តើ Arsenal និង Chelsea អាចធ្វើ​ឲ្យ​ក្រុម​អង់គ្លេស​៤​ឡើងទៅ​ប្រជែង​ពាន​ធំ​២​របស់​អឺរ៉ុប​បាន​ឬទេ​?
កីឡាអន្តរជាតិ
អន្តរជាតិ
តើ Arsenal និង Chelsea អាចធ្វើ​ឲ្យ​ក្រុម​អង់គ្លេស​៤​ឡើងទៅ​ប្រជែង​ពាន​ធំ​២​របស់​អឺរ៉ុប​បាន​ឬទេ​?
09, May 2019 , 4:37 pm        
រូបភាព
Arsenal ត្រូវ​ត្រឡប់​ទៅ​ជួប Valencia សម្រាប់​ការប្រកួត​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Europa League ស្របពេល Chelsea ទទួល​ស្វាគមន៍ Eintracht Frankfurt នៅ​យប់​ថ្ងៃទី​៩ ខែឧសភា វេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ ដើម្បី​យក​ពីរ​ក្រុម​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​


 
​វា​នឹង​ក្លាយជា​ព្រឹត្តិការណ៍​មួយ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ប្រសិនបើ Arsenal និង Chelsea អាច​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​លំដាប់​ទី​២​អឺ​រ៉ុ​ន​នេះ​បាន​។ អង់គ្លេស​នឹង​ក្លាយជា​ប្រទេស​ទី​១​ដំបូង​បំផុត​ដែលមាន​ក្រុម​ពី​លី​គ​កំពូល​របស់ខ្លួន​ដល់​ទៅ​៤​អាច​ឡើងទៅ​ប្រជែង​គ្នា​យក​ជើងឯក​ពាន​ធំ​នៅ​អឺរ៉ុប​ទាំងពីរ ខណៈដែល Liverpool និង Tottenham Hotspur បាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រួចរាល់​ហើយ​។​


 
​ក្រុម​កាំភ្លើង​ធំ​បាន​យកឈ្នះ​ក្រុម​ពី​អេ​ស្ប៉ា​ញ Valencia ក្នុង​លទ្ធផល ៣-១ កាលពី​ជើង​ទី​១​នៅ​ទឹកដី Emirate​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុម​របស់លោក Unai Emery មានប្រៀប​ជាង​គូប្រជែង​សម្រាប់​ជំនួប​ទី​២​នៅ​ទឹកដី Mestalla ដើម្បី​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​


 
​ចំណែក​តោ​ខៀវ Chelsea វិញ ពួកគេ​នឹង​បើក​កីឡដ្ឋាន Stamford Bridge សម្រាប់​ជំនួប​ជើង​ទី​២ ដើម្បី​តតាំង​ជាមួយ​ក្រុម​ពី​អាល្លឺម៉ង់ Frankfurt បន្ទាប់ពី​ពួកគេ​បញ្ចប់​ការប្រកួត​ជើង​ទី​១​ដោយ​លទ្ធផល​ស្មើគ្នា ១-១​។​
 
​យ៉ាងណា​ក្រុម​របស់លោក Maurizio Sarri ក៏មាន​ប្រៀប​បន្តិចបន្តួច​ដែរ​លើ​ក្រុម​គូប្រជែង ដ្បិត​មាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី​១​គ្រាប់​។​
​កំណត់ត្រា​ថ្មី​សន្លាង​មួយ​នឹង​កើតឡើង​មិន​ខាន ដោយ​គ្រាន់តែ Arsenal និង Chelsea ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League រដូវ​កាល​នេះ​៕
 

Tag:
 បាល់ទាត់​
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com