ជាតិ
សង្គមជាតិ
ក្រសួង រៀបចំបញ្ចូលរដ្ឋធម្មនុញ្ញ នៅបឋមសិក្សានិងវិទ្យាល័យ
10, May 2019 , 2:34 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ និងជាប្រធានគណៈកម្មការចំពោះកិច្ច
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ និងជាប្រធានគណៈកម្មការចំពោះកិច្ច
ដោយ:
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្តីសម្រេចមួយ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះ ស្តីពីការបង្កើតក្រុមការងារ ដើម្បីរៀបចំបញ្ចូលបទប្បញ្ញត្តិគ្រឹះក្នុងរដ្ឋធម្មនុញ្ញ ទៅក្នុងមុខវិទ្យាសីលធម៌ និងពលរដ្ឋវិទ្យា ចាប់តាំងពីកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និង មធ្យមសិក្សាទុតិយភូមិ។



លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេស ដែលតម្រូវឲ្យប្រជាពលរដ្ឋ ដោយរួមទាំងសិស្សានុសិស្សផងដែរ មានការយល់ដឹង ហេតុនេះហើយ ទើបបានជាក្រសួងរៀបចំដាក់បញ្ចូលទៅក្នុងមេរៀន។ លោកបន្តថា ការដាក់រដ្ឋធម្មនុញ្ញចូលទៅក្នុងមេរៀននេះ គឺជាគំនិតផ្តួចផ្តើមរួមគ្នា​រវាង​លោករដ្ឋមន្ត្រីអប់រំ ហង់ ជួនណារ៉ុន និង​លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ អ្នកនាំពាក្យដដែល​បន្តថា លោកមិនអាចបញ្ជាក់បានទេថា កិច្ចការងារនេះ នឹងរួចរាល់នៅពេលណា ប៉ុន្តែលោកថា ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ​ នឹង​បង្កើតក្រុមការងារ​ដើម្បី​ធ្វើកិច្ចការនេះរួមគ្នា។

មាត្រា​៤៩នៃរដ្ឋធម្មនុញ្ញ បានចែងថា «ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​​ ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​ និង​ គោរព​ច្បាប់»។
 
យោងតាមសេចក្តីសម្រេចរបស់លោក ហង់ ជួន ណារ៉ុន ក្រុមការងារនេះ មាន២ផ្នែក គឺគណៈកម្មការចំពោះកិច្ច និង ក្រុមការងារបច្ចេកទេសចំពោះកិច្ច។ លោក ហង់ ជួន ណារ៉ុន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចដោយខ្លួនឯងតែម្តង ដោយអមជាមួយអនុប្រធាន២រូប និង សមាជិក៣រូប។ ចំណែក ក្រុមការងារបច្ចេកទេសចំពោះកិច្ច មានលោក ពុត សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ជាប្រធាន និង អនុប្រធាន២រូប ព្រមទាំងសមាជិក១៤រូប៕



Tag:
 អប់រំ
  រដ្ឋធម្មនុញ្ញ
  ហង់ ជួន ណារ៉ុ
© រក្សាសិទ្ធិដោយ thmeythmey.com