ជាតិ
ក្រសួងទេសចរណ៍ នឹងចាត់វិធានការចំពោះក្រុមហ៊ុនអាកាសចរណ៍ ដែលលុបនិងពន្យារពេលហោះហើរញឹកញាប់
× ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង នឹងចាត់វិធានការចំពោះក្រុមហ៊ុនទេសចរណ៍ណា ដែលលុបចោលនិងពន្យារពេលហោះហើររឿយៗ ដែលបង្កឲ្យមានការរិះគន់ពីសំណាក់ភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរ ។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ធ្លាប់មានអ្នកធ្វើដំណើរនិងភ្ញៀវទេសចររិះគន់ដោយផ្ទាល់និងប្រយោលចំពោះក្រុមហ៊ុនអាកាសចរណ៍មួយនៅកម្ពុជា ឧស្សាហ៍លុបចោលជើងហោះហើរនិងពន្យារពេល។ រដ្ឋមន្ត្រីបានប្រកាសថា នាពេលខាងមុខ គណៈកម្មការអន្តរក្រសួងនឹងកោះប្រជុំជាមួយក្រុមហ៊ុនមួយនេះ និងក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះ រួមជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា ឬក៏ចាត់វិធានការណាមួយចំពោះបញ្ហាច្រំដែលៗនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី១០ ឧសភា ថា បញ្ហាលុបចោលនិងពន្យារពេលនេះ ធ្វើឲ្យភ្ញៀវធ្វើដំណើរមិនពេញចិត្ត ខណៈមន្ត្រីថ្នាក់ដឹកនាំភាគច្រើន ក៏តែងតែជួបបញ្ហានេះផងដែរ។ ជាពិសេសធ្វើឲ្យខកការប្រជុំគម្រោងផែនការធំៗ ដល់អ្នកធ្វើដំណើរទៀតផង។
រូបភាពពីក្រសួងទេសចរណ៍
ជុំវិញបញ្ហានេះ លោក តុប សុភ័ក អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(Thmey Thmey) ថា គណៈកម្មការសម្របសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនទេសចរណ៍ នឹងកោះហៅក្រុមហ៊ុនអាកាសចរណ៍ ដែលឧស្សាហ៍លុបការហោះហើរនិងពន្យារពេលមកណែនាំ។ លោក តុប សុភ័ក មានប្រសាសន៍ថា៖ «ណែនាំក្រុមហ៊ុនអាកាសចរណ៍ណា ដែលឧស្សាហ៍លុបការហោះហើរនិងពន្យារពេលមកណែនាំ ប្រសិនបើនៅតែមានករណីនេះកើតឡើង និងមានការចាត់វិធានបន្តទៀត។ ចំពោះវិធានការយ៉ាងណាគណៈកម្មការសម្របសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនទេសចរណ៍ នឹងមានការប្រជុំពិភាក្សាក្នុងពេលឆាប់ៗខាងមុខនេះ»។
លោក តុប សុភ័ក ដែលបានបន្ថែមថា ក្រុមការងារពាក់ព័ន្ធនឹងខិតខំដោះស្រាយបញ្ហានេះ ដល់អ្នកដំណើរនិងភ្ញៀវទេសចរ ៕
Tag:
ហោះហើរ
ក្រុមហ៊ុនអាកាសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com