អន្តរជាតិ
ខឹង​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ អភិបាលក្រុង​ដឹក​សំរាម​ទៅ​ដាក់​មុខ​ផ្ទះរបស់អ្នក​ដែលចោលសំរាម​នោះ​វិញ
11, May 2019 , 8:59 am        
រូបភាព
ដោយ: ធីតា
​អភិបាលក្រុង Saint-Potan នៃ​តំបន់ Bretagne ប្រទេស​បារាំង បាន​ប្រមូល​សំរាម​ដែល​គ្រួសារ​មួយ​យកទៅ​ចូល​គ្មាន​សណ្តាប់ធ្នាប់​នៅក្បែរ​សាលា ហើយ​យកទៅដាក់​នៅមុខ​ផ្ទះ​គ្រួសារ​នោះ​វិញ​។ យោងតាម​ការផ្សាយ​រប​ស់ Le Parisien នេះ​ជាគោលការណ៍​ថ្មី​មួយ​ដើម្បី​ទប់ស្កាត់​ការ​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​។​

 
​រឿងរ៉ាវ​បានកើត​ឡើង​តាំងពី​ដើមឆ្នាំ​២០១៩​មក ដោយ​លោក Arnaud Lecuyer ដែលជា​អភិបាលក្រុង Saint-Potan បាន​កាយ​សំរាម​ទាំងនោះ ដែលមាន​ក្រដាស និង​ឯកសារ​ផ្សេងៗ ហើយ​ទីបំផុត​លោក​បានឃើញ​វិក្កយបត្រ​ថ្នាំពេទ្យ​មួយ​ដែល​ដាក់ឈ្មោះ និង​អាសយដ្ឋាន​ម្ចាស់​សំរាម​តែម្តង​។ 
 
«​ម្ចាស់​សំរាម​នោះ គឺជា​ស្ត្រី​ម្នាក់ ប៉ុន្តែ​ខ្ញុំ​គិតថា ជា​អ្នក​នៅ​ក្រុង​ផ្សេង​ដែល​នៅក្បែរនោះ ពោលគឺ​មិនមែន​អ្នក​នៅ Saint-Potan ឡើយ​។ ស្ត្រី​នោះ បើករថយន្ត​ដើម្បី​យក​សំរាម​ទៅ​ចោល​គ្មាន​សណ្តាប់ធ្នាប់​។​
 
​ដោយ​ខឹងសម្បារ​យ៉ាងខ្លាំង លោក Arnaud Lecuyer បានសម្រេច​យក​កូនរ​ថ​យន្ត​នៅ​សាលាក្រុង​ដឹក​សំរាម​ទាំងនោះ ទៅផ្ទះ​អ្នក​ចោល​វិញ ដោយ​មើល​អាសយដ្ឋាន​តាម Google Map​។ ជាមួយគ្នា​នោះ លោក​អភិបាលក្រុង​បាន​រៀបរាប់​ពី​មូល​ហេតុដែល​ត្រូវយក​សំរាម​ទៅ​ម្ចាស់​វិញ ដោយ​បង្កប់ន័យ​សើ​ចំអក​ផងដែរ​។​
 
​លោក​ថា ពិតជា​រឿង​ដ៏​ត្រឹមត្រូវ​ដែល​លោក​ត្រូវបញ្ជូន​សំរាម​ដែល​ចោល​គ្មាន​សណ្តាប់ធ្នាប់​ទៅ​ម្ចាស់​ដើម​វិញ ដោយ​គ្មាន​គិតថ្លៃ​ពន្ធ​ផែ​។ ក្រៅពី​សរសេរ​លំអិត​ពី​កម្មវិធី និង​ពេលវេលា​ត្រូវ​ប្រមូល​សំរាម លោក Arnaud ក៏បាន​ភ្ជាប់​បណ្ណ​ពិន័យ​កម្រិត​ទី​បី​ដែលមាន​ទឹកប្រាក់​៦៨​អឺរ៉ូ​ផងដែរ ពាក់ព័ន្ធ​នឹង​ការ​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​។​
 
​ពេល​យក​សំរាម​ទៅដល់​ផ្ទះ លោក Arnaud បាន​ចុច​កណ្តឹង​ផងដែរ ប៉ុន្តែ​មិនមាន​អ្នកណា​ចេញទៅ​ទទួល​នោះឡើយ ដូច្នេះ​លោក​សម្រេច​ទុក​សំរាម និង​សំបុត្រ​នៅ​មាត់ទ្វារ​។ ជាមួយគ្នានេះ លោក​ក៏បាន​បង្ហោះ​លិខិត និង​រូបភាព​ផ្សេងៗ​នៅលើ Twitter របស់ខ្លួន​ផងដែរ​៕ 
 

Tag:
 សំរាម​
  បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com