អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្ម​ថ្មី​ដើម្បី​ខ្ទប់​ប្រភព​ចំណូល​ធំ​ទី​ពីរ​របស់​អ៊ីរ៉ង់​
09, May 2019 , 9:59 pm        
រូបភាព
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៨ ខែឧសភា បានប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​មួយទៀត​លើ​ឧស្សាហកម្ម​លោហធាតុ​របស់​អ៊ីរ៉ង់​។ ការនាំចេញ​លោហធាតុ គឺជា​ប្រភព​ចំណូល​ធំ​ទី​ពីរ​បស់​អ៊ីរ៉ង់​បន្ទាប់ពី​វិស័យ​ប្រេង​ដែល​អាមេរិក​បានដាក់​ទណ្ឌកម្ម​ជាច្រើន​ហើយ​នោះ​។ គេ​មិនដឹងថា អាមេរិក​ទើប​មាន​គម្រោង​ដាក់ទណ្ឌកម្ម​លើ​វិស័យនេះ ឬ​ចង់​ដាក់​ជា​យូរ​ឡើយ ប៉ុន្តែ​ការប្រកាស​ទណ្ឌកម្ម​នេះ ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​អ៊ីរ៉ង់​ប្រកាស​ឈប់​អនុវត្តតាម​លក្ខខណ្ឌ​ខ្លះ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ។​

 
​ក្រោយ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្ដើម​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង និង​ធនាគារ​របស់​អ៊ីរ៉ង់​។ ការនាំចេញ​ប្រេង​ទៅ​បរទេស ជា​ប្រភព​ចំណូល​ធំជាងគេ​របស់​អ៊ីរ៉ង់ ហើយ​ទណ្ឌកម្ម​អាមេរិក​លើ​វិស័យនេះ មាន​គោលដៅ​បង្ខំ​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​រាល់​សកម្មភាព​គំរាមកំហែង​ទាំងអស់ ពិសេស​បញ្ឈប់​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់ខ្លួន​។ សេដ្ឋកិច្ច​អ៊ីរ៉ង់ ក៏​យ៉ាប់យ៉ឺន​ខ្លាំង​ដោយសារ​ទណ្ឌកម្ម​អាមេរិក​។​
 
​នៅ​ថ្ងៃទី​៨ ខែឧសភា​នេះ លោក ត្រាំ ក៏​ចុះហត្ថលេខា​ដាក់ទណ្ឌកម្ម​លើ​ប្រភព​ចំណូល​ធំ​ទី​ពីរ​របស់​អ៊ីរ៉ង់ គឺ​ឧស្សាហកម្ម​លោហធាតុ​។ ក្នុងទិសដៅ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ៊ីរ៉ង់​កាន់តែ​ទន់ខ្សោយ ទណ្ឌកម្ម​ចុងក្រោយ នឹងដាក់​ពិន័យ​ប្រទេស​ណា​ដែល​ហ៊ាន​ទិញ​ដែក ដែកថែប អាលុយមីញ៉ូម និង​ទង់ដែង​ពី​អ៊ីរ៉ង់​។ សេត​វិមាន​អាមេរិក​អះអាងថា ការនាំចេញ​ដែក និង​វិស័យ​រ៉ែ គឺជា​ប្រភព​ចំណូល​បរទេស​ដ៏​ធំ​មួយ​របស់​ក្រុង​តេ​ហេ​រ៉ង់ ដែលមាន​ទំហំ​១០​ភាគរយ​នៃ​ការនាំចេញ​សរុប​។​
 
​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ធ្លាក់​លើ​អ៊ីរ៉ង់​នេះ កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​អ៊ីរ៉ង់​ប្រកាស​មិន​អនុវត្តតាម​លក្ខខណ្ឌ​ខ្លះ​នៃ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ។ ការប្រកាស​របស់​អ៊ីរ៉ង់ ជា​គំរាមកំហែង​ដល់​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​នេះ ខណៈ​ហត្ថលេខី​ប្រាំ​ប្រទេស​មាន​រុស្ស៊ី ចិន បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ក៏ដូចជា​សហភាព​អឺរ៉ុប​ដែល​ដើរតួ​សំខាន់​ដែរនោះ ព្យាយាម​ការពារ​មិន​ឲ្យ​ដួលរលំ​ឡើយ​។ ប៉ុន្តែ​អ៊ីរ៉ង់​ហាក់​ខកចិត្ត​នឹង​ប្រទេស​ទាំងនេះ ដែល​អាចជួយ​ខ្លួន​ឲ្យ​គេច​ផុតពី​ក្រញាំ​ទណ្ឌកម្ម​អាមេរិក​។​
 
​ក្រុង​តេ​ហេ​រ៉ង់ ប្រកាស​ទុកពេល​ឲ្យ​សមាជិក​ផ្សេងទៀត​នៃ​កិច្ចព្រមព្រៀង​រក​ផ្លូវ​ចេញ​ឲ្យ​បាន​ក្នុង​រយៈពេល​៦០​ថ្ងៃ បើ​ពុំ​ដូច្នោះ​ទេ ខ្លួន​នឹង​បន្ត​លែង​អនុវត្តតាម​លក្ខខណ្ឌ​ដទៃទៀត​។ យ៉ាងណាមិញ លោក ត្រាំ បាន​ព្រមាន​ចាត់វិធានការ​កាន់តែខ្លាំង​ថែមទៀត បើ​មិន​ព្រម​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់ខ្លួន​ទេនោះ​។ ទោះ​បាន​ព្រមាន​ប្រើ​ធម៌​ក្ដៅ និង​បាន​ប្រើ​រួចហើយ​ក្ដី មេដឹកនាំ​អាមេរិក​រូបនេះ​ក៏​ត្រៀម​ចរចា​ដោយផ្ទាល់​ជាមួយ​សម​ភាគី​អ៊ីរ៉ង់​។​
 
«​ខ្ញុំ​ទន្ទឹងរង់ចាំ​ជំនួប​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​មួយ ហើយ​កាន់តែ​សំខាន់​ទៅទៀត​នោះ គឺ​ការបោះ​ជំហាន​ទៅមុខ​ដើម្បី​ផ្ដល់​ឲ្យ​អ៊ីរ៉ង់​នូវ​អ្វីដែល​ប្រទេស​សម​នឹង​ទទួល​។​» នេះ​ជាការ​លើកឡើង​របស់លោក​ប្រធានាធិបតី​អាមេរិក​។ ក្នុងការ​ជួបជុំ​មួយ​នៅ​រដ្ឋ Florida លោក ត្រាំ ក៏​សង្ឃឹមថា កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់ នឹង​សម្រេចបាន​នៅពេល​ណាមួយ ដ្បិត​អាមេរិក​មិន​ចង់​ធ្វើបាប​ប្រទេស​ណា​ឡើយ គ្រាន់តែ​មិន​ចង់​ឲ្យ​មាន​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​៕ 

Tag:
 ​អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com