ជាតិ
សង្គមជាតិ
សម្តេច ស ខេង ប្រាប់លោកស្រី ស្មីត ពីការខិតខំរបស់រដ្ឋាភិបាល លើការលើកកម្ពស់សង្គមស៊ីវិល ជំនួបរវាងសម្តេច ស ខេង និង លោកស្រី ស្មីត
× សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ប្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថាសង្គមស៊ីវិលដែលមានវត្តមានក្នុងប្រទេសកម្ពុជាមានសិទ្ធិសេរីភាពពេញលេញលើការប្រតិបត្តិការការងាររបស់ខ្លួន ហើយករណីមួយចំនួនដែលបានកើតឡើង មិនមែនជាគោលការរបស់ក្រសួងនោះទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងប្រាប់អ្នកកាសែត ក្រោយជំនួបរវាងសម្តេច ស ខេង និងលោកស្រី រ៉ូណា ស្មីត កាលពីថ្ងៃទី៨ ខែឧសភា។
នាជំនួបអ្នកស្រី រ៉ូណា ស្មីត បានលើកឡើងពីកង្វល់ទាក់ទងនឹងការរឹតត្បិតសេរីភាពលើអង្គការសង្គមស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសតាមរយៈច្បាប់អង្គការសង្គមស៊ីវិល។ លើសពីនេះអ្នកស្រីក៏បានលើកឡើងពីការ ធ្វើវិសោធនកម្មលើមាត្រមួយចំនួននៃច្បាប់សង្គមស៊ីវិលនេះផងដែរ។
បើតាម លោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ សម្តេច ស ខេង បានឆ្លើយតបថា ក្រសួងបានដាក់ចេញនូវយន្តការឲ្យមានការជួបគ្នារវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ចំនួនពីរដងក្នុងមួយឆ្នាំ (ខែមករា និងខែកក្កដា) ដែលបើកឱកាសឲ្យអង្គការសង្គមស៊ីវិលលើកឡើងពីបញ្ហាប្រឈម និងក្តីកង្វល់ផ្សេងៗ របស់ខ្លួនដើម្បីយកមកពិភាក្សារកដំណោះស្រាយរួមគ្នា ដើម្បីជាប្រយោជន៍ទាំងអស់គ្នាក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធិភាព ព្រមទាំងជាការបង្កើនទំនុកចិត្តរវាងអង្គការសង្គមស៊ីវិល និងរដ្នាភិបាលផងដែរ។
ចំពោះវិសោធនកម្មច្បាប់អង្គការសង្គមស៊ីវិលវិញ សម្តេចបានលើកឡើងថា ប្រសិនបើអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធយល់ថានៅមានចំនុចខ្វះខាតណាមួយនៃច្បាប់នេះ ដែលត្រូវកែលម្រឲ្យកាន់តែប្រសើនោះ រាជរដ្ឋាភិបាលស្វាគមន៍ជានិច្ច រាល់គំនិតល្អៗ ដើម្បីជាប្រយោជន៍រួម។ ប៉ុន្តែសម្តេចបានសង្កត់ធ្ងន់ថាការកែលម្អត្រូវតែធ្វើការសិក្សារឲ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
«សម្ដេចក្រឡាហោមបានបញ្ជាក់លោកស្រីស្មីតថា ករណីមួយចំនួនមិនមែនជាគោលការណ៍របស់រាជរដ្ឋាភិបាល ក៏មិនមែនជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃនោះទេ ប្រសិនបើមានករណីមិនប្រក្រតីណាមួយ សម្ដេចសុំឲ្យអង្គការសង្គមស៊ីវិល លើកយកបញ្ហាទាំងនោះមកជួបពិភាក្សាគ្នា៦ខែម្ដង ដើម្បីដោះស្រាយរួមគ្នា»។ នេះបើតាមសម្តីរដ្ឋមន្ត្រីមហាផ្ទៃ ដែលអ្នកនាំពាក្យរៀបរាប់ប្រាប់អ្នកកាសែត ដោយបន្ថែមថា វាអាចមានបញ្ហាខ្វះចន្លោះដោយប្រការណាមួយនៅតាមមូលដ្ឋាន ឬទីតាំងណាមួយ ប៉ុន្តែត្រូវមានការជជែកគ្នាដោយត្រង់ទៅត្រង់មកតាមយន្តការណ៍ដែលមានស្រាប់។
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗក្រោយជំនួបថា អ្នកស្រីបានពិភាក្សាលើបញ្ហាមួយចំនួន ដូចជាភាពចង្អៀតណែននៃពន្ធនាគារ យុទ្ធនាការណ៍បង្រាបគ្រឿងញៀន ច្រកចេញចូលតែមួយ និងការរឹតត្បិតសិទ្ធិសេរីភាពលើសង្គមស៊ីវិល។
អ្នកស្រីបានបញ្ជាក់ថា៖ «យើងបានជជែកគ្នាលើបញ្ហាសិទ្ធិសេរីភាពនៃការជួបជុំ និងការប្រើប្រាស់អំណាចរបស់ មន្ត្រីប៉ូលិស និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងការងាររបស់ក្រសួងដើម្បីកសាងទំនាក់ទំនងល្អរវាងរាដ្ឋាភិបាល និងសង្គមស៊ីវិល ទាំងថ្នាក់ជាតិ ក្រោមជាតិ និងការពង្រឹងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋតាមរយៈច្រកចេញចូលតែមួយ»៕
Tag:
សង្គមស៊ីវិល
សម្តេច ស ខេង
រ៉ូណា ស្មីត
© រក្សាសិទ្ធិដោយ thmeythmey.com