អន្តរជាតិ
លោក Lotay Tshering ៖ ចន្ទដល់សុក្រជានាយករដ្ឋមន្ត្រីប៊ូតង់ ឯចុងសប្ដាហ៍ជាវេជ្ជបណ្ឌិតវះកាត់ នាយករដ្ឋមន្ត្រីប៉ូតង់ លោក Lotay Tshering (ប្រភពរូប៖ AFP)
× លោក Lotay Tshering មិនត្រឹមតែជានាយករដ្ឋមន្ត្រីរបស់រាជាណាចក្រប៊ូតង់ឡើយ តែជាវេជ្ជបណ្ឌិតសកម្មម្នាក់ផង។ អំឡុងថ្ងៃធ្វើការ លោក Tsering បំពេញការងារជាមេដឹកនាំប្រទេសជាតិ ប៉ុន្តែនៅចុងសប្ដាហ៍លោកជាគ្រូពេទ្យផ្នែកវះកាត់ម្នាក់នៃប្រទេសក្នុងតំបន់ជួរភ្នំហិម៉ាល័យ ដែលល្បីល្បាញជាមួយនឹងសន្ទទស្សន៍សុភមង្គលជាតិ (GNH) ផងដែរ។
លោក Lotay Tshering ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីកាលពីឆ្នាំមុនក្នុងការបោះឆ្នោតលើកទីបីរបស់ខ្លួន ចាប់តាំងពីបញ្ចប់លទ្ធិរាជានិយមផ្តាច់ការកាលពីឆ្នាំ២០០៨មក។ ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំរូបនេះ បានចាត់ទុក ការជួយព្យាបាលអ្នកជំងឺនេះ ជាវិធីសាស្ត្រកាត់បន្ថយស្ត្រេស (stress) សម្រាប់ខ្លួនលោកផ្ទាល់។
«អ្នកខ្លះ ចូលចិត្តលេងវាយកូនហ្កោល (golf), អ្នកខ្លះលេងបាញ់ធ្នូ ចំណែកខ្ញុំចូលចិត្តការវះកាត់ និងព្យាបាល។ ខ្ញុំចូលចិត្តចំណាយពេលវេលាចុងសប្តាហ៍នៅមន្ទីរពេទ្យ»។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីវ័យ ៥០ឆ្នាំរូបនេះ។
បើតាម AFP លោក Tshering ចំណាយពេលថ្ងៃសៅរ៍ ព្យាបាលអ្នកជំងឺ និងព្រឹកថ្ងៃព្រហស្បតិ៍ ផ្តល់ការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងផ្នែកវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងអ្នកហ្វឹកហាត់។ ចំណែក ថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីរូបនេះ តែងតែចំណាយពេលជាមួយក្រុមគ្រួសារលោក។
ត្រឡប់មកដល់ការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Tshering គូសបញ្ជាក់ថា សកម្មភាពរបស់លោកធ្វើជាវេជ្ជបណ្ឌិតនេះ គឺជាការដាស់តឿនមួយជុំវិញការសន្យាអំឡុងយុទ្ធនាការបោះឆ្នោត ដែលបក្សលោកផ្តោតសំខាន់លើវិស័យសុខាភិបាល។
សូមបញ្ជាក់ថា ប៊ូតង់ គឺជាប្រទេសកាន់សាសនាព្រះពុទ្ធដ៏ធំមួយ ដែលស្ថិតក្នុងតំបន់អាស៊ីខាងត្បូង។ ប្រទេសដែលមានប្រជាជនសរុប ៧៥ម៉ឺននាក់នេះ មានភាពល្បីល្បាញខ្លាំង ដោយសារការយកចិត្តទុកដាក់លើសុភមង្គលពលរដ្ឋ ច្រើនជាងកំណើនសេដ្ឋកិច្ច។ សសរគោលមួយនៃ GNH របស់ប្រទេសនេះ គឺការអភិរក្សបរិស្ថាន។ ប៊ូតង់ គឺជាប្រទេសតែមួយគត់ក្នុងលោកដែលគ្មានកាបូនឌីអុកស៊ីត (carbon negative) ដ្បិតរដ្ឋធម្មនុញរបស់រដ្ឋមួយនេះ តម្រូវឲ្យរក្សាវិសាលភាពព្រៃឈើដល់ទៅ ៦០ភាគរយ៕
Tag:
ប៊ូតង់
នាយករដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com