កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ខកចិត្ត​ដែល​បាន​សំបុត្រ​តិច ស្របពេល​ការធ្វើដំណើរ​របស់​អ្នកគាំទ្រ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ UEL ស្មុគស្មាញ​
10, May 2019 , 8:59 pm        
រូបភាព
Arsenal និង Chelsea ទទួលបាន​សំបុត្រ​ចូល​ទស្សនា​ចំនួន ៦០០០ សន្លឹក​រៀងខ្លួន​សម្រាប់​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ Europa League នៅ​កីឡដ្ឋាន Olympic Stadium ដែលមាន​ចំណុះ ៦៨៧០០ កៅអី​ស្ថិតក្នុង​ក្រុង​បា​គូ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ នៅ​រាត្រី​ថ្ងៃទី​២៩ ខែឧសភា​។ ក្រុម​អ្នកគាំទ្រ​ទាំងពីរ​នឹងមាន​បញ្ហា​ធ្វើដំណើរ​ដ្បិត​មាន​ចម្ងាយ​ឆ្ងាយ ខណៈ​មិនមាន​ជើងហោះហើរ​ត្រង់​ពី​ក្រុង​ឡុង​ដ៍​ទៅ​ក្រុង​បា​គូ​នៅ​ថ្ងៃ​ប្រកួត​ដ៏​ធំ​នោះឡើយ​។​


 
​ការផ្តល់​សំបុត្រ​ក្នុង​ចំនួន​តិចតួច​បែបនេះ ខាង​ភាគី Arsenal មិន​សប្បាយចិត្ត​នោះទេ​សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​ពាន​លំដាប់​អឺរ៉ុប ព្រោះ​មិន​ងាយស្រួល​នោះទេ​ដើម្បី​ឈានដល់​វគ្គ​នេះ​។​
«​អ្នកគាំទ្រ Arsenal នឹង​ទៅ​ទស្សនា​ផ្ទាល់​រាប់ម៉ឺន​នាក់ ព្រោះនេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ឈានទៅ​ដណ្តើមពាន Europa League រដូវ​កាល​នេះ តើន​រណា​ដែល​មិន​ចង់​ចូលរួម​នោះ​»​។ ក្លិប Arsenal បាន​សម្តែង​ការខកចិត្ត​បែបនេះ​។​
 
​ដោយឡែក​ខាង​ភាគី Chelsea មិនបាន​ប្រតិកម្ម​នឹង​ការបែងចែក​សំបុត្រ​ទស្សនា​សម្រាប់​អ្នកគាំទ្រ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) នេះឡើយ​។​


 
​បើ​និយាយ​ពី​រយៈ​ចម្ងាយ​វិញ អ្នកគាំទ្រ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៍​ទាំងពីរ​ត្រូវ​ចំណាយពេល ៥៨​ម៉ោង​សម្រាប់​ចម្ងាយ​ផ្លូវ​ជិត​៣​ពាន់​គីឡូម៉ែត្រ បើ​ពួកគេ​ចង់​ធ្វើដំណើរ​តាម​រថយន្ត​ទៅកាន់​ពហុ​កីឡដ្ឋាន Olympic Stadium ក្នុង​ក្រុង​បា​គូ​។ ចម្ងាយ​ផ្លូវ​ជា​រឿង​មួយ​ហើយ​ប៉ុន្តែ​បញ្ហា​មួយទៀត​គឺពាក់ព័ន្ធ​នឹង​ការឆ្លងកាត់​ព្រំដែន​។​
 
​សម្រាប់​អ្នកធ្វើដំណើរ​ផ្លូវអាកាស​វិញ បើ​ទោះ​ប្រើពេល​ត្រឹម​៧​ម៉ោង​ពី​ក្រុង​ឡុង​ដ៍​ទៅ​បា​គូ ប៉ុន្តែ​ជើងហោះហើរ​មានតែ​៣​ដង​ប៉ុណ្ណោះ​ក្នុង​១​សប្តាហ៍​។ ហើយ​បើតាម​តារាង​ធ្វើដំណើរ នៅ​ថ្ងៃ​ប្រកួត​ទី​២៩ មិនមាន​ជើងហោះហើរ​ត្រង់​នោះទេ​រវាង​ក្រុង​ទាំងពីរ​។ ដូច្នេះ​តម្រូវ​ឲ្យ​អ្នកគាំទ្រ​ត្រូវ​ប្តូរ​ជើងយន្តហោះ​ក្នុង​ក្រុង​អ៊ី​ស្តា​ន់​ប៊ុល​របស់​តួ​ក​គី ឬ​ក្រុង​កៀវ​របស់​អ៊ុយ​ក្រែ​ន​ដោយ​ត្រូវ​ចំណាយពេល​១០​ម៉ោង​ដើម្បី​ទៅដល់​បា​គូ​។​
 
​មាន​ជម្រើស​មួយទៀត​សម្រាប់​អ្នក​ចង់​ហោះ​ត្រង់​តែម្តង​គឺ​ទៅមុន​ការប្រកួត​៤​ថ្ងៃ ហើយ​ត្រឡប់​ទៅវិញ​នៅ​សប្តាហ៍​បន្ទាប់​។​
​ក្រុម​កាំភ្លើង​ធំ​បានប្រកាស​ពី​តម្លៃ​សំបុត្រ​ក្នុង​ចន្លោះ​ពី ៣៨​ដុល្លារ​អាមេរិក​ដល់ ១៥៧​ដុល្លារ​អាមេរិក​។ ក្នុងចំណោម​សំបុត្រ​ទាំង​៦០០០​សន្លឹក ភាគច្រើន​លក់​ក្នុងតម្លៃ​៥៦​ដុល្លារ​៕
 

Tag:
 បាល់ទាត់​
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com