ស្រមៃ​ធ្វើជា​បុរាណ​វិទូ តែ​ចុងក្រោយ​លោក ហង្ស វណ្ណៈ ក្លាយជា​អ្នកគ្រប់គ្រង​សណ្ឋាគារ​
ជាតិ
ស្រមៃ​ធ្វើជា​បុរាណ​វិទូ តែ​ចុងក្រោយ​លោក ហង្ស វណ្ណៈ ក្លាយជា​អ្នកគ្រប់គ្រង​សណ្ឋាគារ​
11, May 2019 , 10:59 am        
រូបភាព
​សៀមរាប​៖ លោក ហង្ស វណ្ណៈ ជា​នាយក​ចាត់ការ​ទូទៅ​ស្តីទី នៅ​សណ្ឋាគារ​ដ៏​ល្បីល្បាញ​មួយ​នៅ​សៀមរាប​។ មុន​នឹងមាន​តួនាទី​ខ្ពស់​ដូច្នេះ លោក​បាន​ឆ្លង​បទពិសោធន៍​ការងារ​ក្នុង​សណ្ឋាគារ​២០​ឆ្នាំ​មកហើយ និង​ធ្វើការ​នៅ​ស្ទើរ​គ្រប់ផ្នែក ហើយ​ការងារ​ដំបូង លោក វណ្ណៈ គឺ​ចាប់ផ្តើម​ពី​អ្នក​ទទួលភ្ញៀវ​នៅ​ច្រកចូល​សណ្ឋាគារ​។ ដ្បិតតែ​បច្ចុប្បន្ន ហាក់​ជោគជ័យ​លើ​ការងារ​ក្នុង​ផ្នែក​សណ្ឋាគារ​នេះ​ក៏ដោយ ប៉ុន្តែ​វា​មិនមែនជា​ការងារ​ក្នុង​ក្តី​ស្រមៃ​របស់ខ្លួន​ឡើយ​។ បើតាម លោក វណ្ណៈ កាលពី​តូច លោក​ស្រមៃ​ចង់​ក្លាយជា​បុរាណ​វិទូ​ដ៏​ល្បីឈ្មោះ​មួយរូប​។


​សូម​ស្ដាប់​ការរាយការណ៍​របស់​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖ 
 


 
​វិស័យ​ទេសចរណ៍ ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ដែល​បាន​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​កម្ពុ​ជា​បាន​មួយផ្នែកធំ​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំណើន​ទេសចរ​មកកាន់​កម្ពុជា បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ក្នុងនោះ​វិស័យ​សណ្ឋាគារ​ក៏មាន​ការរីកលូតលាស់​លឿន​ដែរ​។​
 
​កន្លងមក គេ​តែង​សង្កេតឃើញ​អ្នកគ្រប់គ្រង​ធំៗ​ក្នុង​វិស័យ​សណ្ឋាគារ ភាគច្រើន​ជា​ជនបរទេស ដ្បិត​ពួកគេ​មានបទពិសោធន៍​ច្រើន​ក្នុង​វិស័យ​មួយ​នេះ​។ បច្ចុប្បន្ន តំណែង​នេះ​ត្រូវបាន​ជំនួស​ជា​បណ្ដើរៗ​ដោយ​យុវជន​ដែលជា​ធនធាន​ថ្មី​របស់​កម្ពុជា​។  
 
​មានបទពិសោធន៍​ក្នុង​វិស័យ​សណ្ឋាគារ​រយៈពេល​២០​ឆ្នាំ លោក ហង្ស វណ្ណៈ ជា​យុវជន​ខ្មែរ​មួយរូប ដែល​ស្រឡាញ់​ជីវិត​ការងារ​លើ​វិស័យ​សណ្ឋាគារ​។ ឈាន​ជើង​ក្នុង​វិស័យនេះ​ដំបូង លោក​មានឱកាស​រៀនសូត្រ និង​ទទួល​ការបណ្ដុះបណ្ដាល​ជាច្រើន​ពី​កន្លែង​ការងារ​ដំបូង​របស់លោក​។ មាន​អាយុ​៣៩​ឆ្នាំ បច្ចុប្បន្ន លោក ហង្ស វណ្ណៈ ជា​នាយក​ចាត់ការ​ទូទៅ​ស្តីទី​នៃ​សណ្ឋាគារ សុខា ដែលមាន​៣​ទីតាំង នៅ​ទីក្រុង​សៀមរាប​។​
 
