កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ត្រូវជួយក្លិបរៀងៗខ្លួន ដើម្បីដណ្តើមកៅអី១/២ FA Cup កីឡាករ ចាន់ វឌ្ឍនាកា (ឆ្វេង) និងកីឡាករ ធារី ចន្ថាប៊ីន នាជំនួបកន្លងមក
× ខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា និងខ្សែបម្រើ ធារី ចន្ថាប៊ីន ត្រូវជួយក្លិបរៀងៗខ្លួន ដើម្បីប្រជែងដណ្តើមកៅអីឡើងទៅវគ្គ៤ក្រុមចុងក្រោយ(១/២)នៃពានរង្វាន់លំដាប់ទី២ម៉ាឡេស៊ី Malaysia FA Cup 2019 នៅយប់ថ្ងៃទី១០ ខែឧសភានេះ។ វឌ្ឍនាកា ត្រូវធ្វើការធ្ងន់ជាង ធារី បន្ទាប់ពីក្រុមរបស់គេ PKNS បរាជ័យក្នុងជើងទី១លើទឹកដីខ្លួន។
កីឡាករ ចាន់ វឌ្ឍនាកា ត្រូវជួយក្លិប PKNS FC ប្រជែងជាមួយ Kedah នាជំនួបជើងទី២ពានរង្វាន់ Malaysia FA Cup នៅម៉ោង៨យប់(ម៉ោងនៅកម្ពុជា)ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នាកីឡដ្ឋាន Darul Aman Stadium។ វឌ្ឍនាកា ត្រូវធ្វើការធ្ងន់បន្តិចនៅយប់នេះ ព្រោះក្រុម PKNS ត្រូវការឈ្នះ Kedah ពីរគ្រាប់ ឬលើសពីនេះ ដើម្បីធានាកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នាជំនួបជើងទី១លើដីខ្លួនក្រុមរបស់កីឡាករ ចាន់ វឌ្ឍនាកា បានរងបរាជ័យក្រោមថ្វីជើង Kedah ក្នុងលទ្ធផល ៣-១។ ខ្សែការពារ Tamerlan Kozubaev របស់ PKNS ត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហមនៅនាទីទី៣២ ក្រោយ Kedah នាំមុខ ២-០ ដែលគ្រាប់បាល់ទាំងពីរនេះសម្រេចដោយខ្សែប្រយុទ្ធ Fernando Rodriguez និង Jonatan Bauman។ នៅចុងតង់ទីមួយខ្សែប្រយុទ្ធអាហ្សង់ទីន Jonatan Bauman សម្រេចបានមួយគ្រាប់បន្ថែម ដើម្បីបង្កើនការនាំមុខ ៣-០។
ក្រុម PKNS ដែលសល់សមាជិកតែ១០នាក់បានព្យាយាមរហូតអាចបំបែកពងមាន់នៅនាទីទី៦៤ ដែលរកបានដោយខ្សែប្រយុទ្ធអាហ្សង់ទីន Gabriel Miguel Guerra។ ក្រុមទាំងពីររក្សាលទ្ធផល ៣-១ រហូតចប់ការប្រកួត។ តាមរយៈលទ្ធផលនេះ PKNS ត្រូវឈ្នះ Kedah ២-០ ឬលើសពីនេះទើបអាចឈានទៅវគ្គបន្តបាន។
នៅម៉ោង៨យប់(ម៉ោងនៅកម្ពុជា)ថ្ងៃសុក្រនេះដែរ ខ្សែបម្រើខ្មែរ-បារាំង ធារី ចន្ថាប៊ីន ត្រូវជួបក្រុម Terengganu តទល់ជាមួយអតីតក្រុមរបស់ វឌ្ឍនាកា Pahang FA នាកីឡដ្ឋាន Darul Makmur Stadium។ នាជំនួបជើងទី១នៅលើទឹកដីខ្លួនក្រុមរបស់ ធារី បានយកឈ្នះក្រុម Pahang FA ក្នុងលទ្ធផល ២-១។ ខ្សែបម្រើ Abdul Malik និងខ្សែប្រយុទ្ធ Tchetche Kipre ជាអ្នកសម្រេចគ្រាប់បាល់ឲ្យ Terengganu ខណៈគ្រាប់បាល់ Pahang រកបានដោយខ្សែប្រយុទ្ធប្រេស៊ីល Ze Eduardo។
សម្រាប់ជំនួបជើងទី២នៅយប់នេះ ក្រុម Terengganu របស់កីឡាករ ធារី ចន្ថាប៊ីន ត្រូវការត្រឹមស្មើប៉ុណ្ណោះក្នុងការធានាកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២របស់ម៉ាឡេស៊ីនេះ។
ក្រៅពីជំនួបទាំងពីរនេះ ក៏មានការប្រកួតចំនួនពីរទៀតផងដែរ ក្នុងនោះក្រុម Kuala Lumpur បើកទ្វារកីឡដ្ឋានខ្លួនស្វាគមន៍ភ្ញៀវ Felda Utd ខណៈជើងទី១ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣។ ចំណែកក្រុម PKNP ត្រូវតទល់ជាមួយ Perak នៅកីឡដ្ឋាន Perak Stadium នាជំនួបជើងទី១ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលគ្មានការស៊ុតបញ្ចូលទីគ្នា។ ការប្រកួតទាំងពីរធ្វើឡើងនៅម៉ោង៨យប់(ម៉ោងនៅកម្ពុជា)ដូចគ្នា៕
Tag:
Malaysia FA Cup 2019
ចាន់ វឌ្ឍនាកា
ធារី ចន្ថាប៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com