អន្តរជាតិ
តើ វីរុស និងបាក់តេរីខុសគ្នាដូចម្តេច?
× វីរុស និងបាក់តេរីមិនដូចគ្នានោះទេ។ តាមពិតទៅ ពួកវាទាំងពីរប្រភេទនេះ មានលក្ខណៈ និងទម្រង់ខុសគ្នាឆ្ងាយខ្លាំងណាស់។ មិនមែនបាក់តេរី និងវីរុសទាំងអស់ បង្កទុក្ខទោសដល់ខ្លួនប្រាណរបស់មនុស្សរហូតនោះទេ។ ពេលខ្លះបាក់តេរី ក៏ជាអ្នកជួយរំលាយអាហារក្នុងក្រពះអ្នក ដែលអ្នកមិនអាចខ្វះបានផងដែរ។
ខាងក្រោមនេះ គឺជាការប្រែសម្រួលខ្លីៗពីគេហទំព័រសុខភាព
healthymepa.com ទៅលើប្រធានបទមួយនេះ៖
តើបាក់តេរីជាអ្វី?
បាក់តេរី ជាប្រភេទសារពាង្គកាយឯកកោសិកាតូចៗ មិនងាយមើលនឹងភ្នែកទទេ ហើយវារស់នៅគ្រប់ទីកន្លែង ទាំងនៅក្នុងខ្យល់ ក្នុងទឹក លើដី លើខ្លួន ក្នុងខ្លួនរបស់អ្នក។ ខ្លះមាននាទី ជួយសរីរាង្គរបស់អ្នក ឲ្យដំណើរការទៅដោយរលូត បាក់តេរីខ្លះទៀត មាននាទីក្នុងការការពារជំងឺផងដែរ។ បាត់តេរីតិចជាងមួយភាគរយដែលគេស្គាល់ ត្រូវបានគេកំណត់ថាជាបាក់តេរីបង្កជំងឺ។ ក្រៅពីនោះ វាគ្រាន់តែជាសារពាង្គកាយមួយរសាត់តាមបរិស្ថានធម្មតាតែប៉ុណ្ណោះ។
គេបង្ការវាដូចម្តេច?
ការពិសារថ្នាំអង់ទីប្យ៉ូទិច ជាវិធីសាស្ត្រមួយក្នុងការបង្ការ និងសម្លាប់បាក់តេរីដែលបង្កជំងឺ។តែបាក់តេរីមានលទ្ធភាពក្នុងការផ្សាំខ្លួនជាមួយថ្នាំទាំងនេះ ធ្វើឲ្យថ្នាំទាំងនោះក្លាយជាគ្មានប្រសិទ្ធភាព។ ការពិសារថ្នាំអង់ទីប្យ៉ូទិចច្រើន ធ្វើឲ្យបាក់តេរីល្អៗនៃខ្លួនប្រាណរបស់មនុស្សចុះខ្សោយវិញបាន។
ចុះវីរុសជាអ្វីវិញ?
វីរុស ជាទម្រង់ជីវិតមួយបែបដែលអ្នកវិទ្យសាស្ត្រ ពេលខ្លះ មានភាពពិបាកក្នុងធ្វើចំណាត់ថ្នាក់ពួកវានៅក្នុងក្រុមសារពាង្គកាយដទៃទៀត។ និយាយឲ្យងាយយល់ ពួកវាមានទំហំតូចជាងបាក់តេរីច្រើនដង ហើយពួកវា ភាគច្រើនអាចបង្កឲ្យមានជំងឺ។ ដើម្បីរស់ និងបន្តពូជ វីរុសត្រូវភ្ជាប់ខ្លួនជាមួយនឹងធ្មួលមួយផ្សេងទៀត។ បានន័យថា វាត្រូវការគេជានិច្ចដើម្បីរស់។
តើគេបង្ការវាដូចរបៀបណា?
ភាគច្រើន គេប្រើប្រាស់វីធីសាស្ត្រដោយចាក់វ៉ាក់សាំងការពារ។ វ៉ាក់សាំងប្រើប្រាស់វីរុសដែលអ្នកវិទ្យាសាស្ត្រខាងវេជ្ជសាស្ត្រកែសម្រួលឲ្យទៅជាប្រភេទវីរុសខ្សោយ មិនប៉ះពាល់ដល់មនុស្ស។ នៅពេលគេចាក់វ៉ាក់សាំងចូលទៅក្នុងឈាម វីរុសខ្សោយទាំងនោះមានតួនាទីដូចជាលំហាត់សម្រាប់កោសិកាការពាររបស់មនុស្សអ៊ីចឹង។ វាជាតម្រុយសម្រាប់កោសិកាការពារក្នុងការយល់ដឹងពីប្រភេទវីរុស និងវិធីសាស្ត្រក្នុងការប្រយុទ្ធប្រឆាំង។ ពេលខ្លះទៀតគេប្រើប្រាស់អង់ទីវីរុស។ អង់ទីវីរុស មិនអាចសម្លាប់វីរុសទេ តែវាអាចបង្អាក់ដំណើររបស់វីរុសបានមួយរយៈដែរ។ ថ្នាំអង់ទីប៊ីយ៉ូទិច ក៏គ្មានឥទ្ធិពលលើវីរុសដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com