កីឡាជាតិ
ជាតិ
អត្តពលិក២១ប្រទេស បានចុះឈ្មោះរត់ប្រណាំង អបអរខួបចម្រើនព្រះជន្មសម្តេចយាយ
× នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិ ការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ ដើម្បីអបអរខួបចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងស្វែងរកមូលនិធិសប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផា។ អត្តពលិកជាង២ពាន់នាក់មកពី២១ប្រទេសហើយ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ។ ជាមួយការអំពាវនាវឲ្យអ្នករត់រួសរាន់មកចុះឈ្មោះ ថ្នាក់ដឹកនាំរំពឹងអាចទាក់ទាញអ្នកចូលរួមជាង៥ពាន់នាក់នៅឆ្នាំនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ឧសភា ឆ្នាំ២០១៩ មានអត្តពលិកជាង២ពាន់នាក់មកពី២១ប្រទេសហើយបានចុះឈ្មោះចូលរួមរត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។ ចំនួននេះអាចមានការប្រែប្រួល ខណៈការចុះឈ្មោះបន្តរហូតជិតដល់ថ្ងៃប្រកួតតែម្តង។ តែយ៉ាងណាអគ្គលេខាធិការរូបនេះ ជំរុញអ្នកដែលមានបំណងចង់ចូលរួម ត្រូវរួសរាល់មកចុះឈ្មោះឲ្យបានឆាប់ ដើម្បីបង្កភាពងាយស្រួលក្នុងការរៀបចំសម្ភារផ្សេងៗ ដែលបម្រើឲ្យការប្រកួត។
លោក វ៉ាត់ ចំរើន ថ្លែងក្នុងសន្និសីទសសារព័ត៌មានស្តីពីព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ
ព្រឹត្តិការណ៍រត់ប្រណាំងនេះធ្វើឡើងក្រោមពាក្យស្លោក«ទាំងអស់គ្នារត់ឆ្ពោះទៅ SEA Games 2023» ហើយពាក្យស្លោកនេះនឹងប្រើប្រាស់រហូតដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ ជាមួយការប្រើប្រាស់ពាក្យស្លោកថ្មី លោក វ៉ាត់ ចំរើន រំពឹងថា ព្រឹត្តិការណ៍នេះនឹងអាចទាក់ទាញអត្តពលិកជាង៥ពាន់នាក់ឲ្យចូលរួមនៅឆ្នាំនេះ។ ក្នុងចំណោមអត្តពលិកទាំង២១ប្រទេសខាងលើ ជប៉ុនឈរលំដាប់ទី១ ដែលមានអត្តពលិកចូលរួមច្រើនជាងគេ ដែលឈរពីក្រោយជាបន្តបន្ទាប់ដោយឥណ្ឌូណេស៊ី និងចិន។
អ្នកចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមតែបានចូលរួមអបអរបុណ្យខួបចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្ត មុនីនាថ សីហនុ ប៉ុណ្ណោះទេ លើសពីនេះពួកគេបានចូលរួមក្នុងសកម្មភាពអំពើមនុស្សធម៌ថែមទៀតផង។ ព្រោះថវិកា ដែលបានពីការចុះឈ្មោះចូលរួមរបស់អត្តពលិក នឹងយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្រោយទូទាត់ការចំណាយរួចរាល់។ ជាក់ស្តែងកាលពីឆ្នាំមុនព្រឹត្តិការណ៍នេះនៅសល់ថវិកាជាង១ម៉ឺនដុល្លារ ដែលនឹងយកទៅប្រគល់ជូនមន្ទីរគន្ធបុប្ផាក្នុងពេលឆាប់ៗខាងមុខនេះ។
មួយវិញទៀត ការបង្កើនមិត្តភាព សាមគ្គីភាព និងបំផុសស្មារតីឲ្យប្រជាពលរដ្ឋយល់ដឹងពីបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាតំបន់ទេសចរណ៍នៅកម្ពុជា ក៏ស្ថិតក្នុងគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះដែរ។ បន្ថែមលើនេះ គឺដើម្បីផ្តល់ភាពសប្បាយរីករាយ និងសុខភាពល្អជូនប្រជាពលរដ្ឋ។
បើតាមលោក សែម ផល្លា នាយកគ្រប់គ្រងព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុន និងម៉ារ៉ាតុនអន្តរជាតិ ផ្លូវរត់ឆ្នាំនេះមានលក្ខណៈខុសប្លែកពីឆ្នាំមុខ។ ខុសប្លែកត្រង់ឆ្នាំនេះ អត្តពលិកទាំងអស់ត្រូវរត់ឆ្លងកាត់ស្ពានមិត្តកម្ពុជា-ជប៉ុន(ស្ពានជ្រោចង្វារទី១) បន្ទាប់ពីស្ពាននេះបានជួលជុលរួចរាល់ និងដាក់ឲ្យប្រើប្រាស់កាលពីអំឡុងខែមេសា ឆ្នាំ២០១៩។
លោក សែម ផល្លា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ
ដើម្បីជួយសម្រួល ក៏ដូចជារក្សាការពារសន្តិសុខសុវត្ថិភាពជូនអត្តពលិកជាតិ និងអន្តរជាតិ គណៈកម្មការរៀបចំការប្រកួតសហការជាមួយសាលារាជធានីភ្នំពេញ នឹងបិទផ្លូវមួយចំនួនទាំងស្រុង ឬពាក់កណ្តាលក្នុងអំឡុងពេលប្រកួត។ នៅតាមដងផ្លូវរត់មានដាក់ពង្រាយស្តង់ផ្តល់ទឹក និងស្តង់ពេទ្យនិងឡានពេទ្យ សម្រាប់ត្រៀមជួយសង្គ្រោះអត្តពលិកពេលមានបញ្ហា។ មិនខុសពីឆ្នាំមុននោះទេ ឆ្នាំនេះអត្តពលិកត្រូវប្រកួតប្រជែងលើ៣វិញ្ញាសាដដែល គឺរត់ចម្ងាយ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ៕
Tag:
រត់ប្រណាំង
វ៉ាត់ ចំរើន
ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុន
© រក្សាសិទ្ធិដោយ thmeythmey.com