ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចិន​ត្រៀម​សិក្សា​ផ្លូវដែក​ជាច្រើន​ខ្សែ​នៅ​កម្ពុជា​
10, May 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន CRCC កំពុង​ឈានដល់​ការសិក្សា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​ប្រព័ន្ធ​ផ្លូវដែក​នៅ​កម្ពុជា​។ ផែនការ​សិក្សា​នេះ ត្រូវ​លើកយក​មក​ពិភាក្សា​ដោយ​គណៈប្រតិភូ​ក្រុមហ៊ុន CRCC ដែល​ដឹកនាំ​ដោយ​លោក Wang Wenzhong អនុប្រធាន​ក្រុមហ៊ុន​មួយ​នេះ និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៩​ខែឧសភា​។​


 
​ទស្សនកិច្ច​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សុំ​ឲ្យ​ក្រុមហ៊ុន​នេះ​ជួយ​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​កម្ពុជា​។ សម្ដេច​បានស្នើ​បែបនេះ​ក្នុងពេល​ចូលរួម​វេទិកា​ផ្លូវ និង​ក្រវាត់ នៅ​ទីក្រុង​ប៉េកាំង កាលពី​ចុងខែ​មេសា​។​


 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ ដំណើរ​ទស្សនកិច្ច​រប​ស់​ក្រុមហ៊ុន CRCC នឹង​ឈានដល់​ការសិក្សា​ផ្លូវដែក​ជាច្រើន​កន្លែង ទាំង​ផ្លូវដែក​ដែលមាន​ស្រាប់ និង​ប្រព័ន្ធ​ផ្លូវដែក​ថ្មី​នៅ​ភ្នំពេញ​។ ក្រសួង​បញ្ជាក់​ដូច្នេះ​ថា​៖«​ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​ក្រុមហ៊ុន CRCC នេះ គឺធ្វើឡើង​ដើម្បី​សិក្សា​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​ផ្លូវដែក​កម្ពុជា​ដែលមាន​ស្រាប់ ភ្នំពេញ​-​ព្រះសីហនុ ភ្នំពេញ​-​ប៉ោយប៉ែត សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ធុន​ស្រាល (Monorail) និង​រថភ្លើង​ក្រោម​ដី នៅ​រាជធានី​ភ្នំពេញ ហើយ​រាយការណ៍​ជូន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជ្រើស​រើសយក​ប្រព័ន្ធ​ដឹកជញ្ជូន​ណាមួយ ដែលមាន​ប្រសិទ្ធភាព​បំផុត អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​»​។​
 
​ជាមួយគ្នានេះ​លោក ស៊ុន ចាន់ថុល បានស្នើ​ឲ្យ​ក្រុមហ៊ុន CRCC សិក្សា​ផ្លូវដែក​បន្ត​ពី​ក្រុង​សិរីសោភ័ណ មក​ខេត្តសៀមរាប ដែលមាន​ប្រវែង​១០០​គីឡូម៉ែត្រ ដោយហេតុថា​ទេសចរ​ចង់​ធ្វើដំណើរ​តាម​រថភ្លើង​ពី​សិង្ហ​បុរី បាងកក មកលេង​អង្គរវត្ត​។​


កិច្ចពិភាក្សាកងាររវាងប្រតិភូក្រុមហ៊ុន CRCC និងក្រសួងសាធារណការ (រូបពីក្រសួង)
 
​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​លោក វ៉ា​ស៊ឹម សុរិយា បាន​ប្រាប់​សារព័ត៌មាន​របស់​ថ្មីៗ​ថា អ្នកជំនាញការ​របស់​ក្រុមហ៊ុន CRCC កំពុងធ្វើការ​ទាក់ទង​នឹង​គម្រោង​នេះ​នៅ​កម្ពុជា​។ «​បើតាម​ខ្ញុំ​ដឹង ក្រុមការងារ ១៨​នាក់​របស់​ក្រុមហ៊ុន​នេះ​កំពុង​នៅ​កម្ពុជា​ធ្វើ​កិច្ចការ​ទាំងអស់នោះ​»​។ តែ​លោក​មិនអាច​បញ្ជាក់បាន​ការសិក្សា​នឹង​ប្រើ​រយៈពេល​ប៉ុន្មាន ហើយ​ក្រុមហ៊ុន​នឹង​វិនិយោគ​យ៉ាងដូចម្ដេច​ទៅលើ​គម្រោង​ទាំង​នោះទេ​។​
 
​គួរ​បញ្ជាក់ថា កាលពី​ចុងខែ​មីនា​ក្នុង​វេទិកា​រដ្ឋាភិបាល​និង​វិស័យ​ឯកជន ប្រមុខ​រដ្ឋាភិបាល​បាន​សង្កត់ធ្ងន់​ពី​ការអភិវឌ្ឍ​យឺតយ៉ាវ​នៃ​វិស័យ​ផ្លូវដែក​របស់​កម្ពុជា​។ សម្ដេច ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ក្រសួង​សាធារណការ​ត្រូវ​រក​ក្រុមហ៊ុន​ថ្មី​ផ្សេងទៀត​ដើម្បី​សហការ​ធ្វើ​ឲ្យ​ប្រសើរឡើង​ប្រព័ន្ធ​ផ្លូវដែក​នៅ​កម្ពុជា​។  ហើយ​រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Royal Railways បន្ត​គ្រប់គ្រង​ប្រតិបត្តិការ​ដឹកជញ្ជូន​តា​ម​ផ្លូវដែក​ទាំងពីរ​ខ្សែ​ជា​បណ្ដោះអាសន្ន​សិន មុននឹង​មានការ​ដាក់​ឲ្យ​ដេញថ្លៃ​យក​សិទ្ធិ​គ្រប់គ្រង​អាជីវកម្ម​ផ្លូវដែក ម្ដងទៀត​៕

Tag:
 ផ្លូវដែក​
© រក្សាសិទ្ធិដោយ thmeythmey.com