កីឡាជាតិ
ជាតិ
ទោះ​សម្រក​ទម្ងន់​អស់បី​គីឡូក្រាម ឌី​ម៉ា ថា មិន​ប៉ះពាល់​ការប្រកួត​ឡើយ​
09, May 2019 , 5:59 pm        
រូបភាព
ដោយ:
​កីឡាករ ឃីម ឌី​ម៉ា ជា​សមាសភាព​មួយរូប​ក្នុងចំណោម​៨​រូប ដែល​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​ថៃ ដើម្បី​ដណ្តើម​ថវិកា​១​ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ដែល​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១២ ខែឧសភា​នេះ​។ សម្រាប់​ការប្រកួត​នេះដែរ ឌី​ម៉ា ត្រូវ​សម្រក​ទម្ងន់​៣​គីឡូក្រាម តែ​រូបគេ​អះអាងថា មិនបាន​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​រូបគេ​នោះទេ​។ ទោះជា​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម តែ​រូបគេ​ហាក់​មិន​ហ៊ាន​មើលស្រាល​សមត្ថភាព​ដៃគូ​នោះទេ ហើយ​ប្តេជ្ញា​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​។ លោក និ​ន ភី​រម្យ ជំរុញ​ឲ្យ​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​កាត់ក្តី​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ឈរលើ​គោលការណ៍​យុត្តិធម៌​។​

 
​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ ឃីម ឌី​ម៉ា អះអាងថា ការ​សម្រក​ទម្ងន់​៣​គីឡូក្រាម គឺ​មិន​ប៉ះពាល់​ដល់​ការ​ប្រជែង​ដណ្តើម​ខ្សែក្រវាត់​មាស និង​ថវិកា​១​ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​ប្រដាល់​ថ្មី​អធិរាជ​គុន​ខ្មែរ ISI Palm របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​នោះទេ​។ ប៉ុន្តែ ឌី​ម៉ា និយាយថា ការ​សម្រក​ទម្ងន់​នេះ វា​អាចធ្វើ​ឲ្យ​កម្លាំង​របស់គេ​ថមថយ​ជាង​ប្រកួត​ក្នុង​ទម្ងន់​ធម្មតា​។  
 
​មានតែ​ការខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ប៉ុណ្ណោះ ដែលជា​ក្តី​រំពឹង សម្រាប់​អ្នក​ប្រដាល់​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ ក្នុងការ​ឈានទៅ​ប្រជែង​ដណ្តើម​ខ្សែក្រវាត់​មាស​។ តែបើ​ឲ្យ​ដាក់​គោលដៅ​ត្រូវតែ​យកឈ្នះ​គ្រប់ការ​ប្រកួត ឌី​ម៉ា បដិសេធថា មិនអាច​ទៅរួច​នោះទេ ព្រោះ​រូបគេ​មិនទាន់បាន​សិក្សា​ពី​សមត្ថភាព​របស់​គូប្រកួត​នៅឡើយ​ទេ​។ ហើយ​កីឡាករ​រូបនេះ ជឿជាក់ថា កីឡាករ​ថៃ​ទាំង​៨​រូប ដែល​គេ​ដាក់​ឲ្យ​ប្រកួតប្រជែង​ជាមួយ​កីឡាករ​កម្ពុជា អាច​នឹងមាន​សមត្ថភាព​ខ្ពស់​។ 
 
«​សម្រាប់​ខ្ញុំ​ការ​សម្រក​ទម្ងន់ វា​អាចធ្វើ​ឲ្យ​ខ្ញុំ​មិនមាន​កម្លាំង​ពេញ​ដូច​ប្រកួត​ទម្ងន់​ធម្មតា​។ ការរំពឹង​របស់ខ្ញុំ មានតែ​ការខិតខំ​ប្រកួត​ដើម្បី​យកឈ្នះ​គូប្រកួត បើ​ថា​ឲ្យ​ខ្ញុំ​ត្រូវតែ​យកឈ្នះ​ពួកគាត់ ខ្ញុំ​មិនអាច​និយាយបាន​នោះទេ ព្រោះ​ពួកគាត់​សុទ្ធតែជា​កីឡាករ​ល្អៗ ដូច្នេះ​សម្រាប់​ខ្ញុំ​មានតែ​ការព្យាយាម​»​។ ការលើកឡើង​បែបនេះ​របស់​កីឡាករ ឃីម ឌី​ម៉ា ធ្វើឡើង​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​សន្និសីទ​មុន​បើក​ការប្រកួត​កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​។​
 
​នៅ​ចំពោះមុខ​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម លោក និ​ន ភី​រម្យ អគ្គលេខាធិការរង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ក្រើនរំលឹក​ពី​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​ឲ្យ​សហព័ន្ធ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​អាជ្ញាកណ្តាល​ចៅ​ក្រុម​ពី​សីលធម៌​ក្នុងការ​កាត់ក្តី និង​ដាក់ពិន្ទុ​។ ឆ្លើយតប​នឹង​បញ្ហា​នេះ​អគ្គលេខា​ធិ​ករង​រូបនេះ បាន​ជំរុញ​ឲ្យ​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​ត្រូវ​កាត់ក្តី​ឲ្យ​បាន​ត្រឹមត្រូវ មិន​លម្អៀង​ទៅរក​ភាគ​ម្ខាងៗ ពិសេស​ត្រូវ​ឈរលើ​ស្មារតី​យុត្តិធម៌ និង​សុ​ក្រិត​ភាព​។​
 
