ONE Championship
កីឡាជាតិ
ជាតិ
គ្រូ​គុន​ចម្រុះ Mccune ជា​អង្គរក្ស Ryan Giggs និង​តារា​ល្បីៗ​ផ្សេងទៀត​ពេល​មក​កម្ពុជា​
09, May 2019 , 10:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី   
 
​គ្រូបង្វឹក​សញ្ជាតិ​ស្កុ​តឡែ​ន Alan Mccune ដែល​គេ​ស្គាល់​ថា​ជា​គ្រូបង្វឹក​គុន​ចម្រុះ​របស់ ខុន ស៊ី​ចាន់ នោះបាន​ចូល​បម្រើ​ការងារ​ជា​អង្គរក្ស​តាំងពី​ឆ្នាំ ១៩៩៣ នៅ​ប្រទេស​ស្កុ​តឡែ​ន និង បន្ត​មក​ការពារ​តារា​ល្បីៗ​មួយចំនួន​ពេល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​មួយរយៈ​ចុងក្រោយ​នេះ​។​

 
​គ្រូបង្វឹក​គុន​ចម្រុះ​នៅ​ក្លិប Phnom Penh MMA រូបនេះ​បញ្ជាក់ថា ៖«​ខ្ញុំ​ចាប់​ផ្ដើមធ្វើ​ការងារ​ជា​អង្គរក្ស​នៅ​ឆ្នាំ ១៩៩៣ នៅ ស្កុ​តឡែ​ន​។ ខ្ញុំ​ការពារ​តារា​ល្បីៗ​មួយចំនួន​ដូចជា Rod Stewart,  Bono U2, Bob Geldof, George Clooney, Beyonce  និង Lisa Marie Presley ជាដើម​។  ខ្ញុំ​បានធ្វើការ​ក្នុង​ខ្សែ​ភាព​មួយចំនួន​ទៀតផង​។ កាលនោះ​ខ្ញុំ​បានធ្វើការ​ជា​សន្តិសុខ​បើកឡាន​របស់​តារា​ប៊ូ​លី​វូត​ឥណ្ឌា Shahid Kapoor ក្នុង​ខ្សែភាពយន្ត Mausam ពេល​ថត​នៅ​ស្កុ​តឡែ​ន​»​។ 


 
​គ្រូបង្វឹក​វ័យ ៥១ ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មក​ធ្វើការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំ ២០១៣ ហើយ​លោក​បានធ្វើ​ការការពារ​តារាចម្រៀង​ខ្មែរ​ដូចជា ម៉ម ឡូ​រ៉ា និង Nikki Nikki​។ លើសពីនេះទៅទៀត ពេល តារាចម្រៀង​ល្បី​ជនជាតិ​អង់គ្លេស Jessie J  មក​ច្រៀង​នៅ​ស្រុក​ខ្មែរ លោក និង ក្រុម​អង្គរក្ស​របស់លោក​ក៏​មានមុខ​រូបលោក​ជា​អង្គរក្ស​ការពារ​ដិតដល់​ដែរ​ដែលមាន​អ្នកគាំទ្រ​ទៅ​ទស្សនា​ចំនួន ៣ ពាន់​នាក់​នៅ​កោះ​ពេជ្រ​។ 
 
​លោក​ការពារ​តារា​ល្បីៗ​មួន​ទៀត​ជាអាទិ តារាភាពយន្ត​ថៃ Jirayu Tangsrisuk , អតីត​តារាបាល់ទាត់​ល្បីៗ Ryan Giggs មក​ទស្សនកិច្ច​ក្នុងនាម​ទូត​សុច្ឆន្ទៈ​របស់​កម្មវិធី Tiger Street Football, Ruud van Nistelrooy  ពេល​មក​បង្ហាញ​ពាន UEFA Champions League, និង តារាចម្រៀង Charlie Puth​។​
 
​ការចេះ​ក្បាច់គុន​ដូចជា ជី​ជិត​ស៊ូ , Kickboxing, Jeet Kune Do, និង Philipino Kali បានធ្វើ​ឲ្យ​រូបលោក​ក្លាយជា​អង្គរក្ស​មានមុខមាត់​មួយរូប​ទាំង​នៅ​ស្កុ​តឡែ​ន និង  នៅ​កម្ពុជា​។ ម្យ៉ាងទៀត  លោក​ក៏បាន​បង្ហាត់​ក្បាច់គុន​ទាំងនេះ​តាំងពី​ឆ្នាំ ១៩៩៦ មក​។   


 
​គ្រូបង្វឹក​ដែល​មក​រស់នៅ​កម្ពុជា​រយៈពេល ៧ ឆ្នាំ និង​បង្ហាត់​គុន​ចម្រុះ​ដល់​កូនសិស្ស​ជិត​១០០​នាក់​រូបនេះ​បញ្ជាក់ថា ៖«​ការការពារ​តារា​ល្បី ឬ អ្នកមាន​ឈ្មោះ​សំឡេង ពិតជា​សំខាន់​ណាស់ វា​មិន​ធ្ងន់ធ្ងរ ប៉ុន្តែ​ត្រូវ​ម៉ឺងម៉ាត់ ជាពិសេស​ត្រូវ​រៀបចំ​ឲ្យ​មាន​របៀបរៀបរយ ទាំង​អ្នកគាំទ្រ ឬ មនុស្ស​នៅ​ជុំវិញខ្លួន​»​។​
 
​បច្ចុប្បន្ននេះ​លោក​មាន​តំណែង​ជា​អ្នកគ្រប់គ្រង​នៅ​ក្រុមហ៊ុន​ការពារ​សន្តិសុខ​អន្តរជាតិ (ISS) ប្រចាំ​នៅ​កម្ពុជា​និង បាន​ឆ្លៀតពេល​ទៅ​បង្ហាត់​ក្បាច់គុន​ចម្រុះ (MMA) ដល់​កីឡាករ​កម្ពុជា​មួយចំនួន​នៅ​ក្លិប Phnom Penh MMA​។  ក្រុមហ៊ុន​របស់លោក​មា​ន​អង្គរក្ស​ការពារ​សុទ្ធតែ​បរទេស​ប្រមាណ ១០០០ នាក់ ពោល​មាន​ខ្មែរ​-​អាមេរិក តែ​១ រូប​គត់​។ សព្វថ្ងៃនេះ ISS  មាន​ស្នាក់ការ​នៅ​ភ្នំពេញ មាន​សាខា​នៅ​សៀមរាប បាត់ដំបង និង ក្រចេះ ហើយ​គ្រោង​នឹង​ពង្រីក​ទៅ​ខេត្តកំពត​នាពេល​ឆាប់ៗ​ខាងមុខ​។  ISS ជា​ក្រុមហ៊ុន​ការពារ​សន្តិសុខ​អន្តរជាតិ​ដំបូង​នៅ​កម្ពុជា​ដែលមាន​បុគ្គលិក​បម្រើ​ការងារ ស្ថានទូត អឺ​ផាត​មិន និង នៅតាម​បណ្ដា​រោងចក្រ​សហគ្រាស​ជាដើម​៕ 
 

Tag:
 Alan Mccune
  MMA
© រក្សាសិទ្ធិដោយ thmeythmey.com