អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
៧០​ប្រទេស ស្នើ​កូរ៉េខាងជើង​ឲ្យ​បោះបង់​នុយក្លេអ៊ែរ​ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​
11, May 2019 , 12:35 pm        
រូបភាព
រូបភាព KNCA
រូបភាព KNCA
​ប្រទេស​ចំនួន​៧០ នៅ​ថ្ងៃទី​១០ ខែឧសភា បានស្នើ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ មី​ស៊ី​ល​បាលី​ស្ទិ​ក និង​កម្មវិធី​អាវុធ​ផ្សេងទៀត ដោយ​ចាត់ទុក​អាវុធ​ទាំងនេះ​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​តំបន់ និង​សន្តិភាព​ពិភពលោក​។ សំណើ​នេះ ត្រូវបាន​លើកឡើង​ក្រោយ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចំនួន​ពីរដង​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង ដែល​ក្នុងនោះ​ក៏មាន​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ប្រើ​បច្ចេកវិទ្យា​បាលី​ស្ទិ​ក​ផងដែរ​។​

 
​ប្រទេស​មកពី​អាហ្វ្រិក អាស៊ី អឺរ៉ុប និង​អាមេរិក​ឡាទីន​ប្រមាណ​៧០ បាន​ចុះហត្ថលេខា​លើ​សំណើ​មួយ​ទៅកាន់​កូរ៉េខាងជើង​។ អាមេរិក និង​កូរ៉េខាងត្បូង ដែលជា​ភាគី​កំពុង​ចរចា​ជាមួយ​កូរ៉េខាងជើង ក៏បាន​ចុះហត្ថលេខា​លើ​លិខិត​ដែល​រៀបរៀង​ដោយ​បារាំង​ដែរ ខណៈ​រុស្ស៊ី និង​ចិន​ដែលជា​ខ្នងបង្អែក​ការទូត​ដ៏​សំខាន់​របស់​របប​ដឹកនាំ​លោក គីម ជុង​អ៊ុន មិនបាន​ចុះហត្ថលេខា​ឡើយ​។​
 
​ក្នុង​លិខិត​នោះ ប្រទេស​ហត្ថលេខី​ទាំងអស់ បង្ហាញ​ជំហរ​បារម្ភ​ចំពោះ​ការ​គំរាម​ដ៏​ខ្លាំងក្លា​លើ​សន្តិភាព​តំបន់ និង​ពិភពលោក​ដែល​បង្កដោយ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​កូរ៉េខាងជើង​។ ប្រទេស​ទាំងអស់​បាន​ប្រាប់​ឲ្យ​កូរ៉េខាងជើង​បញ្ចៀស​សកម្មភាព​បង្កហេតុ​ណាមួយ និង​បន្ត​ចរចា​ជាមួយ​អាមេរិក​លើ​ការរំសាយ​នុយក្លេអ៊ែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​លើ​សំណុំរឿង​នុយក្លេអ៊ែរ​នេះ បាន​ជាប់គាំង​តាំងពី​ជំនួប​មេដឹកនាំ​នៅ​វៀតណាម​បរាជ័យ​។ ការបញ្ចប់​ជំនួប​ដោយ​គ្មាន​ការព្រមព្រៀង​អ្វី​នេះ ធ្វើ​ឲ្យ​កូរ៉េខាងជើង​ខកចិត្ត​ខ្លាំង ដ្បិត​ការទាមទារ​របស់ខ្លួន​មិន​ត្រូវបាន​អាមេរិក​ពិចារណា​។ ប៉ុន្មាន​ខែក្រោយ​មក ពោល​នៅ​ថ្ងៃទី​៤ ខែឧសភា កូរ៉េខាងជើង​ក៏បាន​កាំជ្រួច​ជាច្រើន​គ្រាប់ ដែល​ក្នុងនោះ​មាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ខ្លី​ផង​។ រំលង​មិន​ប៉ុន្មាន​ថ្ងៃ កូរ៉េខាងជើង​ក៏​បាញ់​មី​ស៊ី​ល​មួយ​ប្រាវ​ទៀត​។​
 
 
​ជុំវិញ​ការបាញ់​កាំជ្រួច​នេះ កូរ៉េខាងជើង​បាន​បក​ស្រាយ​ម្ដង​ហើយ គឺ​សមយុទ្ធ​ខាងលើនេះ គ្មាន​គោលដៅ​អ្វី​ក្រៅពី​ការហ្វឹកហាត់​ជាប្រចាំ​របស់​កងទ័ព​កូរ៉េខាងជើង​ឡើយ ហើយក៏​មិន​គំរាមកំហែង​នរណា ឬ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​តំបន់​ដែរ​។ ក្នុងន័យ​រិះគន់​កូរ៉េខាងត្បូង កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​របស់​ខ្លួន​ទៅនឹង​សមយុទ្ធ​រួមគ្នា​រវាង​យោធា​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​ភាគី​ទាំងពីរ​នេះ​អះអាងថា ជាការ​ពារ​ខ្លួន​នោះ​។​
 
​ចំណែកឯ​សហរដ្ឋអាមេរិក ហាក់​មិនសូវ​ប្រតិកម្ម​ខ្លាំង​ឡើយ​ជុំវិញ​សកម្មភាព​ថ្មីៗ​នេះ​របស់​កូរ៉េខាងជើង​។ នេះ​ទំនងជា​អាមេរិក​មិន​បារម្ភ​ចំពោះ​ការបាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី ដែល​គ្មាន​សមត្ថភាព​ហោះ​ដល់​ទឹកដី​អាមេរិក​ឡើយ​។ កាលពី​ឆ្នាំមុន ខណ​ស្ថានការណ៍​ធូរស្រាល​កាន់តែខ្លាំង​នោះ លោក គីម ជុង​អ៊ុន ប្រកាស​ផ្អាក​ទាំងស្រុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ឆ្ងាយ​ដែល​អាច​វាយប្រហារ​គោល​ដៅ​នៅ​ទឹកដី​អាមេរិក​៕   
 

Tag:
 កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com