អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ រៀបចំ​សិក្ខា​សិលា ស្តីពី​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក និង​វិធី​បង្ការ​
10, May 2019 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ ខែឧសភា​នេះ ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ បានរៀបចំ​សិក្ខា​សិលា​មួយ ស្តីពី​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក ក្រោម​ប្រធានបទ​«​ចិញ្ចឹម​ជ្រូក​បាន បើ​យល់ដឹង​ពី​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក (ASF)» ។ សិក្ខាសាលា​នេះ រៀបចំឡើង​នៅ​សណ្ឋាគារ​ហ្គា​ដិ​ន ស៊ី​ធី ភ្នំពេញ ក្នុង​បំណង​ផ្សព្វផ្សាយ​លើ​ការយល់ដឹង ពី​ស្ថានភាព​នៃ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក (ASF)៖​ផលប៉ះពាល់ ការប្រុងប្រយ័ត្ន និង​ការការពារ​ជំងឺ ដែល​រាតត្បាត​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។​
 
​នៅក្នុង​សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​អ្នកជំនាញ​ជាច្រើន ដែលមាន​មកពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​, វេជ្ជបណ្ឌិត Roongroje Thanawongnuwech ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សត្វ​នៃ​សកល​វិទ្យាល័យ​ជូឡាឡុងកន (Chulalongkorn), 
​អង្គការ​ស្បៀងអាហារ​និង​កសិកម្មនៃអង្គការសហប្រជាជាតិ​(FAO), ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​ឯកជន , កសិករ​មកពី​ខេត្ត​នានា និង​ដៃគូ​អាជីវកម្ម ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ី​.​ភី​. ខេ​ម​បូ​ឌា​ជាដើម​។​
 
​លោក​វេជ្ជបណ្ឌិត Roongroje Thanawongnuwech ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សត្វ នៃ​សកល​វិទ្យាល័យ​ជូឡាឡុងកន បាន​ឲ្យ​ដឹងថា ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក បាន​រាតត្បាត​ពី​ប្រទេស​អាហ្វ្រិក ទៅដល់​អឺរ៉ុប និង​អាស៊ី ហើយ​ជំងឺ​នេះ អាច​បង្ករ​ជា​បញ្ហា​ចោទ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ប្រសិនបើ​គ្មាន​ការទប់ស្កាត់​ទាន់ពេលវេលា​។ លោក​វេជ្ជបណ្ឌិត Roongroje Thanawongnuwech បញ្ជាក់​ដូច្នេះ​ថា​៖«​ជំងឺ​នេះ ជា​ជំងឺ​ដែល​បង្កដោយ​វី​រុ ស​ដែល​ធន់​នឹង​បរិយាកាស​ខាងក្រៅ វា​នៅក្នុង​លាមក​សត្វ កាកសំណល់ សម្លៀកបំពាក់ និង​យានយន្ត​ជាដើម​។ ឧទាហរណ៍​៖​ស្ថានភាព​ជំងឺ​ដែល​រាតត្បាត​នៅ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម ជាដើម​។ បច្ចុប្បន្ននេះ មេរោគ​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្តរតនគិរី ដោយ​រកឃើញ​នៅលើ​ជ្រូក​ដែល​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ប៉ុន្តែ​ទាំង​ស្ថាប័នរដ្ឋ និង​អង្គភាព​ឯកជន បាន​គ្រប់គ្រង​ស្ថានភាព​ជំងឺ​នេះ​ទាន់ពេលវេលា​»​។​


