ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖«លោក ហ៊ុន សែន កំពុងភ័យពីការវិលត្រឡប់របស់ខ្ញុំ»
10, May 2019 , 11:32 am        
រូបភាព
លោក សម រង្ស៊ី អះអាងថា ការប្រកាសធ្វើមាតុភូមិនិវត្តរបស់លោក បានបង្កការភ័យខ្លាចដល់សម្តេច ហ៊ុន សែន។ អ្នកនាំពាក្យបក្សកាន់អំណាច តបថា សម្តេច ខ្លាចប្រជាពលរដ្ឋចាញ់បោកលោក សម  រង្ស៊ី មិនមែនខ្លាចលោក សម រង្ស៊ី ទេ។




នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បានចេញលិខិតពីរប្រភេទ ដោយលិខិតមួយចេញក្នុងនាមនាយករដ្ឋមន្ត្រី និង លិខិតមួយទៀតចេញក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបង្គាប់ឲ្យមន្រ្តីថ្នាក់ក្រោម ចុះទៅអប់រំប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន អំពីគម្រោងនៃការផ្តួលរំលំរដ្ឋាភិបាលនិងគម្រោងនៃការវិលត្រឡប់របស់លោក សម រង្ស៊ី។

ក្នុងចំណោមលិខិតទាំងពីរ លោក សម រង្ស៊ី បានយកលិខិតមួយ ដែលសម្តេច ហ៊ុន សែន ចេញក្នុងនាមនាយករដ្ឋមន្ត្រី ទៅបង្ហោះលើទំព័រហ្វេសហ្វេសប៊ុក នៅថ្ងៃទី៩ ខែឧសភា ដោយលោក បានសរសេរពីលើលិខិតនោះបែបនេះថា៖ «ហ៊ុន សែន កំពុងភ័យស្លន់ស្លោ ពីការវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៊ី»។




លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗថា លោក បានឃើញហើយលិខិត ដែលសម្តេច ហ៊ុន សែន ចេញក្នុងនាមនាយករដ្ឋមន្ត្រី ហើយលោក អះអាងថា លិខិតនោះ គឺជាលិខិតពិត។ ប៉ុន្តែ ចំពោះលិខិត ដែលសម្តេច ហ៊ុន សែន ចេញក្នុងនាមប្រធានគណបក្ស លោក ពុំទាន់មានចម្លើយទេ។

អ្នកនាំពាក្យរូបនេះបកស្រាយថា វិធានការរបស់សម្តេច ហ៊ុន សែន គឺជាការបង្ការទុកជាមុន កុំឲ្យអសន្តិសុខកើតឡើង។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមែន យើងខ្លាចរអាបុគ្គល សម រង្ស៊ី ទេ តែយើងខ្លាច ប្រជាពលរដ្ឋចាញ់បោកបុគ្គល សម រង្ស៊ី ដូចយើងឃើញស្រាប់ហើយ នៅវេណេស៊ុយអេឡា មេបក្សប្រឆាំងអូសទាញប្រជាពលរដ្ឋ ឲ្យធ្វើបដិវត្ត។ អ៊ីចឹងយើងការពារ ប្រសើរជាងព្យាបាល»។

លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុកបន្ថែមទៀតថា ប្រជាពលរដ្ឋ ត្រូវតែផ្តួលរំលំរដ្ឋាភិបាលបច្ចុច្បន្ន ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ និងរំលោភឆន្ទៈប្រជាពលរដ្ឋទាំងស្រុង។ មេដឹកនាំក្រុមប្រឆាំងដែលកំពុងនិរទេសរូបនេះ សង្កត់ធ្ងន់បែបនេះថា៖ «ប្រជារាស្ត្រខ្មែរ ឃើញច្បាស់តាមរយៈលិខិតរបស់ ហ៊ុន សែននេះ ថាទាល់តែ សម រង្ស៊ី ជិតវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីផ្តួលរំលំរបបខុសច្បាប់ [....] ទើបរបបនេះ ចាប់ផ្តើមគិតគូរធ្វើអំពើល្អ [.....]»។

