ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​ប្រាប់​សិស្ស​កុំ​ឲ្យ​ជិះ​កាត់​ភ្លៀង ឬ​និយាយ​ទូរ​សព្ទ​ពេល​មេឃ​ភ្លៀង ដើម្បី​ជៀសផុត​ពីរ​ន្ទះ និង​ខ្យល់​កន្ត្រាក់​
11, May 2019 , 3:00 pm        
រូបភាព
រូបភាព៖ហ្វេសប៊ុកក្រសួងអប់រំ
រូបភាព៖ហ្វេសប៊ុកក្រសួងអប់រំ
ដោយ:
​ភ្នំពេញ​៖​កន្លងមក​ក្រសួង​អប់រំ បាន​ក្រើនរំលឹក​ឲ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព នាពេល​ដែលមាន​អាកាស​ក្តៅ​ហួតហែង​។ គិត​ត្រឹម​ខែមិថុនា បាតុភូត​នេះ​នៅតែ​បន្ត ដោយមាន​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​ប៉ះពាល់​ដល់​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ​។ ដោយសារ​បាតុភូត​នេះហើយ​ដែល​ក្រសួង​អប់រំ​ចង់​ក្រើនរំលឹក​ដល់​អ្នកគ្រប់គ្រង​គ្រឹះស្ថានសិក្សា​នានា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ត្រូវ​យកចិត្តទុកដាក់​ការពារ​ខ្លួន​ឲ្យ​មែនទែន​។

 
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ពី​វិធានការ​ដើម្បី​ការពារ​ខ្លួន នៅ​ខណៈពេល​មាន​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​មាន​ដុំ​ទឹកកក ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ​។ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា និង​សិស្សានុសិស្ស និស្សិត​ទាំងអស់ មិនត្រូវ​ជិះ​កង់ ម៉ូតូ​ពេល​មេឃ​កំពុង​ភ្លៀង​,​មិនត្រូវ​និយាយ​ទូរ​សព្ទ​ពេលឮ​សំឡេង​ផ្គរ​, មិនត្រូវ​អង្គុយ​នៅក្រោម​ដើមឈើ​,​ត្រូវ​រត់​ចេញពី​កន្លែង​ដែលមាន​ទឹក ឬ​វាលស្រែ​,​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ឧបករណ៍​ដែល​ធ្វើ​ពី​លោហៈនិង​ឧបករណ៍​អគ្គិសនី​គ្រប់​ប្រភេទ​, កុំ​ពាក់​គ្រឿងអលង្ការ​ដែល​ធ្វើ​ពី​លោហៈ​, កុំ​ឈរ​នៅក្បែរ​បង្អួច ឬ​បង្គោល​ភ្លើង ឬ​បង្គោល​អង់​តែ​ន​,​ត្រូវ​ពាក់​ទ្រនាប់ជើង​រាល់ពេល​ចេញ​ដើរ​ទៅណា​។ 
 
​ភ្លៀង ខ្យល់ រន្ទះ និង​ខ្យល់​កន្ត្រាក់​បាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ និង​បំផ្លាញ​ផ្ទះសម្បែង​រាប់ពាន់​ផ្ទះ ដែល​ករណីនេះ​បានកើត​ឡើង​ខ្លាំង​តាំងពី​ខែមករា រហូតដល់​ខែមិថុនា​នេះ​។ 
 
​មូលហេតុ​នេះហើយ​ដែល​ក្រសួង​អប់រំ​ចង់​រំលឹក​ម្តង​ហើយ​ម្តង​ទៀតថា ប្រសិន​ជាមាន​មនុស្ស​ជួប​ករណី​រន្ទះបាញ់​ភ្លាមៗ អ្នក​សង្គ្រោះ​ត្រូវតែ​ពិនិត្យមើល​ចង្វាក់បេះដូង​,  បើ​ជនរងគ្រោះ​មិន​ដកដង្ហើម ត្រូវ​ផ្តុំ​ខ្យល់​ចូល​ដោយ​ប្រើ​មាត់​នឹង​មាត់​ជាមួយ​ជនរងគ្រោះ រហូតដល់​ជនរងគ្រោះ​ដកដង្ហើម​វិញ​, បើ​ជនរងគ្រោះ​គ្មាន​ជីបចរ ត្រូវ​សង្កត់​ដៃ​ទាំងពីរ​លើស​ន្ទះ​ទ្រូង​រហូតដល់​បេះដូង​កម្រើក​, ត្រូវ​ក្រាលកន្ទេល ឬ​បាវ​ឆ្នូត កុំ​ឲ្យ​អ្នកជំងឺ​នៅ​ផ្ទាល់​នឹង​ដី ឬ​ត្រាំ​ទឹក និង​កុំ​ឲ្យ​ជនរងគ្រោះ​ត្រជាក់​ខ្លួន​ពេក​។ 
 
​ក្រសួង​អប់រំ​នៅតែ​ទទូច​ដដែល​ថា បើ​ក្នុងករណី​មាន​ជំងឺ ឬ​ហានិភ័យ​សុខភាព​ក្នុង​រដូវភ្លៀង សូម​រាយការណ៍ និង​ផ្តល់ព័ត៌មាន​តាមរយៈ​បុគ្គលិក​សុខាភិបាល​ដែល​នៅ​ជិត​បំផុត ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ដោះស្រាយ និង​សង្គ្រោះ​ទាន់ពេលវេលា​៕ 
 
 
 

Tag:
 ​ក្រសួង​អប់រំ​
 ​សិស្ស​
 ​អាកាសធាតុ​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com