អន្តរជាតិ
កូរ៉េខាងជើង​ថា បាញ់​មី​ស៊ី​ល​និង​រ៉ុក្កែត​នៅ​ចុង​សប្ដាហ៍​មុន ជា​សមយុទ្ធ​ការពារ​ខ្លួន​ប៉ុណ្ណោះ​
09, May 2019 , 3:01 pm        
រូបភាព
គ្រាប់រ៉ុក្តែតត្រូវបានចេញ អំឡុងសមយុទ្ធថ្ងៃទី៤ ខែឧសភា។ រូបភាព KCNA
គ្រាប់រ៉ុក្តែតត្រូវបានចេញ អំឡុងសមយុទ្ធថ្ងៃទី៤ ខែឧសភា។ រូបភាព KCNA
​កូរ៉េខាងជើង នៅ​ថ្ងៃទី​៨ ខែឧសភា បាន​ចេញមក​ការពារ​ការធ្វើ​សមយុទ្ធ​បាញ់​កាំជ្រួច និង​មី​ស៊ី​ល​របស់ខ្លួន​កាលពី​ចុង​សប្ដាហ៍​មុន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង អះអាងថា សមយុទ្ធ​នេះ គឺជា​ការ​លំ​ហាត់​ធម្មតា និង​ជាការ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។ វា​ជា​លើកដំបូង​រាប់​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​កូរ៉េខាងជើង​បាញ់​រ៉ុ​ក្តែ​ត ឬ​មី​ស៊ី​ល​បែបនេះ ស្របពេល​ការចរចា​ជាមួយ​អាមេរិក​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ កំពុង​ជាប់គាំង​។​

 
​ជា​សរុប​កាំជ្រួច​រ៉ុក្កែត​ជាច្រើន​ដើម និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ខ្លី​យ៉ាងហោចណាស់​មួយគ្រា​ប់​ផង​នោះ ត្រូវបាន​បាញ់​អំឡុង «​សមយុទ្ធ​ប្រយុទ្ធ​» កាលពី​ថ្ងៃទី​៤ ខែឧសភា​កន្លងទៅ​។ សមយុទ្ធ​នេះ ធ្វើឡើង​នៅ​តំបន់ឆ្នេរ​ខាងកើត ក្រោម​ការដឹកនាំ​ដោយផ្ទាល់​ពី​សំណាក់​ប្រមុខ​ដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន ។ គ្រាប់​កាំជ្រួច​ជាច្រើន បាន​ធ្លាក់ចូល​សមុទ្រ​ជប៉ុន ឬ​សមុទ្រ​ខាងកើត​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​ផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ និយាយថា សមយុទ្ធ​ខាងលើនេះ គ្មាន​គោលដៅ​អ្វី​ក្រៅពី​ការហ្វឹកហាត់​ជាប្រចាំ​របស់​កងទ័ព​កូរ៉េខាងជើង​ឡើយ ហើយក៏​មិន​គំរាមកំហែង​នរណា ឬ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​តំបន់​ដែរ​។   
 
​អាមេរិក​ដែល​កំពុង​ចរចា​ជាមួយ​កូរ៉េខាងជើង​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ​នោះ មិនបាន​បង្ហាញ​ប្រតិកម្ម​ខ្លាំង​ក្រោយ​ការបាញ់​នេះឡើយ​។ នៅ​ថ្ងៃទី​៨ ខែឧសភា រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការពារជាតិ​អាមេរិក ផា​ទ្រី​ក សា​ណា​ហាន់ ប្រាប់​កិច្ចប្រជុំ​អនុគណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​ថា កូរ៉េខាងជើង​ពិតជា​បាន​គ្រាប់​រ៉ុក្កែត និង​មី​ស៊ី​ល​មែន​។ វា​ជា​លើកដំបូង​ដែល​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក តាំងពី​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ចុងក្រោយ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ​។​
 
​ខណៈ​អាមេរិក​មិន​និយាយ​អ្វី​ច្រើន កូរ៉េខាងត្បូង​ដែល​ស្ថិតក្នុង​រង្វង់​គោលដៅ​នៃ​គ្រាប់​រ៉ុ​ក្តែ​ត​ទាំងនោះ ក៏​ចេញមុខ​រិះគន់​កូរ៉េខាងជើង ហើយ​ប្រាប់​បងប្អូន​មួយ​នេះ​ឲ្យ​ឈប់​ធ្វើ​ទង្វើ​បង្ក​ភាព​តានតឹង​ផ្នែក​យោធា​ដូចនេះ​ទៀត​។ សម្ដី​របស់​កូរ៉េខាងជើង បែរជា​ធ្វើ​ឲ្យ​កូរ៉េខាងជើង​មិន​សប្បាយចិត្ត​យ៉ាងខ្លាំង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​ខាងលើ ផ្សាយ​ថា អ្នកនាំពាក្យ​ប្រតិភូ​យោធា​កូរ៉េខាងជើង​សម្រាប់​ការចរចា​ជាមួយ​កូរ៉េខាងត្បូង ប្រាប់​ឲ្យ​កូរ៉េខាងត្បូង​គិតគូរ​ឲ្យ​ម៉ត់ចត់​មុននឹង​និយាយស្ដី​។​
 
​អ្នកនាំពាក្យ​ដដែល​នេះ ក៏​វាយបក​ទៅកាន់​ក្រុង​សេ​អ៊ូ​ល​វិញ​ជុំវិញ​ការធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​អាមេរិក និង​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស THAAD នៅ​ឧបទ្វីប​កូរ៉េ​ទៀតផង​។ មន្ត្រី​យោធា​កូរ៉េខាងជើង​រូបនេះ ក៏​បង្ហើប​ពី​គម្រោង​ធ្វើ​សមយុទ្ធ​ច្រើនលើក​ទៀត ហើយ​លើ​ក្រោយៗ នឹងមាន​វត្តមាន​អាវុធយុទ្ធភណ្ឌ​កាន់តែ​ទំនើបៗ​ផងដែរ​៕ 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com