កីឡាជាតិ
ជាតិ
AFF U15 Girl៖ កម្ពុជាប៉ះម៉ាឡេស៊ី មុនថៃស្វាគមន៍សិង្ហបុរី កីឡាការិនីជម្រើសជាតិកម្ពុជាហ្វឹកហាត់ត្រៀមមុនជួបជាមួយម៉ាឡេស៊ីនៅថៃ។(រូបភាពពី FFC)
× ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវតទល់ជាមួយក្រុមម៉ាឡេស៊ី សម្រាប់ជំនួបលើកទី២ វគ្គជម្រុះ AFF U15 Girl Championship នៅម៉ោង៣រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី១១ ខែឧសភានេះ។ ចំណែកក្រុម U15 នារីថៃ ប៉ះសិង្ហបុរី នៅម៉ោង៦ល្ងាច។
ក្រោយបរាជ័យ ២-១ ក្រោមថ្វីជើងក្រុមបាល់ទាត់នារី អាយុក្រោម១៥សិង្ហបុរី នាជំនួបបើកឆាកពូល B កាលពីថ្ងៃទី៩ ខែឧសភា ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវបន្តជួបក្រុមម៉ាឡេស៊ី សម្រាប់ជំនួបលើកទី២ពានរង្វាន់ AFF U15 Girl Championship នៅថ្ងៃនេះ។ នាជំនួបបើកឆាក ក្រុមម៉ាឡេស៊ី ត្រូវបានក្រុម U15 នារីឡាវលត់ក្នុងលទ្ធផល ៤-០។
បើមើលពីប្រវត្តិក្រុមបាល់ទាត់នារីរបស់ម៉ាឡេស៊ី មិនដែលឆ្លងផុតវគ្គជម្រុះ តាមពូលនោះទេ ខណៈកម្ពុជា ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ម្តង កាលពីឆ្នាំ២០១៧។ តែក្រុមទាំងពីរ មិនធ្លាប់ជួបគ្នានោះទេ។ តាមរយៈលទ្ធផលនេះ ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា អាចមានប្រៀបជាងម៉ាឡេស៊ី នៅថ្ងៃនេះ។
នៅពូល B ដដែលនេះ ក្រុមការពារតំណែងជើងឯកថៃ ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមសិង្ហបុរី ដែលយកឈ្នះកម្ពុជា ២-១ សម្រាប់ជំនួបបើកឆាករបស់ខ្លួន នៅម៉ោង៦ល្ងាច។ ក្រុមកីឡាការិនីជម្រើសជាតិថៃ បានគ្រងជើងឯកព្រឹត្តិការណ៍នេះពីរឆ្នាំជាប់គ្នា គឺនៅឆ្នាំ២០១៧ និង ២០១៨ ខណៈសិង្ហបុរី មិនដែលឆ្លងផុតវគ្គជម្រុះតាមពូលនោះទេ។
សម្រាប់ការប្រកួតបើកឆាកពូល កាលពីថ្ងៃសុក្រ ទី១០ ខែឧសភា ក្រុមមីយ៉ាន់ម៉ា បានលត់ក្រុមទីម័រខាងកើត ក្នុងលទ្ធផលដ៏ច្រើនលើសលប់ ២៦-០ ខណៈវៀតណាម យកឈ្នះហ្វីលីពីន ក្នុងលទ្ធផល ២-០៕
Tag:
បាល់ទាត់
AFF U15 Girl Championship 2019
© រក្សាសិទ្ធិដោយ thmeythmey.com