ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ “​គ្រាប់​ល្ពៅ​” ចំពោះ​សុខភាព
12, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កំពុង​ស្វែងរក​អាហារសម្រន់​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ល្អ​សម្រាប់​សុខភាព​មែន​ទេ​? មិន​ពិបាក​ចំណាយ​ច្រើន ឬ​ទៅណា​ឆ្ងាយ​ឡើយ ក៏​ព្រោះ គ្រាប់​ល្ពៅ គឺជា​អ្វីដែល​អ្នក​កំពុង​រក​នោះ​ហើយ​! ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ និង​ធ្លាប់​ទទួលទាន​គ្រាប់​ល្ពៅ​ជាក់​ជាមិនខាន ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​អំពី​សារធាតុចិញ្ចឹម​សំខាន់ៗ​ដែល​វា​មាន​ផ្ទុក ហើយ​ផ្ដល់​ផល​ល្អ​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​ឡើយ​។


 
​ដូច្នេះ​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការ​ទទួលទាន​គ្រាប់​ល្ពៅ អ្នក​អាច​យក​គ្រាប់​ល្ពៅ​ទៅ​លីង​សិន​មុននឹង​យកមក​ញុាំ ៖
 
១. ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​រលាក​សន្លាក់​
 
​គ្រាប់​ល្ពៅ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក​ដែលមាន​ប្រសិទ្ធិភាព​ដូច​ទៅនឹង​ថ្នាំ​បំបាត់​ការឈឺចាប់ ឬ​ការ​រលាក Indomethacin​។ ថ្នាំ Indomethacin ត្រូវបាន​គេ​ប្រើប្រាស់​ក្នុងការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ដោយ​គ្មាន​ផលប៉ះពាល់​។​
 
២. កាត់បន្ថយ​បញ្ហា​នៃ​អាកា​រៈ​ក្រោយ​អស់​រដូវ​
 
​គ្រាប់​ល្ពៅ មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ phytoestrogens ដែល​ជួយ​បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ហើយ​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​, អា​ការៈឈឺ​ក្បាល​, ក្ដៅខ្លួន​, ឈឺសន្លាក់ និង​រោគសញ្ញា​ក្រោយ​អស់​រដូវ​មួយចំនួនទៀត​នៃ​ស្ត្រី​អស់​រដូវ​។​
 
៣. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​គ្រាប់​ល្ពៅ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស័ង្កសី​ដែល​ដើរតួនាទី​យ៉ាង​ចាំបាច់​ក្នុង​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​
 
៤. សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
 
​គ្រាប់​ល្ពៅ មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេងៗ​ដែល​ជួយ​ទប់​ស្តា​ត់​មិន​ឲ្យ​មានការ​បំផ្លាញ​កោសិកា​ល្អ​ពី​រ៉ាឌីកាល់​សេរី ដូច្នេះ​កោសិកា​មហារីក ឬ​កោសិកា​មិន​ប្រក្រតី មិនអាច​រីកលូតលាស់​បានឡើយ រួមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម phytonutrients  ដែល​បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ និង​សម្រួល​លំហូរ​ឈាម​។ វា​ក៏​ជា​ប្រភព​នៃ​វីតាមីន E និង​អាស៊ីត phenolic acids ដូចជា caffeic, hydroxybenzoic, coumaric, sinapic, ferulic, protocatechuic, vanillic និង syringic acid ដែល​សុទ្ធសឹងតែ​ជា​សមាសធាតុ​ល្អ​សម្រាប់​សុខភាព​រាងកាយ​ទប់ស្កាត់​បញ្ហា​ជំងឺ​ផ្សេងៗ​។​
 
៥. ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B-complex
 
​គ្រាប់​ល្ពៅ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ក្រុម​វីតាមីន B រួមបញ្ចូល​ទាំង riboflavin, thiamin, niacin, vitamin B-6 (pyridoxine), pantothenic acid និង folates ដែល​ដើរតួនាទី​ចាំបាច់​ជួយ​ក្នុង​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​។ ខណៈដែល​សារធាតុ niacin មាន​ប្រសិទ្ធិភាព​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​។​
 
៦. ពង្រឹង​សុខភាព​បេះដូង​
 
​គ្រាប់​ល្ពៅ ក៏​ជា​ប្រភព​ដ៏​សម្បូរ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​ចាំបាច់​សម្រាប់​មុខងារ​សរីរាង្គ​រួមបញ្ចូល​ទាំង​ការបង្កើត​ម៉ូលេគុល​ថាមពល​នៃ​រាងកាយ​, ការ​សំយោគ DNA និង RNA និង DNA, ពង្រឹង​សុខភាព រួមទាំង​ការលូតលាស់​ត្រឹមត្រូវ​នៃ​ឆ្អឹង និង​ធ្មេញ​, ផ្ដល់​ការ​សម្រាក​ដល់​សរសៃឈាម​, ធ្វើ​ឲ្យ​មុខងារ​ពោះវៀន​កាន់តែ​ប្រសើរឡើង ជាពិសេស គឺ​ពង្រឹង​សុខភាព​បេះដូង ហើយ​ថែមទាំង​កម្រិត​ភាពត្រឹមត្រូវ​នៃ​អត្រា​ចង្វាក់បេះដូង​ផងដែរ​។​
 
៧. បង្កើន​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត​
 
​គ្រាប់​ល្ពៅ គឺជា​អាហារ​ធម្មជាតិ​ដ៏​សំខាន់បំផុត​មួយ​សម្រាប់​ទ្រទ្រង់​សុខភាព​បុរស​។ នោះ​ក៏​ព្រោះតែ​បរិមាណ​នៃ​ជាតិ​ស័ង្កសី​ដែល​វា​មាន​ផ្ទុក គឺ​ចាំ​ណាស់​សម្រាប់​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត​។​
 
៨. ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​
 
​គ្រាប់​ល្ពៅ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​រក្សា​សុខភាព​សាច់ដុំ​រឹងមាំ​, រក្សា​តុល្យភាព​នៃ​ជាតិ​រ៉ែ​សំខាន់ៗ​, គ្រប់គ្រង​សារធាតុ​រាវ​ក្នុង​រាងកាយ រួមទាំង​កម្រិត​ត្រឹមត្រូវ​នៃ​សម្ពាធ​ឈាម​។​តាមរយៈ​បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​វា​មាន​ផ្ទុក គ្រាប់​ល្ពៅ ក៏​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម និង​ការបាត់បង់​ម៉ាស​នៃ​ឆ្អឹង​តាម​វ័យ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com