ជាតិ
សត្វ​ត្រដក់​តូច​៥​ក្បាល រស់នៅ​មណ្ឌលគិរី ត្រូវបាន​បញ្ជូនទៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​នៅ​សៀមរាប​វិញ​
11, May 2019 , 9:29 pm        
រូបភាព
រូបភាពពី​ទំព័រហ្វេសប៊ុក USAID
រូបភាពពី​ទំព័រហ្វេសប៊ុក USAID
​ភ្នំពេញ​៖ កាលពី​ចុងខែ​មេសា អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) និង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បញ្ជូន​សត្វ​ត្រដក់​តូច​ចំនួន  ៥​ក្បាល​ពី​ខេត្តមណ្ឌលគិរី ទៅកាន់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ ដែលជា​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​នៅ​ខេត្តសៀមរាប​។ សត្វ​ត្រដក់​តូច​ទាំងនេះ ត្រូវបាន​រឹបអូស​ដោយ​ឧ​ទ្យា​នុ​រក្ស​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​ខ្លះទៀត សហគមន៍​នៅក្នុង​តំបន់​នោះ បាន​យកមក​ប្រគល់​ឲ្យ ក្រោយ​ពួកគេ​យកទៅ​ចិញ្ចឹម​ជាការ​កម្សាន្ត​។ បច្ចុប្បន្ន សត្វ​ត្រដក់​តូច​ទាំង ៥​ក្បាល​នេះ កំពុង​រស់នៅ​ក្រោម​ការ​ថែទាំ​របស់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​នៅឯ​ខេត្តសៀមរាប​។


 
​សត្វ​ត្រដក់​តូច ជា​ប្រភេទ​សត្វ​ស្លាប​ងាយ​ទទួលរង​គ្រោះ ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។ សត្វ​ត្រដក់​នេះ មាន​កម្ពស់ ១២០​សង់ទីម៉ែត្រ និង​មាន​ទម្ងន់ ៦​គីឡូក្រាម ស្ថិតក្នុង​អម្បូរ​សត្វ​ក្រសា​។ សត្វ​ប្រភេទ​នេះ ចូលចិត្ត​រស់នៅ​ជុំវិញ​តំបន់ដីសើម ហើយ​អាហារ​របស់​វា​មានដូចជា ត្រី​, កង្កែប​, ល្មូ​ន​, ប្រភេទ​សត្វ​ឥត​ឆ្អឹងខ្នង​, សត្វ​កកេរ និង​ថនិកសត្វ​តូចៗ​។​


រូបភាពពី​ទំព័រហ្វេសប៊ុក USAID
 
​នៅ​ចុងខែ​មេសា​នេះ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) និង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី  បាន​យក​សត្វ​ត្រដក់​តូច​ទាំង ៥​ក្បាល ដែល​រឹបអូស​ពី​ប្រជាពលរដ្ឋ​ដែល​យកទៅ​ចិញ្ចឹម​ជាការ​កម្សាន្ត ទៅ​ប្រគល់ជូន​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​។ សត្វ​ត្រដក់​តូច​ទាំងនេះ ត្រូវបាន​បញ្ជូន​តាមរ​ថ​យន្ត​ពី​ខេត្តមណ្ឌលគិរី ទៅកាន់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ ដែលជា​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ ស្ថិតនៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​


រូបភាពពី​ទំព័រហ្វេសប៊ុក USAID
 
​សូមបញ្ជាក់ថា សត្វ​ត្រដក់​តូច កំពុង​រង​ការគំរាមកំហែង​ដោយសារ​ការ​បរបាញ់​នៅក្នុង​តំបន់ និង​នៅ​ទូទាំងប្រទេស រួមទាំង​ការធ្វើ​ពាណិជ្ជកម្ម​ជាដើម​។ ចំនួន​សត្វ​នេះ នៅលើ​ពិភពលោក​កំពុងតែ​ថយចុះ តាម​ការប៉ាន់ស្មាន​សត្វ​ត្រដក់​ប្រភេទ​នេះ មាន​នៅសល់​ចំនួន​ចន្លោះ​ពី ៥.៥០០ ទៅ ១០.០០០​ក្បាល​ប៉ុណ្ណោះ​។ នេះ​បើតាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS៕
 

Tag:
 សត្វ​ត្រដក់​តូច​
  មណ្ឌលគិរី​
  សៀមរាប​
  WCS
  អភិរក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com