តើ​បញ្ហា​អ្វី​នឹង​កើតឡើង បើ​សត្វ​ឃ្មុំ​ដាច់​ពូជ​ពី​ផែនដី​?
អន្តរជាតិ
តើ​បញ្ហា​អ្វី​នឹង​កើតឡើង បើ​សត្វ​ឃ្មុំ​ដាច់​ពូជ​ពី​ផែនដី​?
11, May 2019 , 8:29 pm        
រូបភាព
​ដោយ​៖ យ៉​ន សុខន​
 
 
​សត្វ​ឃ្មុំ​ត្រូវបាន​គេ​ចាត់ទុកថា​ជាស​ត្វ​ដែល​អាច​បង្ក​គ្រោះថ្នាក់ ប៉ុន្តែ​សត្វ​នេះ​មាន​ប្រយោជន៍​ច្រើនយ៉ាង​។ បើសិនជា​សត្វ​នេះ​ដាច់​ពូជ​វិញ​នោះ ពិភពលោក​ក៏​នឹង​ប្រឈម​បញ្ហា​ធំ​ដែរ​។

​ឃ្មុំ​ជា​ប្រភេទ​សត្វល្អិត​មាន​ប្រយោជន៍ ដែល​គេ​មិន​ធ្លាប់​នឹកស្មាន​ដល់​។ ក្រៅពី​ផ្តល់​ក្រមួន និង​ទឹកឃ្មុំ   សត្វល្អិត​ប្រភេទ​នេះ ដើរតួ​ជា​លំអង​ករ​ឬ​អ្នក​នាំ​លំអង​ដ៏​សំខាន់​នៅក្នុង​ដំណើរ​លំអង​កាត់​របស់​រុក្ខជាតិ មាន​ផ្កា​នៅលើ​ភពផែនដី​។​
 
​បើតាម​សារព័ត៌មាន​អង់គ្លេស BBC ពពួកសត្វ​ល្អិត​ប្រភេទ​នេះ ជា​អ្នក​ផ្ទេរ​លំអង​នៅក្នុង​៧០%​នៃ​ប្រភេទ រុក្ខជាតិ​ដំណាំ​ទាំងអស់ ដែល​ចិញ្ចឹម​៩០%​នៃ​ប្រជាជន​ពិភពលោក​។ បើ​គិត​ជា​តម្លៃ​វិញ ឃ្មុំ​ជា​អ្នក​នាំ លំអង​នៅក្នុង​ដំណាំ​ដែលមាន​តម្លៃ​សរុប​៣០​ពាន់​លាន​ដុល្លា​ក្នុង​មួយឆ្នាំៗ​។​
 
​ជាការ​ពិតណាស់ ប្រសិនបើ​សត្វ​ឃ្មុំ​ដាច់​ពូជ ពិភពលោក​នឹង​បាត់បង់​គ្រប់​ប្រភេទ​រុក្ខជាតិ ដែល​ឃ្មុំ​នាំ​លំអង​។ មិនតែប៉ុណ្ណោះ ប្រភេទ​សត្វ​ដែល​ស៊ី​រុក្ខជាតិ​ជា​អាហារ​ក៏ត្រូវ​បាត់បង់​ដែរ​គួបផ្សំ​ជាមួយ​ការប៉ះពាល់​ដល់​ខ្សែ​អាហារ​។ ការណ៍​នេះ មានន័យថា​ពិភពលោក​ត្រូវ​ប្រឈម​ជាមួយ នឹង​កង្វះ​អាហារ​ក្នុងការ​ចិញ្ចឹម​ប្រជាជន​ទូទាំង​ពិភពលោក​ដែល​សព្វថ្ងៃ​មាន​ប្រហែល ប្រាំពីរ​ពាន់​លាន​នាក់​។​
 
​ចំណែក​នៅតាម​បណ្តា​ផ្សារ​ទំនើប​នានា​វិញ បរិមាណ​នៃ​ផ្លែឈើ​និង​បន្លែ​នឹងមាន​ការថយចុះ​ពាក់ កណ្តាល បើ​ធៀប​នឹង​បរិមាណ​ដែល​ធ្លាប់​ដាក់លក់​ពីមុន​។​
 
​គួរ​បញ្ជាក់ថា នាពេល​បច្ចុប្បន្ននេះ ពិភពលោក​កំពុងស្ថិត​នៅក្នុង​ហានិភ័យ ដោយសារតែ​សត្វ​ឃ្មុំ កំពុងតែ​បាត់បង់​នៅក្នុង​អត្រា​មួយ​គួរឱ្យ​ព្រួយបារម្ភ​។ ការបាត់បង់​នេះ បណ្តាលមកពី​កត្តា​ផ្សេងៗ ដូចជា​ការបាត់បង់​វាល​ផ្កា ការគំរាមកំហែង​ពី​សំណាក់​ភាវៈរស់​ផ្សេងៗ បម្រែបម្រួល​អាកាសធាតុ និង​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម​៕
 

Tag:
 ឃ្មុំ​
  ខ្សែ​អាហារ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម