អន្តរជាតិ
កូរ៉េខាងជើងថា បាញ់មីស៊ីលនិងរ៉ុក្កែតនៅចុងសប្ដាហ៍មុន ជាសមយុទ្ធការពារខ្លួនប៉ុណ្ណោះ គ្រាប់រ៉ុក្តែតត្រូវបានចេញ អំឡុងសមយុទ្ធថ្ងៃទី៤ ខែឧសភា។ រូបភាព KCNA
× កូរ៉េខាងជើង នៅថ្ងៃទី៨ ខែឧសភា បានចេញមកការពារការធ្វើសមយុទ្ធបាញ់កាំជ្រួច និងមីស៊ីលរបស់ខ្លួនកាលពីចុងសប្ដាហ៍មុន។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង អះអាងថា សមយុទ្ធនេះ គឺជាការលំហាត់ធម្មតា និងជាការការពារខ្លួនប៉ុណ្ណោះ។ វាជាលើកដំបូងរាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ដែលកូរ៉េខាងជើងបាញ់រ៉ុក្តែត ឬមីស៊ីលបែបនេះ ស្របពេលការចរចាជាមួយអាមេរិកជុំវិញកម្មវិធីនុយក្លេអ៊ែរ កំពុងជាប់គាំង។
ជាសរុបកាំជ្រួចរ៉ុក្កែតជាច្រើនដើម និងមីស៊ីលបាលីស្ទិកចម្ងាយខ្លីយ៉ាងហោចណាស់មួយគ្រាប់ផងនោះ ត្រូវបានបាញ់អំឡុង «សមយុទ្ធប្រយុទ្ធ» កាលពីថ្ងៃទី៤ ខែឧសភាកន្លងទៅ។ សមយុទ្ធនេះ ធ្វើឡើងនៅតំបន់ឆ្នេរខាងកើត ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ប្រមុខដឹកនាំវ័យក្មេង គីម ជុងអ៊ុន ។ គ្រាប់កាំជ្រួចជាច្រើន បានធ្លាក់ចូលសមុទ្រជប៉ុន ឬសមុទ្រខាងកើត។
ក្នុងសេចក្ដីថ្លែងការណ៍ដែលផ្សាយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងដែលមិនបញ្ចេញឈ្មោះម្នាក់ និយាយថា សមយុទ្ធខាងលើនេះ គ្មានគោលដៅអ្វីក្រៅពីការហ្វឹកហាត់ជាប្រចាំរបស់កងទ័ពកូរ៉េខាងជើងឡើយ ហើយក៏មិនគំរាមកំហែងនរណា ឬធ្វើឲ្យមានភាពតានតឹងក្នុងតំបន់ដែរ។
អាមេរិកដែលកំពុងចរចាជាមួយកូរ៉េខាងជើងជុំវិញសំណុំរឿងនុយក្លេអ៊ែរនោះ មិនបានបង្ហាញប្រតិកម្មខ្លាំងក្រោយការបាញ់នេះឡើយ។ នៅថ្ងៃទី៨ ខែឧសភា រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក ផាទ្រីក សាណាហាន់ ប្រាប់កិច្ចប្រជុំអនុគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកថា កូរ៉េខាងជើងពិតជាបានគ្រាប់រ៉ុក្កែត និងមីស៊ីលមែន។ វាជាលើកដំបូងដែលកូរ៉េខាងជើងសាកល្បងមីស៊ីលបាលីស្ទិក តាំងពីការសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបចុងក្រោយក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
ខណៈអាមេរិកមិននិយាយអ្វីច្រើន កូរ៉េខាងត្បូងដែលស្ថិតក្នុងរង្វង់គោលដៅនៃគ្រាប់រ៉ុក្តែតទាំងនោះ ក៏ចេញមុខរិះគន់កូរ៉េខាងជើង ហើយប្រាប់បងប្អូនមួយនេះឲ្យឈប់ធ្វើទង្វើបង្កភាពតានតឹងផ្នែកយោធាដូចនេះទៀត។ សម្ដីរបស់កូរ៉េខាងជើង បែរជាធ្វើឲ្យកូរ៉េខាងជើងមិនសប្បាយចិត្តយ៉ាងខ្លាំង។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋកូរ៉េខាងជើងខាងលើ ផ្សាយថា អ្នកនាំពាក្យប្រតិភូយោធាកូរ៉េខាងជើងសម្រាប់ការចរចាជាមួយកូរ៉េខាងត្បូង ប្រាប់ឲ្យកូរ៉េខាងត្បូងគិតគូរឲ្យម៉ត់ចត់មុននឹងនិយាយស្ដី។
អ្នកនាំពាក្យដដែលនេះ ក៏វាយបកទៅកាន់ក្រុងសេអ៊ូលវិញជុំវិញការធ្វើសមយុទ្ធរួមគ្នាជាមួយអាមេរិក និងការពង្រាយប្រព័ន្ធការពារអាកាស THAAD នៅឧបទ្វីបកូរ៉េទៀតផង។ មន្ត្រីយោធាកូរ៉េខាងជើងរូបនេះ ក៏បង្ហើបពីគម្រោងធ្វើសមយុទ្ធច្រើនលើកទៀត ហើយលើក្រោយៗ នឹងមានវត្តមានអាវុធយុទ្ធភណ្ឌកាន់តែទំនើបៗផងដែរ៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com