 
​លោក​វេជ្ជបណ្ឌិត Roongroje បាន​លើកទឹកចិត្ត​ឱ្យ​អ្នកពាក់ព័ន្ធ ទាំង​មន្ត្រី​ជំនាញ​ក្នុង​ជួ​រដ្ឋាភិបាល ស្ថាប័នឯកជន ម្ចាស់​កសិដ្ឋាន និង​កសិករ​ទាំងអស់ ចូលរួម​ទប់ស្កាត់ និង​កម្ចាត់​ការ​រាលដាល ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក (African Swine Fever)​នេះ ហើយ​ចូលរួម​ផងដែរ ក្នុងការ​រាយការណ៍ លើ​ការសង្ស័យ​ណាមួយ នៃ​ជំងឺ​ទៅ​មន្ត្រី​ជំនាញ​នៅ​ស្ថាប័នរដ្ឋ អង្គការ និង​អង្គភាព​ឯកជន ដែល​កំពុងធ្វើកា​រលើប​ញ្ហា​នេះ​។​
 
​លោក គុជ សុខ​គ្រុយ ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ខេត្តកណ្តាល ដែល​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​នេះ បាន​បញ្ជាក់ថា សិក្ខាសាលា​នេះ បានផ្តល់​ចំណេះដឹង​ពី​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក (ASF) និង​វិធី​បង្ការ​មេរោគ​នេះ កុំឱ្យ​ឆ្លង​រាលដាល​ពី​ជ្រូក​មួយ ទៅ​ជ្រូក​មួយទៀត​។ លោក សុខ​គ្រុយ បន្តទៀតថា ទោះបី​ជាមាន​ជំងឺ​នេះ កើតមានឡើង​នៅលើ​សត្វ​ជ្រូក ប៉ុន្តែ​វា​មិនអាច​ចម្លង​ដល់​មនុស្ស​ទេ ដែលជា​ហេតុ​ធ្វើឱ្យ​រូបលោក នៅតែ​បន្ត​ការចិញ្ចឹម​សត្វ​ជ្រូក និង​លើកទឹកចិត្ត​ដល់​កសិករ​ដទៃទៀត បន្ត​ចិញ្ចឹម​។​


 
​ម្ចាស់​កសិដ្ឋាន​ម្នាក់ទៀត លោក និ​ន បូរ៉ា នៅ​ខេត្តតាកែវ ក៏បាន​អះអាង​ដែរ​ថា សិក្ខាសាលា​នេះ បានផ្តល់​ចំណេះដឹង​ដល់​លោក​ជាច្រើន​។ លោក បូរ៉ា បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ស៊ីជម្រៅ​ជាង​មុន អំពី​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក​នេះ ស្រាយ​ចម្ងល់​មួយចំនួន និង​ទទួលបាន​ចំណេះដឹង ក្នុងការ​សង្កេតមើល​ស្ថានភាព​ជំងឺ និង​វិធី​បង្ការ​ជាដើម​»​។​
 
​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ជា​ជំងឺ​ដែល​ឆ្លង​រាលដាល​ទៅលើ​សត្វ​ជ្រូក ហើយ​មេរោគ​នេះ​រស់នៅ​ជុំវិញ​បរិស្ថាន​បានយូរ ជំងឺ​នេះ​អាច​ឆ្លង​តាមរយៈ​៖ (១)​ការប៉ះពាល់​សំបោរ ទឹកមាត់ ទឹកភ្នែក ទឹកនោម និង​លាមក​ជ្រូក​មាន​ជំងឺ (២)​ការដក​ដង្ហើមចូល​ដែលមាន​មេរោគ​ក្នុង​ខ្យល់ (៣)​ការ​ស៊ី​ចំណី​ដែលជា​កាកសំណល់​ផ្ទះបាយ ដែលមាន​មេរោគ (៤)​ជ្រូកព្រៃ ក៏​ជា​ភ្នាក់ងារ​ចម្លងជំងឺ​បាន តែ​វា​មិន​បង្ហាញ​អាការ ជំងឺ​ឲ្យ​ឃើញ និង (៥)​យានយន្ត សម្លៀកបំពាក់ និង​ឧបករណ៍​ដែលមាន​មេរោគ​។​
 