​លោក វណ្ណៈ មានឱកាស​ចូលធ្វើការ​ដំបូង​ក្នុង​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ពេល​លោក​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ ១៩៩៩​។ ជា​បុគ្គលិក​សាមញ្ញ​មួយរូប តែ​លោក​តែងតែ​ស្វែងរក​ឱកាស​ចូលរៀន​វគ្គប​ណ្ដុះ​បណ្ដាល​ជាច្រើន​ដែល​ខាង​សណ្ឋាគារ​ផ្តល់ឱ្យ​។ ដោយ​ស្រឡាញ់​ការសិក្សា និង​ស្វះស្វែង​រៀនសូត្រ​មិនចេះ​ឈប់ ធ្វើឱ្យ​លោក វណ្ណៈ បាន​អភិវឌ្ឍន៍​ខ្លួន​បាន​យ៉ាង​លឿន​ក្នុង​វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ​។ «​ចូលធ្វើការ​ដំបូង​ជា​បុគ្គលិក​ធម្មតា កាលណោះ​ខ្ញុំ​មាន​អាយុ​១៩​ឆ្នាំ ធ្វើការ​នៅ​កន្លែង​ទទួលភ្ញៀវ​ខាងមុខ​ទ្វារ​ចូល​សណ្ឋាគារ ហើយ​មិនសូវ​ចេះ​ភាសា​អង់គ្លេស​ទៅទៀត ព្រោះ​សម័យ​នោះ​ខ្ញុំ​រៀន​តែ​ភាសា​បារាំង ក្រោយ​ទទួល​ការបណ្ដុះបណ្ដាល​ជា​បន្តបន្ទាប់ គួបផ្សំ​ប្រធាន​ផ្នែក ក៏ដូចជា​គណៈ​គ្រប់គ្រង​សណ្ឋាគារ​ផ្តល់ឱកាស​ឱ្យ​រៀន​បន្ថែម​ផង ខ្ញុំ​មានឱកាស​អាច​អភិវឌ្ឍន៍​ខ្លួន​បាន​លឿន ពង្រីក​ចំណេះ​ដឹងបាន​បន្ថែម​»​។ នេះ​ជាការ​លើកឡើង​របស់លោក វណ្ណៈ​។​


 
​ធ្វើការ​នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ បាន​រយៈពេល​ជាង​៣​ឆ្នាំ លោក វណ្ណៈ បាន​រៀនសូត្រ​ច្រើន​ផ្នែក​ដូចជា​ការគ្រប់គ្រង​ការ​កក់​បន្ទប់ រដ្ឋបាល​ផ្នែក​អាហារ​និង​ភេសជ្ជៈ ក៏ដូចជា​ចាត់ចែង​សាលប្រជុំ និង​ផ្នែក​ដទៃៗ​ទៀត មុននឹង​លោក​ផ្លាស់ប្ដូរ​ការងារ​មក​ធ្វើការ​នៅ​ខេត្តសៀមរាប​។ លោក​ត្រូវបាន​អតីត​ប្រធាន​ផ្នែក​របស់ខ្លួន ណែនាំ​ឱ្យមក​ធ្វើការ​នៅ​សណ្ឋាគារ​ថ្មី​ដែល​បាន​បើក​នៅ​ខេត្តសៀមរាប ហើយ​ចៃដន្យ​ពេលនោះ​លោក វណ្ណៈ​ក៏​រៀន​ថ្នាក់​បរិញ្ញាបត្រ​ចប់​ផង លោក​ក៏​សម្រេចចិត្ត​វិល​មក​ស្រុកកំណើត​វិញ​នៅ​ឆ្នាំ ២០០៣​។ លោក វណ្ណៈ បន្ត​៖ «​កាល​ធ្វើការ​នៅ សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ មាន​ប្រធាន​ផ្នែក​ម្ហូបអាហារ​ជនជាតិ​ម៉ា​ឡេ ចៃដន្យ​គាត់​ចប់​កុងត្រា​នៅ​ទីនោះ ហើយ​មានឱកាស​បានការ​ងារ​មួយ​នៅ​សៀមរាប គាត់​ក៏បាន​ហៅ​ខ្ញុំ​មក ខ្ញុំ​ក៏​សម្រេច​ចាកចេញ​ទាំង​សោកស្ដាយ ព្រោះ​ពេលនោះ​ខ្ញុំ​កំពុងតែ​ពេញចិត្ត​នៅ​ទីនោះ​។ ខ្ញុំ​ក៏បាន​មក​ចូលរួម​ធ្វើការ​នៅ​សណ្ឋាគារ អង្គរ​ផា​ឡេស រី​ហ្សត ខេត្តសៀមរាប​នា​ឆ្នាំ​២០០៣ ដែល​កាលណោះ​ដំបូង​បំផុត ខ្ញុំ​ទទួល​ការងារ​នៅ​ផ្នែក​ទីផ្សារ និង​ផ្នែក​រដ្ឋបាល​ម្ហូបអាហារ និង​តាម​ផ្នែក​បន្តបន្ទាប់ រយៈពេល​១០​ឆ្នាំ​»​។​
 
