ជាតិ
ក្រសួងបរិស្ថាន ព្រមាន​វិធានការ​ច្បាប់ ចំពោះ​អ្នក​ទន្ទ្រាន​យក​ដីព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​
10, May 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន ដាស់តឿន​ពលរដ្ឋ​ឲ្យ​បញ្ឈប់​ការទន្ទ្រាន​យក​ដីព្រៃ ក្នុង​តំបន់ការពារធម្មជាតិ​។ បើ​មិន​ដូច្នោះ​ទេ ក្រសួង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

 
​ក្រសួងបរិស្ថាន បាន​សង្កេតឃើញថា បុគ្គល​មួយចំនួន​បាន​ឈូសឆាយ កាប់ឆ្ការ ទន្ទ្រាន កាន់កាប់​យក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ រួមទាំង​ការទិញ​លក់​ខុសច្បាប់​។ ចំពោះ​បុគ្គល​ដែល​មក​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​នោះ គឺ​បាន​យក​ឯកសារ​ស្នើសុំ​កាន់កាប់​ដីធ្លី ដែល​រដ្ឋាភិបាល​ប្រកាស​ជា​មោ​ឃៈ​រួចហើយ យកមក​ធ្វើជា​លេស​។ 
 
​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ នៅតែ​បន្ត​កើតមាន​នៅក្នុង​តំបន់ការពារធម្មជាតិ ។ ជាពិសេស​នៅ​តំបន់​ឧ​ទ្យា​ជាតិ​ព្រះសីហនុ រាម​, បូកគោ​, គិរី​រម្យ​, ព្រែក​ទឹកសាប​ក្បាលឆាយ​, ដែនជម្រកសត្វព្រៃ​លំផាត់ និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។ ក្រសួងបរិស្ថាន​បាន​ដាក់ចេញ​វិធានការ​និង​ការណែនាំ មិន​ឲ្យ​ទិញ​លក់​ដី និង​ត្រូវ​បញ្ឈប់​ជាបន្ទាន់ រាល់​សកម្មភាព​ខុសច្បាប់ នៅ​តំបន់ការពារធម្មជាតិ​និង​ដី​រដ្ឋ​។ ក្រសួងបរិស្ថាន​នឹង​ចាត់វិធានការ តាមច្បាប់​ចំពោះ​អ្នក​ទន្ទ្រាន​ដីព្រៃ សាងសង់​ខ្ទម និង​ដាំ​ដុះ​លើ​តំបន់ការពារធម្មជាតិ​។ 
 
​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​សិទ្ធិ​ស្របច្បាប់​របស់​ក្រុមហ៊ុន​វិនិយោគ​នៅ​តំបន់​នោះ អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​តឹងរឹង ចំពោះ​អ្នក​ទន្ទ្រាន​ដីព្រៃ​ទាំងនោះ ។ នេះ​បើតាម​ក្រសួងបរិស្ថាន​៕
 

Tag:
 ចាត់វិធានការ​ច្បាប់​
  ទន្ទ្រាន​យក​ដីព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com