ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
តើ​កំណើន​ថ្លៃ​ពន្ធ​អចលនទ្រព្យ​ក្នុង​ក្រុងភ្នំពេញ ធ្វើ​ឲ្យ​តម្លៃ​ដី​កើនឡើង​ទៀត​ដែរឬទេ​?
11, May 2019 , 1:40 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​មួយរយៈ​ចុងក្រោយ​នេះ តម្លៃ​ដី​នៅក្នុង​តំបន់​មួយចំនួន នៅ​កម្ពុជា​មានការ​កើនឡើង​យ៉ាងខ្លាំង ដោយសារតែ​វត្តមាន​វិនិយោគិន​បរទេស​យ៉ាងច្រើន​។ ដោយសារតែ​កំណើន​ការវិនិយោគ​បរទេស​នេះហើយ រដ្ឋាភិបាល បានសម្រេច​ចិត្ត​កែប្រែ​តម្លៃ​ពន្ធ​ដី​ថ្មី​នៅ​ទីក្រុង ដើម្បី​ទាញយក​ថវិកាជាតិ​បន្ថែមទៀត​។​


​ទោះបីជា​យ៉ាងណាក៏ដោយ ការកែប្រែ​តម្លៃ​ពន្ធ​ដី​នេះ ត្រូវបាន​គេ​រំពឹងថា នឹងមាន​ឥទ្ធិពល​ដល់​តម្លៃ​ដី នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​។ គេ​ប៉ាន់ប្រមាណ​ថា តម្លៃ​ដី​នឹងមាន​ការកើនឡើង​យ៉ាងហោចណាស់​ចំនួន​៣០% លើស​តម្លៃ​ដីកា​លពី​ឆ្នាំ​កន្លងទៅ​។ ស្វែងរ​យល់​ពី​ពន្ធ​លើ​អចលនទ្រព្យ​។ 
 
​យោងតាម​សេចក្តីប្រកាស ស្តីពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ បាន​ចាត់​យក​ខណ្ឌ​បួន​ចូល​ជា​តំបន់​មួយ​។ ខណ្ឌ​ទាំង​បួន​នោះ រួមមាន ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌដូនពេញ និង​ខណ្ឌ​៧​មករា​។​
 
​សូមបញ្ជាក់​ផងដែរ​ថា តម្លៃ​ពន្ធ​ថ្មី​នេះ មានតម្លៃ​ប្រកៀក​គ្នា ទៅនឹង​តម្លៃ​ជាក់ស្តែង ក្នុង​ទីផ្សារ ដែល​អាច​ស្មើនឹង​៧០ ឬ ៨០% នៃ​តម្លៃ​ជាក់ស្តែង​។​​ ផ្អែក​តាម​សេចក្តីប្រកាស ដី​ដែល​ស្ថិតនៅ​ សងខាង​ផ្លូវ​សំខាន់ៗ ដូចជា​ផ្លូវ​ព្រះ​នរោត្តម ផ្លូវ​ព្រះសីហនុ និង​ផ្លូវ​មុនី​វង្ស មានការ​កើនឡើង​ប្រមាណ​ជាង​៦០%​។ តួយ៉ាង ដី​នៅ​តំបន់​នោះ​តម្រូវ​ឲ្យ​មានការ​បង់ពន្ធ​ត្រឹម ១,៥០០​ដុល្លារ ក្នុងពេល​បច្ចុប្បន្ន ប៉ុន្តែ​វា​នឹង​កើន​ឡើងដល់ ៤,៥០០ ដុល្លារ នៅពេលដែល​គេ​ចាប់ផ្តើម​អនុវត្ត​ប្រកាស​ថ្មី​នោះ​។​
 
​ស្រដៀង​គ្នា​នេះដែរ ដី​នៅ​តំបន់​ផ្សេងៗ ដែល​សម្បូរ​ទៅដោយ​សកម្មភាព​ពាណិជ្ជ​កម្ម និង​សេដ្ឋកិច្ច ក៏មាន​អត្រាកំណើន​ប្រហែល​គ្នា​នេះដែរ ដូចជា​តម្លៃ​ដី​ស្ថិតនៅ​ម្តុំ​ផ្សារ​ថ្មី សូរិយា ផ្សារ​អូ​ឡាំ​ពិ​ច ព្រះ​នរោត្តម សហព័ន្ធរុស្ស៊ី និង​ហ្សា​ល​ដឺ​ហ្គោល ដែលមាន​ការកើនឡើង​លើសពី ៧០% ស្មើនឹង ៤,០០០ ដុល្លារ ក្នុង​មួយ​ម៉ែត​ការ៉េ​។ មិនតែប៉ុណ្ណោះ ដី​នៅ​ម្តុំ​ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ម៉ៅ​សេទុង ផ្លូវ​ត្រសក់ផ្អែម ព្រះស៊ីសុវត្ថិ ផ្លូវ​នេ​រុ បាន​កើន​ដល់​តម្លៃ ៣,០០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។​
 
​តាម​ការ​សង្កេតឃើញ​តម្លៃ​ដែល​ទាប​បំផុត​ក្នុង​តំបន់ ដែលមាន​ខណ្ឌ​ទាំង ៤ នោះ គឺ​យ៉ាងហោចណាស់ ៥០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​ដែរ​។ ទោះបីជា​ការកែប្រែ​តម្លៃ​ពន្ធ​ថ្មី​នេះ អាចជួយ​បំពេញ​ថវិកាជាតិ តែ​វា​ក៏​អាចធ្វើ​ឲ្យ​សកម្មភាព​ពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​តំបន់​ទាំង ៤ នោះ មានតម្លៃ​ខ្ពស់​ហួស​ពី​ធម្មតា ដែល​ធ្វើ​ឲ្យ​វិនិយោគិន​ត្រូវ​គិតគូរ ឲ្យ​បាន​ម៉ត់ចត់ មុន​សម្រេចចិត្ត​ធ្វើ​សកម្មភាព​ពាណិជ្ជ​កម្មណា​មួយ​៕
 
(​ប្រភព​៖ https://www.realestate.com.kh/km/news/Phnom-Penh-property-tax-fees-set-to-increase-then-land-prices-increase/)

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com