អន្តរជាតិ
ស្ថានការណ៍​កាន់តែ​តានតឹង​! កូរ៉េខាងជើង ប្រកាស​សាកល្បង​អាវុធ​ចម្ងាយ​ឆ្ងាយ​
10, May 2019 , 10:31 am        
រូបភាព
​កូរ៉េខាងជើង នៅ​ថ្ងៃទី​៩ ខែឧសភា បានធ្វើ​សមយុទ្ធ​មួយ​ប្រាវ​ទៀត​ដើម្បី​សាកល្បង​សមត្ថភាព​យោធា​របស់ខ្លួន ដោយបាន​បាញ់​កាំជ្រួច​ជាច្រើន​គ្រាប់​ផង​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​ថា អាវុធ​ដែល​សាកល្បង ជា​អាវុធ​សម្រាប់​វាយប្រហារ​គោលដៅ​ចម្ងាយ​ឆ្ងាយ តែ​មិន​បញ្ជាក់ថា ជា​ប្រភេទ​អាវុធ​អ្វី​ឡើយ​។ ទោះជា​យ៉ាងណា សកម្មភាព​របស់​កូរ៉េខាងជើង ទំនង​ធ្វើ​ឲ្យ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កើនឡើង ខណៈ​ប្រធានាធិបតី​កូរ៉េខាងត្បូង ក៏​ព្រមាន​កូរ៉េខាងជើង​ដែរ​។​

 
៦​ថ្ងៃក្រោយ​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ចូល​សមុទ្រ​ជប៉ុន កូរ៉េខាងជើង​ក៏បាន​បាញ់​កាំជ្រួច​មួយ​សារ​ទៀត​ក្នុង​សមយុទ្ធ​ធ្វើតេស្ត​អាវុធ​ចម្ងាយ​វែង​នៅ​ថ្ងៃទី​៩ ខែឧសភា​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​ថា ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ដឹកនាំ និង​បញ្ជា​ដោយផ្ទាល់​សមយុទ្ធ​លើក​នេះ ដែល​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់​។​
 
​បើតាម KCNA លោក គីម ក៏បាន​ពិនិត្យមើល​ផែនការ​សមយុទ្ធ​សាកល្បង​អាវុធ​ចម្ងាយ​ឆ្ងាយ​ដែល​ធ្វើ​នៅ​ឆ្នេរ​ខាងលិច​ប្រទេស​។ សមយុទ្ធ​នេះ បានបង្ហាញ​ពី​អាវុធ​ភាព​នៃ​អង្គភាព​ការពារជាតិ​នៃ​យោធា​កូរ៉េខាងជើង និង​ការត្រៀមខ្លួន​អនុវត្ត​បញ្ជាគរ​ប់​យ៉ាង​រាប់ទាំង​ការប្រយុទ្ធ​ផងដែរ​។ មេដឹកនាំ​កូរ៉េខាងជើង ក៏​ឆ្លៀត​ពេលនេះ ណែនាំ​ឲ្យ​កងទ័ព​ពង្រឹងសមត្ថភាព​វាយប្រហារ​គោលដៅ​របស់​ខ្លួន​។ នេះ​ក៏​ជា​លើក​ទី​ពីរ​ដែល​លោក គីម ត្រួតពិនិត្យ​ដោយផ្ទាល់​សមយុទ្ធ​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្ដាហ៍​មកនេះ​។​
 
​យ៉ាងណាមិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង មិនបាន​បង្ហាញ​ប្រភេទ​អាវុធ​ដែល​បាន​បាញ់​ឡើយ ហើយក៏​មិនបាន​ប្រើពាក្យ​កាំជ្រួច រ៉ុក្កែត ឬ​មី​ស៊ី​ល​អ្វី​ទាំងអស់​។ យោធា​កូរ៉េខាងត្បូង​អះអាងថា កូរ៉េខាងជើង​ទំនងជា​បាន​បាញ់​មី​ស៊ី​ល​ចម្ងាយ​មធ្យម​ចំនួន​ពីរ​គ្រាប់​ដែល​ហោះ​ក្នុង​ចម្ងាយ​៤២០​គីឡូម៉ែត្រ និង​២៧០​គីឡូម៉ែត្រ​។ ចំណែក​អាមេរិក​វិញ បញ្ជាក់ថា មី​ស៊ី​ល​ទាំងនោះ ជា​ប្រភេទ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ខ្លី​។ បើ​ដូច​អាមេរិក​ថា​មែន កូរ៉េខាងជើង​កំពុង​បំពាន​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​ហើយ​។​
 
​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ បាន​កើនឡើង​បន្តិច​ម្ដងៗ​តាំងតែ​ពី​ជំនួប​បរាជ័យ​នៅ​វៀតណាម​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ កូរ៉េខាងជើង ត្រូវបាន​គេ​មើលឃើញថា វិលត្រឡប់​ទៅប្រើ​វិធីសាស្ត្រ​ចាស់​របស់ខ្លួន​វិញ គឺ​យក​ការសាកល្បង​មី​ស៊ី​ល ឬ​កាំជ្រួច​ដើម្បី​សម្ញែង​សាច់ដុំ ហើយ​ចង់​ឲ្យ​ភាគី​ម្ខាង​ទៀត​ធ្វើតាម​ការចង់បាន​រប​ស់​ខ្លួន​។ ទោះជា​យ៉ាងណា អាមេរិក នៅ​មិនទាន់​ប្រតិកម្ម​ខ្លាំង​នៅឡើយ​ទេ ហើយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​នៅតែ​ទុក​ច្រក​ចរចា​ដដែល​។​
 
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ចាត់ទុក​សកម្មភាព​ថ្មីៗ​នេះ​របស់​កូរ៉េខាងជើង ជាការ​តវ៉ា​ចំពោះ​បរាជ័យ​នៃ​ជំនួប​ទីក្រុង​ហាណូយ និង​ជាការ​ដាក់​សម្ពាធ​ដើម្បី​ឲ្យ​ការចរចា​បែរ​ទៅរក​ទិសដៅ​ដែល​ខ្លួន​ចង់បាន​។ ទោះ​មាន​ហេតុផល​អ្វី​ក៏ដោយចុះ លោក មូ​ន បាន​ព្រមាន​ថា ទង្វើ​របស់​ទីក្រុង​ព្យុងយ៉ាង នឹងធ្វើ​ឲ្យ​ការចរចា​កាន់តែ​លំបាក​ខ្លាំង​៕

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com