​ដោយសារ​ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ​ក្នុង​វិស័យ​សណ្ឋាគារ​នេះ​ឱ្យបាន​ច្រើន លោក វណ្ណៈ ក៏បាន​ចាក​ចេញពី​សណ្ឋាគារ​ទី​២​នេះ​ទៀត​។ នៅ​ឆ្នាំ ២០១៣ លោក វណ្ណៈ បាន​ចូលធ្វើការ​នៅ​សណ្ឋាគារ សុខា អង្គរ ក្នុងតួនាទី​ជា​ប្រធាន​គ្រប់គ្រង​បន្ទប់​។ នៅ សណ្ឋាគារ​នេះ​បាន​មួយរយៈ ក្រុមហ៊ុន​បាន​តម្រូវឱ្យ​លោក ទៅ​ជួយ​មើល​ការខុសត្រូវ​នៅ សណ្ឋាគារ​សុខា​ភ្នំពេញ ដែល​ត្រៀម​បើក​ដំណើរការ នៅ​អំឡុង​ឆ្នាំ​២០១៤​។ នៅ​ទីនោះ លោក​ជួយ​ការងារ​ទូទៅ​ទាក់ទង​នឹង​ការងារ​រៀបចំ​បើក​ដំណើរការ​សណ្ឋាគារ​ថ្មី និង​ធ្វើការ​ជាមួយ​ក្រុម​វិស្វករ រហូតដល់​មាន​អ្នកគ្រប់គ្រង​ត្រឹមត្រូវ​។​
 
​ធ្វើការ​នៅ​សណ្ឋាគារ សុខា​ភ្នំពេញ បាន​មួយរយៈ លោក វណ្ណៈ ក៏មាន​ឱកាស​មកកាន់​ការងារ​នៅ​សៀមរាប​ម្ដងទៀត គឺ​មក​បំពេញការងារ​នៅ​សណ្ឋាគារ​សុខា​សៀមរាប​រហូតដល់​បច្ចុប្បន្ន​។  
 
​ទាក់ទង​នឹង​ការសិក្សា នៅ​ថ្នាក់បឋមសិក្សា​លោក វណ្ណៈ រៀន​នៅ​សាលា​វត្ត​ពោធិ៍​លង្ការ បន្តទៅ​អនុវិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​១០​មករា​។ លោក​ចប់​បាក់​ឌុប​នៅ​ឆ្នាំ​១៩៩៨ និង​បន្ត​ថ្នាក់​មហាវិទ្យាល័យ​នៅ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ឆ្នាំ ១៩៩៨ ដោយ​ចាប់​ជំនាញ​ផ្នែក​ទេសចរណ៍​។ មុននឹង​ចូលរៀន​ផ្នែក​នេះ លោក វណ្ណៈ ស្រឡាញ់ និង​ចូល​ប្រឡង​នៅ​មហាវិទ្យាល័យ​បុរាណវិទ្យា តែ​ឱកាស​មិន​ផ្តល់ឱ្យ​លោក​។ យ៉ាងណា​លោក វណ្ណៈ ថា​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង នៅពេលនោះ តែ​មិនដឹង​ហេតុអ្វី​ទើប​ប្រឡង​មិនជា​ប់​ទៅវិញ​។ «​កាល​នៅ​រៀន ខ្ញុំ​ចូលចិត្ត​ផ្នែក​បុរាណវិទ្យា ខ្ញុំ​ស្រឡាញ់​បុរាណវិទ្យា​ខ្លាំងណាស់ ហើយ​ខ្ញុំ​តែង​គិតថា ថ្ងៃ​អនាគត​ខ្ញុំ​នឹង​ក្លាយជា​បុរាណ​វិទូ​ដ៏​ល្បី​ម្នា​ក់នៅ​ស្រុក​ខ្មែរ​»​។ លោក វណ្ណៈ បន្ថែម​។​