«​មន្ត្រី​យើង​ទាំងអស់​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​ពីបទ​បញ្ជា​ប្រកួត និង​បទបញ្ជា​នៃ​ការដាក់​ពិន្ទុ ហើយ​ត្រូវ​ម៉ឺងម៉ាត់​ធ្វើយ៉ាងណា​ឲ្យ​ការដាក់​ពិន្ទុ​មាន​ភាពត្រឹមត្រូវ​និង​យុត្តិធម៌​។ សំខាន់​ធ្វើយ៉ាងណា​ឲ្យ​កីឡាករ​មានការ​ជឿជាក់​លើ​ពិន្ទុ ដែល​យើង​បានដាក់​ឲ្យ​ពួកគេ​»​។ លោក និ​ន ភី​រម្យ ក្រើនរំលឹក​អាជ្ញាកណ្តាល​ចៅក្រម​បែបនេះ ហើយ​ជំរុញ​ឲ្យ​កីឡាករ​ត្រូវគោរព​បញ្ជាការ​ប្រកួត ស្តាប់​ការណែនាំ​របស់​គ្រូបង្វឹក គោរព​វិន័យ​ហ្វឹកហាត់​និង​ប្រកួត និង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​។   
 
​ប្រធាន​ផ្នែក​ព័ត៌មាន​កីឡា​របស់​ភី​អិន​អិន​លោក ស្រ៊ឺ ស្រេង ហៅ​សំណព្វ បាន​អះអាងថា កីឡាករ​ថៃ​ទាំង​៨​រូប ដែល​លោក​ដាក់​ឲ្យ​ប្រកួតប្រជែង​ជាមួយ​កីឡាករ​កម្ពុជា​សុទ្ធសឹង​ជា​កីឡាករ​មាន​សមត្ថភាព​ខ្ពស់ ដែល​អាចធ្វើ​ឲ្យ​ការប្រកួត​មានការ​ជក់ចិត្ត​តាំងពី​ទឹក​ទី​១​ដល់​ទឹក​ទី​៥​។ លោក​បាន​បន្តថា កីឡាករ​ថៃ​ភាគច្រើន​មិនសូវ​ដែល​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​។​
 
​សម្រាប់​ការបើក​សង្វៀន​ប្រដាល់​ឡើងវិញ​នេះ ភី​អិន​អិន​បាន​ផ្លាស់ប្តូរ​ពេលវេលា និង​រូបមន្ត​ប្រកួត​មួយចំនួន ដែល​លោក សំណព្វ អះអាងថា ការផ្លាស់ប្តូរ​នេះ នឹងធ្វើ​ឲ្យ​ការប្រកួត​មាន​លក្ខណៈ​ប្លែក ទាក់ទាញ និង​ស្វិតស្វាញ​ជាង​មុន ពិសេស​ជំរុញ​ឲ្យ​កីឡាករ​ត្រូវ​ឲ្យ​អស់ពី​សមត្ថភាព​តែម្តង​។
 
 
 
​ពាក់ព័ន្ធ​នឹង​រូបមន្ត​ប្រកួត​លោក ស្រ៊ឺ ស្រេង បាន​ពន្យល់ថា ការប្រកួត​ប្រើ​រូបមន្ត​ចាញ់​ធ្លាក់​តាំងពីដើម​រហូតដល់​ចប់​ការប្រកួត​។ កីឡាករ​កម្ពុជា​ទាំង​៨​រូប​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​រៀងៗ​ខ្លួន ហើយ​អ្នកឈ្នះ​នឹង​ឡើងទៅ​វគ្គ​បន្ត ឯ​អ្នកចាញ់​គឺ​ធ្លាក់​តែម្តង​។ មុន​ឈានដល់​ប្រកួត​ដ​ណ្តើ​យក​ខ្សែក្រវាត់​មាស និង​ថវិកា​១​ម៉ឺន​ដុល្លារ គឺ​កីឡាករ​ទាំងនេះ​ត្រូវ​ប្រជែង​គ្នា​ដណ្តើមយក​ខ្សែក្រវាត់​ប្រាក់​ប្រចាំខែ​ជាមុនសិន​។ ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ប្រចាំខែ​៤ នឹង​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​។ 
 
​សម្រាប់​ការប្រកួត​កីឡាប្រដាល់​អធិរាជ​គុន​ខ្មែរ ISI Palm ទម្ងន់​៦០​គីឡូក្រាម​អម​ជាមួយ​ថវិកា​១​ម៉ឺន​ដុល្លារ​របស់​ភី​អិន​អិន នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ ដោយ​ក្នុង​មួយ​សប្តាហ៍​មានការ​ប្រកួត​ចំនួន​៤​គូ គឺ​ប្រកួត​មិត្តភាព​អន្តរជាតិ​៣ និង​គូ​ដណ្តើម​ខ្សែក្រវាត់​១​គូ​។​


 
​កីឡាករ​កម្ពុជា​ចំនួន​៨​រូប​រួមមាន ឃីម ឌី​ម៉ា​, ឡៅ ចិ​ត្រា​, កូយ ឡាយ​, លន បញ្ញា​, សុខ សា​វិ​ន​, សារឿន ចន្ទ​, ឡុង ជិន​, និង ធន មករា ខណៈ​កីឡាករ​ថៃ​រួមមាន Yuthakan Petch Por Tor Or, Pakalek Tor Laksong, Prajanban Sor Jor Vichitpadriv, Jaroenlaph Sitwirachat, Sentanong Sor Yingjaroeunkanchang, Chamuakpetch Pran26, Phanrit Kesagym និង Kongsiam Mor Rithpitak៕  
 


Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឃីម ឌី​ម៉ា​
  អធិរាជ​គុន​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com