កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស​ទៀត​! Arsenal និង Chelsea ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League
10, May 2019 , 5:02 am        
រូបភាព
Aubameyang រកបាន៣គ្រាប់ឲ្យ Arsenal រីឯ Kepa របស់ Chelsea សង្គ្រោះបាល់ប៉េណាល់យ៉ាងល្អក្នងការប្រកួតរៀងៗខ្លួន
Aubameyang រកបាន៣គ្រាប់ឲ្យ Arsenal រីឯ Kepa របស់ Chelsea សង្គ្រោះបាល់ប៉េណាល់យ៉ាងល្អក្នងការប្រកួតរៀងៗខ្លួន
ដោយ: ថ្មីៗ
បន្ទាប់ពី Liverpool និង Tottenham Hotspur ត្រៀម​ជួបគ្នា​ដណ្តើមពាន​ក្របខណ្ឌ​កំពូល​អឺរ៉ុប Champions League អង់គ្លេស​ពីរ​ក្រុម​ទៀត គឺ Arsenal និង Chelsea ក៏បាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ពាន Europa League ដែលជា​ពាន​លំដាប់​ទី​ពីរ​របស់​អឺរ៉ុប​ផងដែរ​។ Arsenal ឈ្នះ Valencia ៤-២ បន្ថែម ដោយសរុបទាំងពីរជើង ៧-៣ ខណៈ Chelsea ឈ្នះដោយការទាត់បាល់ប៉េណាល់កំណត់ឈ្នះចាញ់ បន្ទាប់ពីលទ្ធផលស្មើ ១-១ បានអូសបន្លាយ​ដល់១២០នាទី។



Pierre-Emerick Aubameyang រកបាន​៣​គ្រាប់ និង Alexandre Lacazette ជួយ​បាន​១​គ្រាប់ ក្នុង​ជ័យជម្នះ ៤-២ របស់ Arsenal នៅ​ទឹកដី Valencia​។ ពីរ​គ្រាប់​របស់​ម្ចាស់ផ្ទះ​សម្រេចបាន​ដោយ Kevin Gameiro ទាំងពីរ​គ្រាប់​។​

​ជ័យជម្នះ​បន្ថែមទៀត​នេះ នាំ​កាំភ្លើង​ធំ ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ជា​លើកដំបូង​ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៧-៣​។ នេះ​ជា​ឱកាស​របស់​គ្រូបង្វឹក Arsenal លោក Unai Emery ផងដែរ​សម្រាប់​ឱកាស​ឈ្នះ​ពាន Europa League ជា​លើក​ទី​បួន ក្រោយ​លោក​រកបាន​៣​ពេល​ដឹកនាំ Sevilla​។​

​នៅ Stamford Bridge ក្រុម Chelsea និង Eintracht Frankfurt បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ក្នុង​ម៉ោង​ធម្មតា ដែល​ឈានដល់​ការបន្ថែម​ម៉ោង ដោយសារ​កាលពី​ជើង​ទីមួយ ក៏មាន​លទ្ធផល​បែបនេះ​ផងដែរ​។​

Ruben Loftus-Cheek រកបាន​គ្រាប់​នាំមុខ​ឲ្យ Chelsea នៅ​នាទី​២៨ ប៉ុន្តែ​ដើមតង់​ទី​ពីរ Luka Jovic តាម​ស្មើ​វិញ​សម្រាប់ Frankfurt​។ ឈានដល់​ការបន្ថែម​១៥​នាទី​ពីរ​ដងក៏​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទីនោះ​ដែរ​។ Chelsea ទទួលបាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយសារ​ឈ្នះ​ការទា​ត់បាល់​ប៉េ​ណា​ល់ស​ម្រេច​ឈ្នះ​-​ចាញ់ តាមរយៈ​លទ្ធផល ៤-៣​។​

​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន Olympic Stadium ក្រុង​បា​គូ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ នា​ថ្ងៃទី​២៩ ខែឧសភា​៕


Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com