កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​២១​ប្រទេស បាន​ចុះឈ្មោះ​រត់ប្រណាំង អបអរ​ខួប​ចម្រើន​ព្រះជន្ម​សម្តេច​យាយ​
11, May 2019 , 7:29 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិ ការណ៍​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ ដើម្បី​អបអរ​ខួប​ចម្រើន​ព្រះជន្ម​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​ស្វែងរក​មូលនិធិ​សប្បុរសធម៌​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ អត្ត​ព​លិ​កជាង​២​ពាន់​នាក់​មកពី​២១​ប្រទេស​ហើយ បាន​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​នេះ​។ ជាមួយ​ការអំពាវនាវ​ឲ្យ​អ្នករត់​រួសរាន់​មក​ចុះឈ្មោះ ថ្នាក់ដឹកនាំ​រំពឹង​អាច​ទាក់ទាញ​អ្នកចូលរួម​ជាង​៥​ពាន់​នាក់​នៅ​ឆ្នាំនេះ​។

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៧ ឧសភា ឆ្នាំ​២០១៩ មាន​អត្ត​ព​លិ​កជាង​២​ពាន់​នាក់​មកពី​២១​ប្រទេស​ហើយ​បាន​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។ ចំនួន​នេះ​អាចមាន​ការប្រែប្រួល ខណៈ​ការចុះឈ្មោះ​បន្ត​រហូត​ជិត​ដល់​ថ្ងៃ​ប្រកួត​តែម្តង​។ តែ​យ៉ាងណា​អគ្គលេខាធិការ​រូបនេះ ជំរុញ​អ្នក​ដែលមាន​បំណង​ចង់​ចូលរួម ត្រូវ​រួស​រាល់​មក​ចុះឈ្មោះ​ឲ្យ​បាន​ឆាប់ ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​រៀបចំ​សម្ភារ​ផ្សេងៗ ដែល​បម្រើ​ឲ្យ​ការប្រកួត​។​


លោក វ៉ាត់ ចំរើន ថ្លែងក្នុងសន្និសីទសសារព័ត៌មានស្តីពីព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ 
 
​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​ធ្វើឡើង​ក្រោម​ពាក្យស្លោក​«​ទាំងអស់គ្នា​រត់​ឆ្ពោះទៅ SEA Games 2023» ហើយ​ពាក្យស្លោក​នេះ​នឹង​ប្រើប្រាស់​រហូតដល់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ ជាមួយ​ការប្រើប្រាស់​ពាក្យស្លោក​ថ្មី លោក វ៉ា​ត់ ចំរើន រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​អាច​ទាក់ទាញ​អត្ត​ព​លិ​កជាង​៥​ពាន់​នាក់​ឲ្យ​ចូលរួម​នៅ​ឆ្នាំនេះ​។ ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង​២១​ប្រទេស​ខាងលើ ជប៉ុន​ឈរ​លំដាប់​ទី​១ ដែលមាន​អត្ត​ព​លិ​ក​ចូលរួម​ច្រើនជាងគេ ដែល​ឈរ​ពីក្រោយ​ជា​បន្តបន្ទាប់​ដោយ​ឥណ្ឌូណេស៊ី និង​ចិន​។ 
 
​អ្នកចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​បាន​ចូលរួម​អបអរ​បុណ្យខួប​ចម្រើន​ព្រះជន្ម​សម្តេចព្រះ​មហាក្សត្រី ន​រោ​ត្ត មុនីនាថ សីហនុ ប៉ុណ្ណោះ​ទេ លើសពីនេះ​ពួកគេ​បាន​ចូលរួម​ក្នុង​សកម្មភាព​អំពើ​មនុស្សធម៌​ថែម​ទៀតផង​។ ព្រោះ​ថវិកា ដែល​បាន​ពី​ការចុះឈ្មោះ​ចូលរួម​របស់​អត្ត​ព​លិ​ក នឹង​យកទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ក្រោយ​ទូទាត់​ការចំណាយ​រួចរាល់​។ ជាក់ស្តែង​កាលពី​ឆ្នាំមុន​ព្រឹត្តិការណ៍​នេះ​នៅសល់​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ ដែល​នឹង​យកទៅ​ប្រគល់ជូន​មន្ទីរ​គន្ធបុប្ផា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​
 
​មួយវិញទៀត ការបង្កើន​មិត្តភាព សាមគ្គីភាព និង​បំផុសស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​បរិស្ថាន និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​នៅ​កម្ពុជា ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះដែរ​។ បន្ថែម​លើ​នេះ គឺ​ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ និង​សុខ​ភាពល្អ​ជូន​ប្រជាពលរដ្ឋ​។​
 
​បើតាម​លោក សែម ផល្លា នាយក​គ្រប់គ្រង​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន និង​ម៉ារ៉ាតុន​អន្តរជាតិ ផ្លូវ​រត់​ឆ្នាំនេះ​មាន​លក្ខណៈ​ខុសប្លែក​ពី​ឆ្នាំ​មុខ​។ ខុសប្លែក​ត្រង់​ឆ្នាំនេះ អត្ត​ព​លិ​ក​ទាំងអស់​ត្រូវ​រត់​ឆ្លងកាត់​ស្ពាន​មិត្ត​កម្ពុជា​-​ជប៉ុន​(​ស្ពាន​ជ្រោ​ចង្វារ​ទី​១) បន្ទាប់ពី​ស្ពាន​នេះ​បាន​ជួលជុល​រួចរាល់ និង​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៩​។​


លោក សែម ផល្លា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ
 
​ដើម្បី​ជួយ​សម្រួល ក៏ដូចជា​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ នឹង​បិទផ្លូវ​មួយចំនួន​ទាំងស្រុង ឬ​ពាក់កណ្តាល​ក្នុងអំឡុងពេល​ប្រកួត​។ នៅតាម​ដងផ្លូវ​រត់​មាន​ដាក់ពង្រាយ​ស្តង់​ផ្តល់​ទឹក និង​ស្តង់​ពេទ្យ​និង​ឡានពេទ្យ សម្រាប់​ត្រៀម​ជួយសង្គ្រោះ​អត្ត​ព​លិ​ក​ពេល​មាន​បញ្ហា​។  មិន​ខុសពី​ឆ្នាំមុន​នោះទេ ឆ្នាំនេះ​អត្ត​ព​លិ​ក​ត្រូវ​ប្រកួតប្រជែង​លើ​៣​វិញ្ញាសា​ដដែល គឺ​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​៕    


  
 

Tag:
 រត់ប្រណាំង​
  វ៉ា​ត់ ចំរើន​
  ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុន​
© រក្សាសិទ្ធិដោយ thmeythmey.com