​លោក​វេជ្ជបណ្ឌិត Roongroje បាន​បន្ថែមថា មធ្យោបាយ​ដ៏​ល្អ​បំផុត ក្នុងការ​បង្ការ​ជំងឺ​នេះ ប្រជាជន​ត្រូវ​ស្វែងយល់​ឲ្យ​បាន​ច្បាស់ ពី​ការគ្រប់គ្រង​ផ្នែក​បច្ចេកទេស ដឹង​ពី​របៀប​បង្ការ​ក្នុងការ​អនុវត្តតាម​ជីវៈ សុវត្ថិភាព​របស់​កសិដ្ឋាន និង​សហការ​ក្នុង​ផ្តល់ព័ត៌មាន ដល់​ភ្នាក់ងារ​សុខភាព​សត្វ​។ អាការ​នៃ​ជំងឺ​នេះ គឺ​ជ្រូក​មាន​កម្តៅ​ខ្ពស់ ស្បែក​ឡើង​ក្រហម​មាន​កន្ទួល​ឈាម​ហើយ​មាន​ស្នាម​ជាំ​លើ​ស្លឹកត្រចៀក ពោះ និង​ជើង​ក្រោយ មាន​អាការ​ពិបាក​ក្នុងការ​ដកដង្ហើម បញ្ហា​ខាង​ប្រព័ន្ធ​រំលាយ​អាហារ លាមក​រាក​មាន​លាយ​ឈាម ជ្រូក​មានការ​រលូត​កូន ឬ​កូន​កើតមក​ភ្លាម ជ្រូក​អាច​ងាប់​ភ្លាមៗ​ដោយ​មិនមាន​រោគសញ្ញា​អ្វី​ទាំងអស់​។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត Roongroje​។ 


 
​លោក​វេជ្ជបណ្ឌិត Roongroje បាន​បន្ថែមថា​៖«​ការគ្រប់គ្រង និង​ការការពារ​មេរោគ​មានដូចជា អនុវត្តតាម​ជីវៈ​សុវត្ថិភាព​របស់​កសិដ្ឋាន ពេល​ចេញចូល​កសិដ្ឋាន គួរ​សម្អាត​ខ្លួនប្រាណ កក់សក់ ប្តូរ​សម្លៀកបំពាក់ ស្បែកជើង និង​ជ្រលក់​ទឹក​ថ្នាំ​សម្លាប់​មេរោគ ពង្រឹង​ច្បាប់​ក្នុងការ​ចេញចូល​កសិដ្ឋាន គ្មាន​ការទិញ​លក់ ឬ​នាំ​សត្វ​ជ្រូក​ចូល​ដោយ​មិនមាន​ប្រភព​ច្បាស់លាស់ ធ្វើការ​សម្អាត​កសិដ្ឋាន​ដោយ​បាញ់ថ្នាំ​សម្លាប់​មេរោគ បាញ់សម្លាប់​មេរោគ​លើ​យាន្ត​ជំនិះ​មុន​ចេញចូល​កសិដ្ឋាន ជៀស​វាស​ក្នុង​ការនាំ​ផលិតផល​សាច់ជ្រូក​ចូលក្នុង​កសិដ្ឋាន និង​ជៀសវាង​ការឱ្យ​ចំណី​ជ្រូក​ជា​កាកសំណល់​ផ្ទះបាយ​»​។​
 
​គួរ​បញ្ជាក់ដែរថា ប្រសិនបើ​សត្វ​ជ្រូក​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នឹងធ្វើ​ឱ្យ​សត្វ​ជ្រូក​ងាប់​ជាច្រើន​(​អាច​នឹងមាន​អាត្រា​ងាប់​១០០​ភាគរយ​) ដែល​ជំងឺ​នេះ​មិនទាន់មាន​វ៉ាក់សាំង និង​វិធី​ព្យាបាល​នៅឡើយ​ទេ ប៉ុន្តែ​វា​ជា​ជំងឺ​ដែល​មិន​ឆ្លងទៅ​មនុស្ស​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com