លិខិតទាំងពីររបស់សម្តេចនាយករដ្ឋមន្រ្តី គឺមានន័យដូចគ្នា។ លិខិតចេញក្នុងនាមនាយករដ្ឋមន្រ្តី គឺផ្ញើជូនទៅគ្រប់ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត ដែលស្ថិតក្នុងក្របខ័ណ្ឌរដ្ឋាភិបាល ឯលិខិតចេញក្នុងនាមប្រធានគណបក្ស គឺផ្ញើជូនគ្រប់ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានី-ខេត្ត ដែលស្ថិតក្នុងក្របខ័ណ្ឌគណបក្ស។

តាមរយៈលិខិតទាំងនោះ ប្រមុខរដ្ឋាភិបាល បានក្រើនរម្លឹកមន្រ្តីរបស់ខ្លួនទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាល ទាំងក្នុងក្របខ័ណ្ឌគណបក្សថា លោក សម រង្ស៊ី មានបំណងដឹកនាំធ្វើបដិវត្តពណ៌ ដោយបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ផ្តួលរំលំរដ្ឋាភិបាល។ ប្រមុខរដ្ឋាភិបាល បានហៅសកម្មភាពរបស់លោក សម រង្ស៊ី ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់កម្ពុជា ហើយអាចនាំប្រទេសឲ្យធ្លាក់ក្នុងវិបត្តិ ភាពចលាចល និងភាពវឹកវរ ដែលមិនអាចប៉ាន់ស្មានបាន។

មេដឹកនាំរូបនេះ ដាក់បញ្ជាទៅថ្នាក់ក្រោមយ៉ាងដូច្នេះថា៖ «ដើម្បីគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋានឲ្យបានកាត់តែល្អប្រសើរថែមទៀត ប្រធានក្រុមការងារចុះជួយរាជធានី-ខេត្ត [ត្រូវ] ដឹកនាំ ណែនាំក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ សហការរៀបចំវេទិកាសាធារណៈគ្រប់ឃុំ សង្កាត់ ភូមិ ដើម្បីផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអំពីផលវិបាកនៃការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈសកម្មភាពបដិវត្តពណ៌ និងការវិលត្រឡប់មកកម្ពុជារបស់ទណ្ឌិត សម រង្ស៊ី ដើម្បីដឹកនាំសកម្មភាពខុសច្បាប់នេះ»។

កន្លងមក សម្តេច ហ៊ុន សែន ធ្លាប់បង្ហាញអារម្មណ៍ហួសចិត្ត ពេលឮលោក សម រង្ស៊ី ចំអកដាក់ខ្លួន ថាខ្លាចការវិលត្រឡប់របស់លោក សម រង្ស៊ី។ ប្រធានគណបក្សកាន់អំណាចរូបនេះ បានពន្យុះថែមឲ្យលោក សម រង្ស៊ី ឆាប់វិលមកកម្ពុជាវិញ ហើយព្រលយពាក្យថា «គុកនិងខ្នោះត្រៀមរួចហើយ»។

លោក សម រង្ស៊ី និងមនុស្សជំនិតៗរបស់លោក ប្រកាសថា នឹងវិលមកកម្ពុជាវិញ នៅឆ្នាំ២០១៩នេះ។ ក្រុមលោក បានដើរអំពាវនាវឲ្យប្រជាពលរដ្ឋនៅតាមប្រទេសនានា ធ្វើមាតុភូមិនិវត្តជាមួយក្រុមលោកដែរ។ លើសពីនេះ ក្រុមលោក បានណែនាំមកមន្រ្តីរបស់ខ្លួននៅក្នុងស្រុក ឲ្យដើរប្រមូលអ្នកគាំទ្រ ដើម្បីចាំទទួលលោក សម រង្ស៊ី៕ 

Tag:
 ហ៊ុន សែន
  សម រង្ស៊ី
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com