កីឡាជាតិ
ជាតិ
បឹងកេត​ជា​ក្រុម​សម្បូរ​ធនធាន​មាន​សមត្ថភាព តែ​គ្រូ​វិសាខា​ថា បាន​ត្រៀមខ្លួន​ជា​យូរ​មកហើយ​
11, May 2019 , 9:29 am        
រូបភាព
កីឡាករ កែវ សុខផេង រកបាន៧គ្រាប់ម្នាក់ឯងក្នុងជំនួបជាមួយក្រុមកំពង់ចាប
កីឡាករ កែវ សុខផេង រកបាន៧គ្រាប់ម្នាក់ឯងក្នុងជំនួបជាមួយក្រុមកំពង់ចាប
ដោយ:
​គ្រូបង្វឹក​ក្រុម​វិសាខា​បាន​សរសើរ​បឹងកេត​ថា ជា​ក្រុម​ខ្លាំង​មាន​បទពិសោធ​ប្រកួត​ច្រើន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ពិសេស​សម្បូរ​ដោយ​កីឡាករ​មាន​សមត្ថភាព​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ​បាន​អះអាង​ពី​ការត្រៀមខ្លួន​រួចរាល់​ក្នុងការ​ស្វាគមន៍​ក្រុម​បឹងកេត​នៅ​សប្តាហ៍​នេះ​។ សម្រាប់​ការប្រកួត​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែឧសភា​នេះ ក៏មាន​ការប្រកួត​ពីរ​គូ​ទៀត​ផងដែរ​។​

 
​មុន​ជួបគ្នា​នៅ​ល្ងាច​នេះ គ្រូបង្វឹក​ក្រុម​វិសាខា​លោក ហុក សុ​ជី​វ័​ន្ត បាន​សរសើរ​ពី​សមត្ថភាព​បឹងកេត​ថា ជា​ក្រុម​មាន​បទពិសោធ​ច្រើន​ក្នុង​ការប្រកួត​ទាំង​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​។ លើសពីនេះ​បឹងកេត​ជា​ក្រុម​សម្បូរ​ដោយ​ធនធាន​ពោរពេញ​ដោយ​សមត្ថភាព ពិសេស​កីឡាករ​បរទេស​តែម្តង​។ លោក​ថា នៅក្នុង​លី​គ​កំពូល​កម្ពុជា​បច្ចុប្បន្ន​ពុំទាន់​មាន​ក្លិប​ណា​មាន​កីឡាករ​បរទេស ដែលមាន​កម្រិត​លើ​ក្រុម​នេះ​នៅឡើយ​ទេ​។  
 
«​បឹងកេត​ជា​ក្រុម​មួយ​ដែលមាន​បទ​ច្រើន​ក្នុងការ​ប្រកួត​ទាំង​លី​គ​ក្នុងស្រុក និង​ពាន AFC Cup ហើយ​ក្រុម​នេះ​សម្បូរ​ដោយ​កីឡាករ​ធនធាន​យុវជន និង​បរទេស ដែលមាន​សមត្ថភាព​ក​ម្រិ​ត​កំពូល​មួយ​នៅ​កម្ពុជា​។ បើ​វាស់​ស្ទង់​ពី​កម្រិត​សមត្ថភាព​របស់​កីឡាករ​បរទេស​ក្លិប​នៅ​ស្រុក​ខ្មែរ ពុំទាន់​មាន​ក្លិប​ណា​លើ​ពួកគាត់​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហុក សុ​ជី​វ័​ន្ត​។ 
 
​ទន្ទឹមនឹងនេះ គ្រូបង្វឹក​ដឹកនាំ​ឲ្យ​ក្រុម​វិសាខា​បញ្ចប់​ក្នុង​ចំណាត់​លេខ​៣​ពានរង្វាន់​លី​គ​កំពូល​ឆ្នាំ​២០១៨​រូបនេះ បាន​អះអាង​ពី​ការត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ក្នុងការ​ស្វាគមន៍​បឹងកេត​នៅ​សប្តាហ៍​នេះ​។ លោក​និយាយថា វិសាខា​បាន​ត្រៀម​តាំង​ពីមុន​ជំនួប​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​មកម្ល៉េះ​។ ជ័យជម្នះ ១៤-០ លើ​ក្រុម​កំពង់ចាម​កាលពី​សប្តាហ៍​មុន វា​ជា​ទុន​មួយ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​ឲ្យ​កីឡាករ​វិសាខា​មាន​ទឹកចិត្ត​ប្រកួត​កាន់តែខ្លាំង​នៅថ្ងៃនេះ​។  
 
​ក្រុម​វិសាខា​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ភ្ញៀវ​បឹងកេត​សម្រាប់​ជំនួប​សប្តាហ៍​ទី​៧​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩​។ បច្ចុប្បន្ន​វិសាខា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣​មាន​១៣​ពិន្ទុ ក្រោយ​ឈ្នះ​៤ ស្មើ​១​និង​ចាញ់​១ ខណៈ​បឹងកេត​ស្ថិតនៅ​លេខ​៤​មាន​១៣​ពិន្ទុ​ដូចគ្នា ក្រោយ​ឈ្នះ​៤ ស្មើ​១ និង​ចាញ់​១​។ 
 
​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ នេះដែរ ក្រុម​ក្រសួងការពារជាតិ ដែល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​សូល​ទី​ឡូ​អង្គរ​សប្តាហ៍​មុន ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ទទួលភ្ញៀវ យុវជន​សាលា​បាល់ទាត់​អាយុ​ក្រោម​២៨​ឆ្នាំ​បាទី ដែល​បាន​ចាញ់​បឹងកេត ៣-១​។ ចំណែក​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ក្រុម​អគ្គិសនី​កម្ពុជា​ប៉ះ​ក្រុម​ណាហ្គា​វើ​ល​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​។ កាលពី​សប្តាហ៍​មុន​ក្រុម​អគ្គិសនី​កម្ពុជា​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​អាស៊ី​អឺរ៉ុប ខណៈ​ណាហ្គា​វើ​ល​ស៊ី​ភ្នំពេញ​ក្រោ​ន ៣-០៕   

Tag:
 Cambodian League 2019
  ហុក សុ​ជី​វ័​ន្ត​
  វិសាខា​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com