កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា និង ធា​រី ចន្ថា​ប៊ី​ន ត្រូវ​ជួយ​ក្លិប​រៀងៗ​ខ្លួន ដើម្បី​ដណ្តើម​កៅអី​១/២ FA Cup
10, May 2019 , 3:37 pm        
រូបភាព
កីឡាករ ចាន់ វឌ្ឍនាកា (ឆ្វេង) និងកីឡាករ ធារី ចន្ថាប៊ីន នាជំនួបកន្លងមក
កីឡាករ ចាន់ វឌ្ឍនាកា (ឆ្វេង) និងកីឡាករ ធារី ចន្ថាប៊ីន នាជំនួបកន្លងមក
ដោយ:
​ខ្សែប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា និង​ខ្សែបម្រើ ធា​រី ចន្ថា​ប៊ី​ន ត្រូវ​ជួយ​ក្លិប​រៀងៗ​ខ្លួន ដើម្បី​ប្រជែង​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​(១/២)​នៃ​ពានរង្វាន់​លំដាប់​ទី​២​ម៉ាឡេស៊ី Malaysia FA Cup 2019 នៅ​យប់​ថ្ងៃទី​១០ ខែឧសភា​នេះ​។ វឌ្ឍនាកា ត្រូវ​ធ្វើការ​ធ្ងន់​ជាង ធា​រី បន្ទាប់ពី​ក្រុម​របស់គេ PKNS បរាជ័យ​ក្នុង​ជើង​ទី​១​លើ​ទឹកដី​ខ្លួន​។​

 
​កីឡាករ ចាន់ វឌ្ឍនាកា ត្រូវ​ជួយ​ក្លិប PKNS FC ប្រជែង​ជាមួយ Kedah នា​ជំនួប​ជើង​ទី​២​ពានរង្វាន់ Malaysia FA Cup នៅ​ម៉ោង​៨​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន Darul Aman Stadium​។ វឌ្ឍនាកា ត្រូវ​ធ្វើការ​ធ្ងន់​បន្តិច​នៅ​យប់​នេះ ព្រោះ​ក្រុម PKNS ត្រូវការ​ឈ្នះ Kedah ពីរ​គ្រាប់ ឬ​លើសពីនេះ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ 
 
​នា​ជំនួប​ជើង​ទី​១​លើដី​ខ្លួន​ក្រុម​របស់​កីឡាករ ចាន់ វឌ្ឍនាកា បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង Kedah ក្នុង​លទ្ធផល ៣-១​។ ខ្សែការពារ Tamerlan Kozubaev របស់ PKNS ត្រូវ​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​នៅ​នាទី​ទី​៣២ ក្រោយ Kedah នាំមុខ ២-០ ដែល​គ្រាប់​បាល់​ទាំងពីរ​នេះ​សម្រេច​ដោយ​ខ្សែប្រយុទ្ធ Fernando Rodriguez និង Jonatan Bauman​។ នៅ​ចុង​តង់​ទីមួយ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Jonatan Bauman សម្រេចបាន​មួយ​គ្រាប់​បន្ថែម ដើម្បី​បង្កើន​ការនាំ​មុខ ៣-០​។ 
 
​ក្រុម PKNS ដែល​សល់​សមាជិក​តែ​១០​នាក់​បាន​ព្យាយាម​រហូត​អាច​បំបែក​ពងមាន់​នៅ​នាទី​ទី​៦៤ ដែល​រកបាន​ដោយ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Gabriel Miguel Guerra​។ ក្រុម​ទាំងពីរ​រក្សា​លទ្ធផល ៣-១ រហូត​ចប់​ការប្រកួត​។ តាមរយៈ​លទ្ធផល​នេះ PKNS ត្រូវ​ឈ្នះ Kedah ២-០ ឬ​លើសពីនេះ​ទើប​អាច​ឈានទៅ​វគ្គ​បន្តបាន​។ 
 
​នៅ​ម៉ោង​៨​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃ​សុក្រ​នេះដែរ ខ្សែបម្រើ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ត្រូវ​ជួប​ក្រុម Terengganu តទល់​ជាមួយ​អតីត​ក្រុម​របស់ វឌ្ឍនាកា Pahang FA នា​កីឡដ្ឋាន Darul Makmur Stadium​។ នា​ជំនួប​ជើង​ទី​១​នៅលើ​ទឹកដី​ខ្លួន​ក្រុម​របស់ ធា​រី បាន​យកឈ្នះ​ក្រុម Pahang FA ក្នុង​លទ្ធផល ២-១​។ ខ្សែបម្រើ Abdul Malik និង​ខ្សែប្រយុទ្ធ Tchetche Kipre ជា​អ្នកសម្រេច​គ្រាប់​បាល់​ឲ្យ Terengganu ខណៈ​គ្រាប់​បាល់ Pahang រកបាន​ដោយ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Ze Eduardo​។​
 
​សម្រាប់​ជំនួប​ជើង​ទី​២​នៅ​យប់​នេះ ក្រុម Terengganu របស់​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ក្នុងការ​ធានា​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​លំដាប់​ទី​២​របស់​ម៉ាឡេស៊ី​នេះ​។ 
 
​ក្រៅពី​ជំនួប​ទាំងពីរ​នេះ ក៏មាន​ការប្រកួត​ចំនួន​ពីរ​ទៀត​ផងដែរ ក្នុងនោះ​ក្រុម Kuala Lumpur បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ភ្ញៀវ Felda Utd ខណៈ​ជើង​ទី​១​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣​។ ចំណែក​ក្រុម PKNP ត្រូវ​តទល់​ជាមួយ Perak នៅ​កីឡដ្ឋាន Perak Stadium នា​ជំនួប​ជើង​ទី​១​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​។ ការប្រកួត​ទាំងពីរ​ធ្វើឡើង​នៅ​ម៉ោង​៨​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ដូចគ្នា​៕    

Tag:
 Malaysia FA Cup 2019
  ចាន់ វឌ្ឍនាកា​
  ធា​រី ចន្ថា​ប៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com