏មានចំណែក​យ៉ាងសំខាន់​ក្នុង​រឿង មុនដំបូងគេសម្លាប់ឪពុកខ្ញុំ​របស់ Angelina Jolie ផងដែរ។​រូបថត AFP
ដោយ: រួបរួម
​លោក ប៉ាន់ រិទ្ធី សមិទ្ធ​ករ​ភាពយន្ត​ខ្មែរ​-​បារាំង និង​ជា​ស្ថាបនិក​មួយរូប នៃ​មជ្ឈមណ្ឌល​បុប្ផា​ណា ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​គណៈមេប្រយោគ សម្រាប់​ពានរង្វាន់ «​កាមេរ៉ា​មាស​» (Caméra d’Or) នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​កាន (Festival de Cannes) លើក​ទី​៧២ ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៥​ខែឧសភា ឆ្នាំ ២០១៩ នេះ​។

 
«Camera d’Or» ជា​ពានរង្វាន់​ប្រកបដោយ​កិត្យានុភាព​មួយ ក្នុង​មហោស្រព​ក្រុង​កាន សម្រាប់​ខ្សែភាពយន្ត​ខ្សែភាពយន្ត​ខ្នាត​វែង (Best Feature Film) ដែល​ត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង​នៅ​ឆ្នាំ​១៩៧៨​។ ពានរង្វាន់​នេះ នឹងត្រូវ​ផ្តល់ជូន​នា​អំឡុង​នៃ​ពិធី​បិទ​មហោស្រព​។​
 
​សម្រាប់​តួនាទី ជា​ប្រធាន​គណៈមេប្រយោគ​សម្រាប់​ពានរង្វាន់ «​កាមេរ៉ា​មាស​» នេះ លោក ប៉ាន់ រិទ្ធី មាន​សមាជិក​ដែលជា​អ្នកជំនាញ​ខាង​ភាពយន្ត​ជនជាតិ​បារាំង​៤​រូប​ទៀត ដែល​ក្នុងនោះ​មាន Alice Diop, Sandrine Marques, Benoit Belhomme និង Nicolas Naegelen​។​
 
​ភាពយន្ត​រឿង «Girl» របស់​សមិទ្ធ​ករ​បែលហ្ស៊ិក Lukas Dhont កាន់កាប់​ពានរង្វាន់ «​កាមេរ៉ា​មាស​» កាលពី​ឆ្នាំ​២០១៨​។ សម្រាប់​តំបន់​អាស៊ី​អាគេ្នយ៍ រឿង «IIo IIo» របស់​សមិទ្ធ​ករ​សិង្ហ​បុរី Anthony Chen ធ្លាប់​បានឈ្នះ​កាលពី​ឆ្នាំ​២០១៣​។​
 
​កើត​នៅ​រាជធានី​ភ្នំពេញ ហើយ​បន្តទៅ​រស់នៅ​ក្រុងប៉ារីស ប្រទេស​បារាំង ក្រោយ​សម័យ​ខ្មែរក្រហម លោក ប៉ាន់ រិទ្ធី បាន​បង្កើត​ស្នាដៃ​ភាពយន្ត​ជាច្រើន ទាក់ទង​នឹង​សម័យកាល​ងងឹត​នៃ​រប​ប​កម្ពុជា​ប្រជា​ធិ​តេ​យ្យ​។ រឿង «​អ្នកស្រែ​» បាន​ក្លាយជា​ស្នាដៃ​ភាពយន្ត​ខ្មែរ​ទីមួយ ដែល​សមិទ្ធ​ករ​រូបនេះ យកទៅ​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​កាន កាលពី​ឆ្នាំ​១៩៩៤​។​
 
​ស្នាដៃ​ជា​បន្តបន្ទាប់​របស់លោក រិទ្ធី សម្រាប់​ការប្រកួតប្រជែង​ពានរង្វាន់​លំដាប់​ពិភពលោក Festival de Cannes នោះ មានដូចជា មន្ទីរ ស ២១ ម៉ាស៊ីន​ពិឃាដ​ខ្មែរក្រហម (​ឆ្នាំ​២០០៣), មហោស្រព​ដែល​ឆេះ (​ឆ្នាំ​២០០៥)​។ ស្នាដៃ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ផ្សេងទៀត​របស់​សមិទ្ធ​ករ​វ័យ​៥៥​ឆ្នាំ​រូបនេះ​មាន ជំរំ​ជនភៀសខ្លួន​សាយ​ធូ (១៩៨៩), ប្រទេស​កម្ពុជា​នៅ​ចន្លោះ​សង្គ្រាម និង​សន្តិភាព (១៩៩២), បុប្ផា​ណា រឿង​សោកនាដកម្ម​នៃ​ស្ត្រី​ខ្មែរ​ម្នាក់ (១៩៩៦), រាត្រី​មួយ​ក្រោយ​សង្គ្រាម (១៩៩៧), វ៉ាន់ ចាន់ ឬ​នៅ​ឆ្នាំ ២០០០ នេះ ខ្ញុំ​មាន​អាយុ ៥០ ឆ្នាំ (១៩៩៨), ដែនដី​នៃ​ព្រលឹង​វិលវល់ (១៩៩៩), អ្នក​អង្គរ (២០០៣), ក្រដាស​មិនអាច​ខ្ចប់​ភ្លើង​បានទេ (២០០៦), ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក (២០១២), ផ្នូរ​ដែល​គ្មាន​ឈ្មោះ (​ឆ្នាំ​២០១៨) ជាដើម​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ស្នាដៃ​រឿង​ដែលមាន​ចំណងជើង​ថា «​កង្វះ​រូបភាព​» (The Missing Picture) បាន​ជាប់​ក្នុង​ជម្រើស​ចុងក្រោយ នៃ​ការប្រកួត​ដណ្ដើមយក​ពានរង្វាន់​អូ​ស្ការ កាលពី​ឆ្នាំ ២០១៣​។ ស្ថាបនិក​មជ្ឈមណ្ឌល​បុប្ផា​ណា រូបនេះ ក៏បាន​ចូលរួម​ផលិត​ជាមួយ​តារាភាពយន្ត​ហូលីវូដ លោកស្រី Angelina Jolie សម្រាប់​ខ្សែភាពយន្ត «​មុនដំបូង គេ​សម្លាប់​ឪពុក​ខ្ញុំ​» ផងដែរ​។ 
 
​ក្នុង​បទ​សម្ភាស ដែល​ស្រង់​ដោយ​គេហទំព័រ​ផ្លូវការ​របស់​មហោស្រព​ក្រុង​កាន លោក ប៉ាន់ រិទ្ធី បានបង្ហាញ​ពី​អារម្មណ៍​រំភើប​ប្រកបដោយ​មោទកភាព ដោយ​លោក​ទទួលបាន​តួនាទី​ដ៏​ធំ ក្នុង​កម្មវិធី​ប្រកួតប្រជែង​ភាពយន្ត​លំដាប់​ពិភពលោក ដែលមាន​កំណើត​តាំងពី​ឆ្នាំ​១៩៤៦​មក​៕

Tag:
 ប៉ាន់ រិទ្ធី​
  មហោស្រព​ភាព​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com