ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានបក្សកាន់អំណាច ឲ្យមន្រ្តីចុះអប់រំពលរដ្ឋ ពីផលវិបាកនៃការផ្តួលរំលំរដ្ឋាភិបាល
09, May 2019 , 5:28 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញលិខិត នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ជូនទៅគ្រប់ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានី-ខេត្ត អំពីគម្រោងធ្វើបដិវត្តពណ៌និងផែនការនៃការវិលត្រឡប់របស់លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង។



តាមរយៈលិខិតនោះ ប្រធានគណបក្សកាន់អំណាច បានរម្លឹកមន្រ្តីរបស់ខ្លួនថា លោក សម រង្ស៊ី មានបំណងដឹកនាំធ្វើបដិវត្តពណ៌ ដោយបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ផ្តួលរំលំរដ្ឋាភិបាល។ មេដឹកនាំគណបក្សកាន់អំណាច បានហៅសកម្មភាពនេះ ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់កម្ពុជា ហើយអាចនាំប្រទេសឲ្យធ្លាក់ក្នុងវិបត្តិ ភាពចលាចល និងភាពវឹកវរ ដែលមិនអាចប៉ាន់ស្មានបាន។

មេដឹកនាំរូបនេះ ដាក់បញ្ជាយ៉ាងដូច្នេះថា «ដើម្បីគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋានឲ្យបានកាត់តែល្អប្រសើរថែមទៀត ប្រធានក្រុមការងារចុះជួយរាជធានី-ខេត្ត [ត្រូវ] ដឹកនាំ ណែនាំក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ សហការរៀបចំវេទិកាសាធារណៈគ្រប់ឃុំ សង្កាត់ ភូមិ ដើម្បីផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអំពីផលវិបាកនៃការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈសកម្មភាពបដិវត្តពណ៌ និងការវិលត្រឡប់មកកម្ពុជារបស់ទណ្ឌិត សម រង្ស៊ី ដើម្បីដឹកនាំសកម្មភាពខុសច្បាប់នេះ»។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗថា វិធានការរបស់សម្តេច ហ៊ុន សែន គឺជាការបង្ការទុកជាមុន កុំឲ្យអសន្តិសុខកើតឡើង។ លោក បកស្រាយបែបនេះថា «មិនមែន យើងខ្លាចរអាបុគ្គល សម រង្ស៊ី ទេ តែយើងខ្លាច ប្រជាពលរដ្ឋចាញ់បោកបុគ្គល សម រង្ស៊ី ដូចយើងឃើញស្រាប់ហើយ នៅវេណេស៊ុយអេឡា មេបក្សប្រឆាំងអូសទាញប្រជាពលរដ្ឋ ឲ្យធ្វើបដិវត្ត។ អ៊ីចឹងយើងការពារ ប្រសើរជាងព្យាបាល»។

បច្ចុប្បន្ន ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងនៅក្រៅប្រទេស កំពុងរៀបចំផែនការនៃការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី នៅឆ្នាំ២០១៩នេះ។ លោក សម រង្ស៊ី អំពាវនាវឲ្យប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសនានា វិលមកកម្ពុជាជាមួយលោក ដើម្បីរួមគ្នាផ្លាស់ប្តូរ៕

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com