អន្តរជាតិ
រុស្ស៊ី ថ្កោលទោស​អាមេរិក​ដែល​ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​លើ​អ៊ីរ៉ង់​
10, May 2019 , 3:03 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ និងសមភាគីរុស្ស៊ី។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ និងសមភាគីរុស្ស៊ី។ រូបភាព AFP
​អាមេរិក​នៅ​ថ្ងៃទី​៩ ខែឧសភា បានដាក់​ទណ្ឌកម្ម​ថ្មី​មួយទៀត​លើ​អ៊ីរ៉ង់ ដោយ​លើក​នេះ​ដាក់​គោលដៅ​លើ​វិស័យ​ឧស្សាហកម្ម​លោហធាតុ​របស់​អ៊ីរ៉ង់​។ នៅ​ថ្ងៃ​ដដែល​នេះ ប្រទេស​រុស្ស៊ី ចេញមក​ប្រឆាំង​ចំណាត់ការ​របស់​អាមេរិក និង​អំពាវនាវ​ឲ្យ​មាន​ការចរចា​ដើម្បី​ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ។ រុស្ស៊ី​ក៏​ស្នើ​ទៅកាន់​ហត្ថលេខី​ផ្សេងទៀត​របស់​កិច្ចព្រមព្រៀង​នេះ​ឲ្យ​ធ្វើតាម​ការប្ដេជ្ញាចិត្ត​រប​ស់​ខ្លួន​ចំពោះ​អ៊ីរ៉ង់​។

 
 
​អាមេរិក​ទើប​ដាក់​កញ្ចប់​ទណ្ឌកម្ម​លើ​វិស័យ​រ៉ែ​អ៊ីរ៉ង់​។ យើង​សូម​ថ្កោលទោស​ចំណាត់ការ​នេះ​។ នេះ​ជាការ​ប្រកាស​របស់​ក្រសួងការបរទេស​រុស្ស៊ី នៅ​ថ្ងៃទី​៩ ខែឧសភា ក្រោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ដែលជា​ទណ្ឌកម្ម​ទី​ពី​រលើ​ប្រភព​ចំណូល​របស់​ទីក្រុង​តេ​ហេ​រ៉ង់ បន្ទាប់ពី​ការនាំចេញ​ប្រេង​។ 
 
​សម្រាប់​ទណ្ឌកម្ម​ថ្មី​នេះ អាមេរិក នឹងដាក់​ពិន័យ​លើ​ប្រទេស​ណា​ដែល​បន្ត​ទិញ​លោហធាតុ​ពី​អ៊ីរ៉ង់​ដូចជា​ដែក ទង់ដែង និង​អាលុយមីញ៉ូម​។ ឧស្សាហកម្ម​លោហធាតុ​នេះ មាន​ទំហំ​១០​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​អ៊ីរ៉ង់​។​
 
​តាមរយៈ​សេចក្ដីប្រកាស​ខាងលើ ក្រសួងការបរទេស​រុស្ស៊ី ចាត់ទុក​សភាពការណ៍​បច្ចុប្បន្ននេះ ជា​រឿង​ធ្ងន់ធ្ងរ និង​ស្នើ​ឲ្យ​អ៊ីរ៉ង់​ជួបចរចា​ជាមួយ​មហាអំណាច​ពិភពលោក​ដទៃទៀត​ដើម្បី​ស្វែងរក​ផ្លូវ​ធ្វើ​ឲ្យ​ស្ថានការណ៍​វិលត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ​។ ទីក្រុង​មូ​ស្គូ លើកឡើងថា ខ្លួន​យល់​ពី​សុខទុក្ខ​របស់​ក្រុង​តេ​ហេ​រ៉ង់ ប្រឈមមុខ​នឹង​ទណ្ឌកម្ម​របស់​ក្រុង​វ៉ាស៊ីនតោន ហើយក៏​យល់​ពី​ជំហរ​របស់​តេ​ហេ​រ៉ង់​ដែល​សម្រេចចិត្ត​លែង​អនុវត្តតាម​ចំណុច​ខ្លះ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ។​
 
​ទោះជា​យ៉ាងណា រុស្ស៊ី ប្រាប់​ឲ្យ​អ៊ីរ៉ង់​មិនត្រូវ​ធ្វើ​ខ្លាំង​ដៃ​ពេក​ឡើយ ហើយ​បន្ត​ប្រកាន់ខ្ជាប់​កិច្ចព្រមព្រៀង​ដដែល​។ ទន្ទឹមនឹង​ការ​ប្រាប់​អ៊ីរ៉ង់ រុស្ស៊ី​ក៏​អំពាវនាវ​ទៅកាន់​មហាអំណាច​ផ្សេង​ឲ្យ​ធ្វើតាម​អ្វីដែល​ខ្លួន​បាន​សន្យា​ឲ្យ​អ៊ីរ៉ង់​។ នោះ គឺ​រុស្ស៊ី ចង់​ប្រាប់​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ដែល​បាន​ធានា​ការពារ​មិន​ឲ្យ​រង​ទណ្ឌកម្ម​របស់​អាមេរិក​លើ​ការនាំចេញ​ប្រេង និង​វិស័យ​ធនាគារ​ដែល​តួនាទី​សំខាន់បំផុត​ក្នុងការ​ទូទាត់​ថ្លៃ​ប្រេង​។ ប៉ុន្តែ​ប្រទេស​ទាំងនេះ មិនអាច​ធ្វើ​បានឡើយ​។​
 
​តាមពិតទៅ ក្រោយ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង និង​ធនាគារ​របស់​អ៊ីរ៉ង់ អឺរ៉ុប​បាន​ឯកភាពគ្នា​ប្រព័ន្ធ​ទូទាត់​មួយ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម ហើយ​អឺរ៉ុប និង​ប្រទេស​នានា​នៅតែ​អាច​ទិញ​ប្រេង​អ៊ីរ៉ង់​ដដែល ដោយ​មិន​បារម្ភ​រឿង​ទណ្ឌកម្ម​។ ប៉ុន្តែ យន្តការ​ថ្មី ហាក់​គ្មាន​ប្រសិទ្ធភាព ហើយ​ប្រទេស​ជាច្រើន​ក៏​មិន​ហ៊ាន​ប្រថុយ​សាកល្បង​នឹង​ចំណាត់ការ​របស់​អាមេរិក​ដែរ​។ យ៉ាង​ក៏ដោយចុះ រុស្ស៊ី​អះអាងថា ទំនាក់ទំនង​សេដ្ឋកិច្ច​ជា​រឿង​ចាំបាច់​រាប់ទាំង​ការទិញ​ប្រេង​ផង​៕
 

Tag:
 រុស្ស៊ី​
  អាមេរិក​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com