ការដើរ គឺជាលំហាត់ប្រាណដ៏ល្អ និងងាយស្រួលបំផុតមួយដើម្បីរក្សាបាននូវសុខភាពរឹងមាំជៀសផុតពីជំងឺផ្សេងៗ។ ដូច្នេះអ្នកគួរដើរជាប្រចាំសម្រាប់រយៈពេលយ៉ាងហោចណាស់
ពី ១៥ ទៅ ៣០ នាទីក្នុងមួយថ្ងៃ។ ប៉ុន្តែថាតើការដើរផ្ដល់នូវអត្ថប្រយោជន៍អ្វីខ្លះទៅ? ហេតុអ្វីបានជាយើងគួរដើររាល់ថ្ងៃ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលនៃការដើរជាប្រចាំចំពោះសុខភាព ៖
១. បង្កើនសុខភាពខួរក្បាល
អ្នកនឹងទទួលបានសុខភាពខួរក្បាលកាន់តែល្អប្រសើរគួរឲ្យកត់សម្គាល់ ដោយការដើរអាចជួយបង្កើនកម្រិតនៃអ័រម៉ូនអារម្មណ៍ល្អ endorphins និងកាត់បន្ថយអ័រម៉ូន ក្នុងរាងកាយ។ លើសពីនេះទៅទៀត ការដើរធ្វើឲ្យបេះដូងច្របាច់ឈាមទៀងទាត់ដែលមានន័យថា រាល់សរីរាង្គ រួមទាំងខួរក្បាលនឹងទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ហើយដំណើរការមុខងារបានត្រឹមត្រូវ រួមបញ្ចូលទាំងការបញ្ចេញអ័រម៉ូនអារម្មណ៍ល្អ។
២. សុខភាពភ្នែក
ការដើរក៏ជួយបង្កើនភាពមើលឃើញបានច្បាស់ផងដែរ។ នោះក៏ព្រោះតែការដើរជួយបញ្ចេញ ឬកាត់បន្ថយសម្ពាធភ្នែកដែលធ្វើឲ្យអ្នកអាចជៀសផុតពីហានិភ័យនៃបញ្ហាឡើងសម្ពាធក្នុងភ្នែក (ជំងឺភ្នែក glaucoma)។
៣. សុខភាពបេះដូង
ការដើរ គឺជាលំហាត់ប្រាណដ៏ល្អបំផុតមួយដែលអាចជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ដោយបង្កើនកូឡេស្តេរ៉ូលល្អក្នុងឈាមជំនួសវិញ។ ដូចដែលភាគច្រើននៃពួកយើងធ្លាប់បានដឹងរួចមកហើយថា ការឡើងខ្ពស់នៃកម្រិតកូឡេស្តេរ៉ូលមិនល្អអាចបង្កបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភជាច្រើន រួមបញ្ចូលទាំងហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
៤. បង្កើនសុខភាពសួត
ការដើរ គឺអនុញ្ញាតឲ្យសួតមានលំហូរអុកស៊ីសែនកាន់តែច្រើនជាងមុនឆ្លងកាត់ពេញក្នុងរាងកាយ។ ដូច្នេះក្រៅពីកម្ចាត់ជាតិពុលចេញពីក្នុងរាងកាយហើយនោះ ការដើរក៏ជះឥទ្ធិពលលើមុខងារនៃសួតដែលជួយទប់ស្កាត់ហានិភ័យនៃជំងឺសួតផ្សេងៗផងដែរ។
៥. ស្រកទម្ងន់
អត្ថប្រយោជន៍ដ៏ច្បាស់លាស់មួយនៃការដើរជាប្រចាំ គឺវានឹងជួយធ្វើឲ្យអ្នកស្រកទម្ងន់។ នោះក៏ព្រោះតែកាឡូរីនឹងត្រូវបានបំលែងដើម្បីប្រើប្រាស់ភ្លាមៗជាថាមពលសម្រាប់រាងកាយ។
៦. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ
ការដើរមិនត្រឹមតែជាលំហាត់ប្រាណល្អបំផុតមួយសម្រាប់រាងកាយឡើយប៉ុន្តែក៏ចំពោះប្រព័ន្ធរំលាយអាហារផងដែរ។ ការដើរបន្ទាប់ពីទទួលទានអាហារពេលល្ងាច គឺជួយកំណត់បរិមាណត្រឹមត្រូវនៃការបញ្ចេញទឹករំលាយអាហារ ឬទឹកក្រពះ និងអង់ស៊ីមបំបែកអាហារ។ ហើយការទទួលទានអាហារសុខភាពល្អ គឺមិនអាចផ្ដល់ប្រយោជន៍អ្វីឡើយ ប្រសិនបើការរំលាយអាហារដំណើរការមិនបានត្រឹមត្រូវនោះ។ ដូច្នេះដើម្បីរក្សាបាននូវស្ថានភាពល្អប្រសើរនៃដំណើរការរំលាយអាហារក្នុងរាងកាយ ចូរឆ្លៀតដើរឲ្យបានយ៉ាងហោចណាស់ពី ១៥ ទៅ ៣០ នាទីក្នុងមួយថ្ងៃ។
៧. ពង្រឹងសុខភាពឆ្អឹង
ដោយគ្រាន់តែដើរឲ្យបានយ៉ាងហោចណាស់ពី ១៥ ទៅ ៣០ នាទីរៀងរាល់ថ្ងៃ នោះក៏អាចជួយឲ្យសុខភាពឆ្អឹងកាន់តែប្រសើររឹងមាំ ហើយជៀសផុតពីជំងឺពុកឆ្អឹងបានដែរ។
៨. បង្កើនប្រព័ន្ធភាពស៊ាំ
ការដើរជាប្រចាំអាចជួយក្នុងការជំរុញបង្កើនប្រព័ន្ធភាពស៊ាំឲ្យមានលក្ខណៈកាន់តែប្រសើរឡើង។ ដូច្នេះចូរធ្វើលំហាត់ប្រាណងាយៗ ដោយដើរយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ ដើម្បីពង្រឹងដល់កោសិកាដែលប្រយុទ្ធប្រឆាំងនឹងបាក់តេរីអាក្រក់ៗនៅក្នុងរាងកាយ៕
ត្រួតពិនិត្យដោយ www.health.com.kh