 
​បន្ទាប់ពី​ពុំ​អាច​ចាប់យក​នូវ​មុខវិជ្ជា​ដែល​ខ្លួន​ស្រឡាញ់ និង​ដោយសារ​មានការ​ណែនាំ​ពី​បងប្អូន​ផង លោក វណ្ណៈ ក៏​សម្រេច​ចូលរៀន​ផ្នែក​ទេសចរណ៍ ទាំង​អារម្មណ៍​នៅ​នឹក​ស្ដាយ​ជំនាញ​ដែល​ខ្លួន​តែង​ប្រាថ្នា​នោះ​។ រៀន​ផ្នែក​ទេសចរណ៍​ដោយ​ពុំមាន​គោលដៅ​ច្បាស់លាស់ តែ​យុវជន​អ្នក​សៀមរាប​រូបនេះ​យល់ថា អាច​ក្លាយជា​មគ្គុទ្ទេសក៍​ទេសចរណ៍​មួយរូប​ក្រោយ​រៀន​ចប់​។ ជា​ឱកាសល្អ​នៅពេល​កំពុង​រៀន​នោះ លោក វណ្ណៈ​បាន​ចូលរួម​ធ្វើ​នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ ដែលមាន​ទីតាំងនៅ​ទល់មុខ​សាលារៀន ហើយ​បន្ត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ធ្វើឱ្យ​លោក​យល់​ពី​វិស័យ​មួយ​នេះ និង​បាន​ចាប់​ជំនាញ​សណ្ឋាគារ ពេល​ចូលរៀន​ឆ្នាំ​ទី​២​តែម្ដង​។​
 
​ជា​កូនកំព្រា​ឪពុក​តាំងពី​តូច លោក វណ្ណៈ មាន​បងប្អូន​ពីរ​នាក់ លោក​ជា​កូនច្បង​ក្នុង​គ្រួសារ ដែលមាន​ម្ដាយ​ជា​អ្នក​ដេរ​សម្លៀកបំពាក់​ដើម្បី​ចិញ្ចឹម​គ្រួសារ​តូច​មួយ​នេះ​។ ពេល​និយាយ​អំពី​អតីតកាល លោក វណ្ណៈ តែងតែ​ស្រគត់ស្រគំ និង​នឹក​អាណិត​ដល់​ម្តាយ​ជា​ស្ត្រី​មេម៉ាយ ខំប្រឹង​រកលុយ​ដើម្បី​ឧបត្ថម្ភ​កូន​ទាំង​ទ្វេ តែ​លោក​តែងមាន​អារម្មណ៍​មានៈ​ប្រឆាំងនឹង​ភាពក្រីក្រ  និង​មាន​ទស្សន​វិជ្ជមាន ពី​អនាគត​ជានិច្ច​។ គួបផ្សំ​មានការ​ជ្រោមជ្រែង ផ្តល់​គំនិត​ពី​សាច់ញាតិ ការបន្ត​សិក្សា​ស្វែងយល់​បន្ថែម​របស់លោក និង​ការ​ផ្តល់ឱកាស​ពី​ម្ចាស់​សណ្ឋាគារ បានធ្វើឱ្យ​លោក​ក្លាយជា​មនុស្ស​ម្នាក់ ដែល​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យនេះ​។ 
 
​ជា​អ្នកគ្រប់គ្រង​ក្នុង​សណ្ឋាគារ​ដ៏​ធំ ការងារ​ពិតជា​មមាញឹក​ខ្លាំង និង​តែងតែ​ជួប​នូវ​ឧបសគ្គ ចំណុច​នេះ​លោក វណ្ណៈ ព្យាយាម​ពន្យល់ថា​៖« ខ្ញុំ​គិតថា​ការគ្រប់គ្រង​សណ្ឋាគារ​តូច ឬ​ធំ មិន​ខុសគ្នា​ទេ និយាយ​រួម​យើង​មាន​រចនាសម្ព័ន្ធ​ដូចគ្នា តែ​អ្វីដែល​សំខាន់​ហើយ​ជា​កម្លាំងចលករ​ដ៏​ធំ​បំផុត​នោះ គឺ​បុគ្គលិក​ទាំងអស់​តែម្តង ដែលជា​អ្នក​បំពេញការងារ យើង​ចាំបាច់​ត្រូវ​ផ្តល់​គោលដៅ​ច្បាស់លាស់ ហើយ​យើង​ត្រូវ​ចូលរួម​ធ្វើ​ទាំងអស់គ្នា នោះ​គឺ​យើង​អាចធ្វើ​ទៅបាន​។ ការពិត ការគ្រប់គ្រង​សណ្ឋាគារ​តែង​ជួប​បញ្ហា​មិនអាច​ជៀសបាន ដោយសារ​វិស័យនេះ​ត្រូវ​ប្រតិបត្តិការ​២៤​ម៉ោង ហើយ​ជាពិសេស​ការធ្វើ​ជាមួយ​ភ្ញៀវ​ចំណុះ​ជាតិ​សាសន៍​ទៀត អ៊ីចឹង​ការចង់បាន​របស់​ភ្ញៀវ​គឺ​តែងតែ​ខុសៗ​គ្នា​»៕
 

Tag:
 បុរាណ​វិទូ​
 ​ហង្ស វណ្ណៈ​
 ​ទេសចរណ៍​
 ​សណ្ឋាគារ
© រក្សាសិទ្ធិដោយ thmeythmey.com