អន្តរជាតិ
បិទ PUBG ចោល ក្រុមហ៊ុនចិន Tencent ដាក់ដំណើរការហ្គេមថ្មីស្រដៀងគ្នាជំនួសវិញ ប្រភពរូប៖ Reuters
× ក្រុមហ៊ុនយក្សចិន Tencent បានលុបចោលហ្គេមដ៏ល្បីល្បាញ PUBG ដែលលេងលើទូរសព្ទ កាលពីថ្ងៃពុធ ទី៨ ខែឧសភា ហើយនៅថ្ងៃដដែលនេះ ក្រុមហ៊ុនចិននេះ ក៏បានដាក់ដំណើរការភ្លាមៗនូវហ្គេមថ្មីមួយ ដែលស្រដៀងគ្នានឹង PUBG ផងដែរ។ កត្តាពីរ ដែលបណ្តាលឲ្យក្រុមហ៊ុននេះលុបចោលហ្គេម PUBG គឺដោយសារតែ ខ្លួនពុំទទួលបានការអនុញ្ញាតពីរដ្ឋាបាលចិនឲ្យទាញយកចំណូលពីហ្គេមនេះ និងដើម្បីពង្រឹងច្បាប់ទម្លាប់នៃការចុះឈ្មោះ និងរបៀបលេងហ្គេមឲ្យបានតឹងរ៉ឹងជាមុន។
បន្ទាប់ពីបិទហ្គេម PUBG ក្រុមហ៊ុនចិន Tencent ដែលរកចំណូលបានជាង៤៥ពាន់លានដុល្លារកាលពីឆ្នាំ២០១៨ បានដាក់បញ្ចូលហ្គេមឈ្មោះ Game for Peace ទៅក្នុង China Apple Store របស់ក្រុមហ៊ុន Apple ។ ខុសប្លែកពី PUBG ហ្គេមប្រភេទបាញ់ប្រហារថ្មីនេះ ទទួលបានអាជ្ញាបណ្ណដើម្បីទាញយកចំណូល ដែលផ្តល់ឲ្យដោយរដ្ឋាភិបាលចិន។
មិនដល់២ថ្ងៃស្រួលបួលផងក្រោយការដាក់ដំណើរការ ហ្គេម Game for Peace ឈរនៅលើកំពូលតារាង ជាហ្គេមដែលមានគេទាញយកលេងច្រើនបំផុត។ នេះបើតាមទិន្នន័យរបស់វេបសាយ Sensor Tower data ។ សម្រាប់តួលេខនេះ អ្នកជំនាញក្នុងឧស្សាហកម្មកម្សាន្តតាមអនឡាញនេះ ប៉ាន់ស្មានថា ហ្គេមបាញ់ប្រហារ ដែលមានទំនោរបង្ហាញពីភាពស្នេហាជាតិរបស់ចិននេះ អាចរកចំណូលបានរហូតដល់ ១,៤៨ពាន់លានឯណោះជាប្រចាំឆ្នាំសម្រាប់ក្រុមហ៊ុន Tencent ។
ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកង្វល់របស់អាណាព្យាបាល ជុំវិញផលប៉ះពាល់របស់ហ្គេមអនឡាញលើសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់កុមារ ហ្គេម Game for Peace បានកំណត់អាយុសម្រាប់ឲ្យអ្នកប្រើប្រាស់អាចទាញយក គឺចាប់ពីអាយុ១៦ឆ្នាំឡើងទៅ។ ម្យ៉ាងវិញទៀត ទម្រង់នៃការលេងនៅក្នុងហ្គេមនេះ ក៏មានការកែប្រែផងដែរ។ ជាឧទាហរណ៍នោះ តួអង្គក្នុងហ្គេមនេះ ដែលត្រូវគេបាញ់ស្លាប់ ពុំហូរឈាមឡើយ។ វា គឺជាសញ្ញាវិជ្ជាមានមួយដើម្បីកាត់បន្ថយភាពហិង្សានៃហ្គេមនេះ។
សូមបញ្ជាក់ថា ហ្គេម PUBG លើទូរសព្ទ ត្រូវបានដាក់ដំណើរការជាផ្លូវការ កាលពីខែមីនា ឆ្នាំ២០១៨ និងបានក្លាយជាហ្គេមដ៏ពេញនិយមបំផុតមួយក្នុងពិភពលោក។ ហ្គេមនេះ ត្រូវបានបង្កើតឡើងដំបូងឡើយដោយក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយឈ្មោះថា Krafton ដែលមានឈ្មោះពីដើម Bluehole ។ តែក្រោយមក ទើបត្រូវបានក្រុមហ៊ុន Tencent ទិញអាជ្ញាបណ្ណដើម្បីអភិវឌ្ឍ និងដាក់សាកល្បងសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុកខ្លួន។
គេសង្ស័យផងដែរថា កត្តាភូមសាស្ត្រនយោបាយ ក៏ចូលរួមចំណែកក្នុងការបិទហ្គេម PUBG នេះផងដែរ ព្រោះថា រដ្ឋាភិបាលចិន អាចមិនសប្បាយចិត្តនឹងផលិតផលរបស់កូរ៉េខាងត្បូង។ តួយ៉ាង ក្នុងឆ្នាំ២០១៧ ក្រុងប៉េកាំង បានចាប់ផ្តើមធ្វើពហិការផលិតផល និងសេវាកម្មនានារបស់កូរ៉េខាងត្បូង ក្រោយពីក្រុងសេអ៊ូល បានយល់ព្រមដាក់ដំឡើងប្រព័ន្ធខែលមីស៊ីល THAAD របស់សហរដ្ឋអាមេរិក លើព្រំដែនខ្លួន ជាប់នឹងកូរ៉េខាងជើង៕
Tag:
ចិន
ហ្គេម PUBG
Tencent
© រក្សាសិទ្ធិដោយ thmeythmey.com