ONE Championship
កីឡាជាតិ
ជាតិ
សុខ ធី មិន​ញញើត​នោះទេ ទោះ Rodtang ធ្លាប់​ផ្តួល​គូប្រកួត​ច្រើនលើក​ក៏ដោយ
10, May 2019 , 11:24 am        
រូបភាព
សុខ ធី ប៉ះជើងខ្លាំងថៃ Rotang នៅសង្វៀន ONE Championship ក្រុង​បាងកក ល្ងាចនេះ។ រូបថត ONE FC
សុខ ធី ប៉ះជើងខ្លាំងថៃ Rotang នៅសង្វៀន ONE Championship ក្រុង​បាងកក ល្ងាចនេះ។ រូបថត ONE FC
ដោយ:
​អ្នកលេង​គុន​ខ្មែរ សុខ ធី ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​ថៃ Rodtang Jitmuangnon ក្នុង​ព្រឹត្តិការណ៍ ONE Warriors of Light នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩​នេះ នាទី​ក្រុង​បាងកក​ប្រទេស​ថៃ​។ សុខ ធី បាន​សិក្សា​ពី​ចំណុចខ្លាំង និង​ខ្សោយ​របស់​គូប្រកួត​រួចហើយ​។ ទោះបី Rodtang ជា​កីឡាករ​ជើង​ខ្លាំង​មិនទាន់​ចាញ់​លើស​ង្វៀន​នេះ​ក៏ដោយ តែ​កីឡាករ​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ ហាក់​មិន​ញញើត​នឹង​បទពិសោធ​នេះឡើយ​។

 
​កីឡាករ សុខ ធី បាន​សិក្សា​ពី​ចំណុចខ្លាំង​និង​ខ្សោយ​របស់​កីឡាករ​ជើង​ខ្លាំង​ថៃ Rodtang Jitmuangnon តាមរយៈ​វីដេអូ​ប្រកួត​កន្លងមក​រួចហើយ មុន​ប៉ះគ្នា​នៅថ្ងៃនេះ​។ កីឡាករ​រហស្សនាម កា​កា រូបនេះ​មើលឃើញ​ពី​ចំណុចខ្លាំង​របស់ Rodtang ជា​កីឡាករ​មាន​កម្លាំង​ខ្លាំង រហ័សរហួន និង​វាយ​សម្រុក​។ ទន្ទឹមនឹងនេះ រូបគេ​ក៏បាន​មើលឃើញ​ពី​ចំណុចខ្សោយ​របស់​កីឡាករ​រូបនេះ​ផងដែរ គឺ​រូបគេ​វាយ​បើកមុខ មិនសូវ​ចេះ​តាំង​ឃុំ​មុខ​នោះទេ​។ កា​កា ចាត់ទុក​ចំណុច​នេះ គឺជា​ឱកាស​សម្រាប់​គេ​ក្នុង​ការប្រើ​កណ្តាប់ដៃ​វាយបក​ទៅ​កីឡាករ​ថៃ​រូបនេះ​។ 
 
​សម្រាប់ សុខ ធី ទោះបី​គូប្រកួត​របស់ខ្លួន​ជា​កីឡាករ​ជួរមុខ​របស់​ថៃ និង​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​និង​បោះបង់​ការប្រកួត​ជា​ញឹកញាប់​ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏ដោយ តែ​រូបគេ​អះអាងថា គ្មាន​អ្វីដែល​រូបគេ​ត្រូវ​កោតខ្លាច​នោះទេ​។ លើ​ល​ពីនេះ​រូបគេ​ប្តេជ្ញា​ថា នឹង​ព្យាយាម​វា​បបក និង​ប្តូរ​កណ្តាប់ដៃ​ជាមួយ​កីឡាករ​ថៃ​រូបនេះ​ផងដែរ​។ 
 
«​ខ្ញុំ​នឹង​ព្យាយាម​វាយ​មួយៗ ហើយ​ដកថយ ព្រោះ Rotang ជា​កីឡាករ​វាយ​សម្រុក​។ ទោះបី​ខ្ញុំ​ដកថយ តែ​ខ្ញុំ​នឹង​ព្យាយាម​ប្តូរ​ម៉ាត់​ជាមួយ Rodtang​។ ចំណុចខ្សោយ​របស់​កីឡាករ​ថៃ​រូបនេះ គឺ​គាត់​វាយ​បើកមុខ មិនសូវ​បិតមុខ​នោះទេ​។ ទោះបី​គេ​តែងតែ​ផ្តួល​គូ​ឲ្យ​សន្លប់​ក៏ដោយ ខ្ញុំ​មិន​ញញើត​នោះទេ គឺ​ធម្មតាៗ​។ តែ​ខ្ញុំ​ទទួលស្គាល់ថា រូបគេ​មាន​បច្ចេកទេស​ល្អ​ជាង​ខ្ញុំ​»​។ កា​កា បានបញ្ជាក់​បែបនេះ​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កាលពីពេល​កន្លងទៅ​។ 
 
​កា​កា ដែល​ដាក់​ក្តី​រំពឹង​៥០​ភាគរយ​ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​ថៃ Rodtang Jitmuangnon ក្នុង​ព្រឹត្តិការណ៍ ONE Warriors of Light នៅ​ល្ងាច​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩​នេះ នាទី​ក្រុង​បាងកក​ប្រទេស​ថៃ​។ នេះ​ជាការ​បង្ហាញខ្លួន​លើក​ទី​៣​សម្រាប់​អ្នកលេង​គុន​ខ្មែរ​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ ខណៈ​លើក​កន្លងមក​រូបគេ​ពិន្ទុ​កីឡាករ​ថៃ Lerdsila ទាំង​ពីរលើក​៕    

Tag:
 ​សុខ ធី​
  ONE Championship
  ប្រដាល់​គុន​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com