អន្តរជាតិ
លោក Lotay Tshering ៖ ចន្ទ​ដល់​សុក្រ​ជា​នាយករដ្ឋមន្ត្រី​ប៊ូ​តង់ ឯ​ចុង​សប្ដាហ៍​ជា​វេជ្ជបណ្ឌិត​វះកាត់​
09, May 2019 , 9:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីប៉ូតង់ លោក Lotay Tshering (ប្រភពរូប៖ AFP)
នាយករដ្ឋមន្ត្រីប៉ូតង់ លោក Lotay Tshering (ប្រភពរូប៖ AFP)
ដោយ:
​លោក Lotay Tshering មិន​ត្រឹមតែ​ជា​នាយករដ្ឋមន្ត្រី​របស់​រាជាណាចក្រ​ប៊ូ​តង់​ឡើយ តែ​ជា​វេជ្ជបណ្ឌិត​សកម្ម​ម្នាក់​ផង​។ អំឡុង​ថ្ងៃ​ធ្វើការ លោក Tsering បំពេញការងារ​ជា​មេដឹកនាំ​ប្រទេសជាតិ ប៉ុន្តែ​នៅ​ចុង​សប្ដាហ៍​លោក​ជា​គ្រូពេទ្យ​ផ្នែក​វះកាត់​ម្នាក់​នៃ​ប្រទេស​ក្នុង​តំបន់​ជួរ​ភ្នំ​ហិ​ម៉ា​ល័យ ដែល​ល្បីល្បាញ​ជាមួយនឹង​ស​ន្ទ​ទស្សន៍​សុភមង្គល​ជាតិ (GNH) ផងដែរ​។​

 
​លោក Lotay Tshering ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ធ្វើជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំមុន​ក្នុងការ​បោះឆ្នោត​លើក​ទី​បី​របស់ខ្លួន ចាប់តាំងពី​បញ្ចប់​លទ្ធិ​រាជានិយម​ផ្តាច់ការ​កាលពី​ឆ្នាំ​២០០៨​មក​។ ថ្លែង​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​រូបនេះ បានចាត់ទុក ការជួយ​ព្យាបាល​អ្នកជំងឺ​នេះ ជា​វិធីសាស្ត្រ​កាត់បន្ថយ​ស្ត្រេ​ស (stress) សម្រាប់​ខ្លួន​លោក​ផ្ទាល់​។ 
 
«​អ្នកខ្លះ ចូលចិត្ត​លេង​វាយ​កូន​ហ្កោ​ល (golf), អ្នកខ្លះ​លេង​បាញ់​ធ្នូ ចំណែក​ខ្ញុំ​ចូលចិត្ត​ការវះកាត់ និង​ព្យាបាល​។ ខ្ញុំ​ចូលចិត្ត​ចំណាយពេល​វេលា​ចុង​សប្តាហ៍​នៅ​មន្ទីរពេទ្យ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកនាយក​រដ្ឋមន្ត្រី​វ័យ ៥០​ឆ្នាំ​រូបនេះ​។ 


 
​បើតាម AFP លោក Tshering ចំណាយពេល​ថ្ងៃ​សៅរ៍ ព្យាបាល​អ្នកជំងឺ និង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ផ្តល់​ការប្រឹក្សា​យោបល់​ពាក់ព័ន្ធ​នឹង​ផ្នែក​វេជ្ជសាស្ត្រ​ដល់​គ្រូពេទ្យ និង​អ្នក​ហ្វឹកហាត់​។ ចំណែក ថ្ងៃអាទិត្យ លោកនាយក​រដ្ឋមន្ត្រី​រូបនេះ តែងតែ​ចំណាយពេល​ជាមួយ​ក្រុមគ្រួសារ​លោក​។ 
 
​ត្រឡប់​មកដល់​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី លោក Tshering គូសបញ្ជាក់ថា សកម្មភាព​របស់លោក​ធ្វើជា​វេជ្ជបណ្ឌិត​នេះ គឺជា​ការ​ដាស់តឿន​មួយ​ជុំវិញ​ការសន្យា​អំឡុង​យុទ្ធនាការ​បោះឆ្នោត ដែល​បក្ស​លោក​ផ្តោត​សំខាន់​លើ​វិស័យ​សុខាភិបាល​។ 


 
​សូមបញ្ជាក់ថា ប៊ូ​តង់ គឺជា​ប្រទេស​កាន់សាសនា​ព្រះពុទ្ធ​ដ៏​ធំ​មួយ ដែល​ស្ថិតក្នុង​តំបន់​អាស៊ី​ខាងត្បូង​។ ប្រទេស​ដែលមាន​ប្រជាជន​សរុប ៧៥​ម៉ឺន​នាក់​នេះ មាន​ភាពល្បីល្បាញ​ខ្លាំង ដោយសារ​ការយកចិត្ត​ទុកដាក់​លើ​សុភមង្គល​ពលរដ្ឋ ច្រើនជាង​កំណើនសេដ្ឋកិច្ច​។ សសរ​គោល​មួយ​នៃ GNH របស់​ប្រទេស​នេះ គឺ​ការអភិរក្ស​បរិស្ថាន​។ ប៊ូ​តង់ គឺជា​ប្រទេស​តែមួយគត់​ក្នុង​លោក​ដែល​គ្មាន​កាបូនឌីអុកស៊ីត (carbon negative) ដ្បិត​រដ្ឋធម្មនុញ​រប​ស់​រដ្ឋ​មួយ​នេះ តម្រូវ​ឲ្យ​រក្សា​វិសាលភាព​ព្រៃឈើ​ដល់​ទៅ ៦០​ភាគរយ​៕
 

Tag:
 ​ប៊ូ​តង់​
  នាយករដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com